កំពង់ឆ្នាំង៖ នៅដើមរដូវចាប់ពីថ្ងៃមួយកើតខែបុស្សរហូតមកដល់ពេលនេះ ជាពេលត្រីកំពុងសំបូរខ្លាំង គេឃើញមានប្រជាពលរដ្ឋ ដែលរស់នៅតាមនិគមភូមិស្រុកឆ្ងាយៗពីដែននេសាទ បាននាំគ្នាសម្រុកចុះមកទិញត្រីធ្វើប្រហុក ផ្អក និង ត្រីឆ្អើរ ដើម្បីត្រៀមទុកសម្រាប់ការហូបចុក នារដូវបង្ករបង្កើនផលឆ្នាំក្រោយបន្ត។នៅថ្ងៃនេះទិដ្ឋភាពប្រជាពលរដ្ឋនៅភូមិកំពង់ប្រាសាទ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទាំងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋមកពីបណ្តារស្រុកខេត្តផ្សេងៗជាច្រើនបាននឹងកំពុងសម្រុកធ្វើត្រីប្រហុកយ៉ាងញាប់ដៃញាប់ដើម្បីឲ្យទាន់រដូវត្រីត្រូវ(ត្រីសំបូរ)ក្នុងខ្នើតខែនេះ។
លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងបានអោយដឹងថា គិតត្រឹមថ្ងៃទី៨កើតខែបុស្សនេះ តម្លៃត្រីប្រហុកគឺចន្លោះពី១០០០ ទៅ១៥០០រៀល(ត្រីរៀល ត្រីលិញ) ចំពោះត្រីប្រភេទលេខ២ តម្លៃចន្លោះពី២៥០០រៀល ទៅ៣០០០រៀល (ត្រីច្រកែង ត្រីឆ្ពិន) និងត្រីប្រភេទលេខ៣ តម្លៃចន្លោះពីមួយម៉ឺនរៀលទៅមួយម៉ឺនប្រាំពាន់រៀលក្នុងមួយគីឡូ (ត្រីឆ្កោក)។ សម្រាប់តម្លៃត្រីប្រហុកធ្វើហើយប្រឡាក់អំបិលរួច១គីឡូក្រាមថ្លៃ១៩០០រៀលទៅ២០០០រៀល ត្រីធ្វើហើយ (កាត់ក្បាលរួច) ថ្លៃ១៣០០រៀល ។
លោកនាយខណ្ឌរដ្ឋបាលជលផលរូបនេះបានឲ្យដឹងទៀតថា ក្នុងពេលដែលត្រីសំបូរខ្លាំងតម្លៃត្រីនៅលើទីផ្សារ ក៏ធ្លាក់ចុះដែរ ដូចនេះប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើប្រហុកផ្អក ត្រៀមទុកសម្រាប់ហូបចុកនាឆ្នាំក្រោយ សូមប្រញាប់រួសរាន់ ចុះមកធ្វើនៅតាមទីតាំង ដែលខណ្ឌរដ្ឋបាលជលផល បានរៀបចំ ពីព្រោះនៅក្នុងខ្នើតនេះត្រីអាចត្រូវក្នុងរយៈពេលពី៣ទៅ៤ថ្ងៃទៀតតែប៉ុណ្ណោះ។ លោកបន្តថា បើទុកណាឡូត៍នេសាទក្នុងខេត្តត្រូវបានរាជរដ្ឋាភិបាលដកហូតពីដង្ខៅ មកកាន់កាប់ឡូត៍ទាំងអស់ក៏ពិតមែន ប៉ុន្តែរដូវធ្វើត្រីប្រហុកនៅតែសម្បូរ និងកើនឡើងផ្ទុយពីការរំពឹងទុក ។មន្រ្តីរូបនេះបញ្ជាក់ ថ្វីបើឆ្ងាយពីទីរួមខេត្តបន្តិចមែន ប៉ុន្តែការស្នាក់នៅធ្វើត្រីប្រហុករបស់ប្រជាពលរដ្ឋកន្លងមកនៅទីនោះ គឺមានសុវត្ថិភាពល្អ ព្រោះអាជ្ញាធរបានយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ និងការពារឱ្យមានសន្តិភាព ។ចំពោះមូលហេតុដែលឆ្នាំនេះ ខេត្តកំពង់ឆ្នាំងមានត្រីសម្រាប់ធ្វើប្រហុកយ៉ាងសម្បូរបែបនេះត្រូវបានអ្នកភូមិប្រាប់ថា មកពីបទល្មើសនេសាទឆ្នាំនេះរៀងថយចុះធ្វើឲ្យត្រីមានឱកាសពងកូនបានច្រើនជាងឆ្នាំកន្លងទៅ ។
ស្ត្រីឈ្មោះយ៉ោម បឿន អាយុ៥៥ឆ្នាំ មកពីភូមិរលាំងកែ ឃុំចែងម៉ែង ស្រុកទឹកផុស បាននិយាយថា កាលពីឆ្នាំទៅគាត់ដាក់លុយ១០ម៉ឺនរៀលមកទិញត្រីប្រហុកបានតែ១ធុងស្ពេត្រូទេ ឆ្នាំនេះគាត់ទិញបានលើទ្វេដងគាត់សូមអរគុណដល់ប្រមុខរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន ដែលធ្វើការកែទម្រង់ឱ្យត្រីទឹកសាបសម្បូរឡើងវិញ គាត់ត្រេកអរណាស់ ហើយសុំឲ្យព្រឹត្តការណ៍នេះស្ថិតស្ថេររហូត ដើម្បីឲ្យផលមច្ឆាជាតិរបស់យើងកាន់តែសម្បូរដូចដែលយើងធ្លាប់មានពីមុនមក៕ ដោយ៖ ស.ស្អាត