ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ប្រកាសពីការផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន នៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តការងារជួសជុល ថែទាំ និងផ្លាស់ប្តូរបរិក្ខារប្រព័ន្ធបណ្តាញចែកចាយ។ការផ្តាច់ភ្លើងនោះ ចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករានេះ រហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០១៤ ទៅតាមពេលវេលា និងទីកន្លែង ដែលអគ្គិសនីកម្ពុជា បានកំណត់។យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ ចុះហត្ថលេខាដោយលោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជាបញ្ជាក់ថា អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតំបន់ភ្លើងមួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖
១- នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០១៤ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី៖ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ២ រសៀល នៅតំបន់ភ្លើងលេខ ប.ត. ១៣៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៣៥១ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រួមទាំងតំបន់ភ្លើងលេខ P331 ស្ថិតនៅភូមិទួលគោក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ រសៀល នៅតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចាប់ពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ភូមិថ្នល់ទទឹង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
២- ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០១៤ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី គឺចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅភូមិគោករកា ភូមិច្រេស ភូមិត្រពាំងពោធិ៍ ភូមិកប់ស្រូវ ក្នុងសង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ និងចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ២ រសៀល នៅតំបន់ភ្លើងលេខ ប.ត. ០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រួមទាំងតំបន់ភ្លើងលេខ ប.ត. ២៨៩ ស្ថិតនៅតាមបណ្តោយវិថីព្រះសីហនុ ក្នុងសង្កាត់វាលវង្ស ខណ្ឌ ៧ មករា និងចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ រសៀល នៅតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅភូមិរោងចក្រ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣-ថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០១៤ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ នៅតំបន់ភ្លើងលេខ ប.ត. ៧៥៣ P៥៦៩ P៥៧០ P៦៣៦ និងP១១១៤ ស្ថិតនៅតាមបណ្តោយផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ និងចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ ល្ងាច នៅតំបន់ភ្លើងមួយចំនួន ដែលស្ថិតនៅភូមិត្រពាំងក្រសាំង ក្នុងសង្កាត់ត្រពាំងក្រសាំង ភូមិកន្ទោក ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៤- ពីថ្ងៃព្រហស្បតិ៍ ទី១៦ រហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០១៤ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិតាងូវ ដែលប្រើប្រាស់អគ្គិសនីចេញពីបន្ទប់ភ្លើងលេខ ប.ត. ៣០៦ ក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក កែវ រតនៈ បានមានប្រសាសន៍នាពេលកន្លងមកនេះថា តម្រូវការថាមពលបន្ថែមនេះ មិនមែនមានតែប្រទេស កម្ពុជា មួយទេ ពោលគឺ មាននៅស្ទើរគ្រប់បណ្តាប្រទេស ដែលជាសមាជិកអាស៊ានទាំងអស់ ក្នុងនោះរាប់ទាំង ប្រទេសវៀតណាម និងប្រទេសថៃ ដែលជាអ្នកលក់ ថាមពលមកឱ្យប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះផងដែរ ព្រោះថា សព្វថ្ងៃនេះ ការកើនឡើង នៃចំនួនប្រជាពលរដ្ឋ ហើយនិងកំណើនសេដ្ឋកិច្ចនៅក្នុងបណ្តា ប្រទេសទាំងនោះ កំពុងជំរុញឱ្យមានតម្រូវការនៃការ ប្រើប្រាស់ផ្នែកថាមពលនេះកាន់តែច្រើនឡើង។
គួររម្លឹកឱ្យដឹងផងដែរថា ដើម្បីដោះស្រាយបាន បញ្ហាប្រឈមនៃកង្វះខាតថាមពលដែលអាចមាន នៅក្នុងពេលខាងមុខ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល និងសភាជាតិ នៃប្រទេសកម្ពុជា បានធ្វើការអនុម័ត ឱ្យមានការសាងសង់ទំនប់វារីអគ្គិសនីសេសាន ក្រោម២ ដែលមានអានុភាពអាចផ្តល់ថាមពលសរុបប្រមាណជា៤០០ មេហ្គាវ៉ាត់ ទៅឱ្យក្រុមហ៊ុនឯកជនធ្វើការវិនិយោគបន្ថែមលើគម្រោងទំនប់ធំៗចំនួន៦ដែលធ្លាប់ត្រូវបានផ្តល់អាជ្ញាប័ណ្ណឱ្យធ្វើការវិនិយោគនៅក្នុងរយៈពេលកន្លងមក៕
ដោយៈ ភីនរ៉ា