ភ្នំពេញ៖ លោក សោម សារ៉េត អធិការរងក្រុងសិរីសោភណ្ឌទទួលបន្ទុកសណ្តាប់ធ្នាប់ បានឲ្យដឹងកាលពីថ្ងៃអង្គារថាហេតុការណ៍អគ្គីភ័យគួរឲ្យរន្ធត់មួយត្រូវបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី២១ ខែមករាស្ថិតនៅចំណុចភូមិគោដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកបន្តថា អគ្គីភ័យបានឆាបឆេះអស់រយៈពេល១ម៉ោងទើបរលត់ហើយវាបានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន៧ខ្នងប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សណាម្នាក់ស្លាប់និងរងរបួសឡើយ។លោកបញ្ជាក់ថា៖« ខណៈពេលភ្លើងកំពុងរាលដាលឆាបឆេះយ៉ាងសាហាវញាតិក្មេងប្រុសម្នាក់ បានស្រែកឆោរឡោឡើងនៅពេលមិនឃើញក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ បន្ទាប់មកសមត្ថកិច្ចនិង អ្នកភូមិបាននាំគ្នាសំរុកចូលទៅក្នុងផ្ទះដែលកំពុងឆេះនោះ រួចជួយសង្គ្រោះក្មេងបានដោយសុវត្ថិភាព»។
បើតាមរបាយការណ៍សមត្ថកិច្ចបានរកឃើញថា ករណីអគ្គីភ័យនេះបានផ្តើមដំបូងចេញពីផ្ទះឈើលក់ខោអោវជជុះមួយខ្នង ដែលម្ចាស់ឈ្មោះវែង វណ្ណារ៉ា ភេទប្រុស អាយុ៤៧ឆ្នាំរួចក៏បន្តរាលដាលឆេះផ្ទះឈើជាច្រើនខ្នងទៀតខណៈពេលដែលម្ចាស់ផ្ទះទាំងអស់នោះមិនបាននៅផ្ទះដោយពួកគេរវល់ទៅលក់ខោអោវជជុះនៅកន្លែងផ្សេងៗគ្នា។បើតាមការសន្និដ្ឋានរបស់អាជ្ញាធរស្រុកជាបឋមបានឲ្យដឹងថាមុនពេលកើតហេតុ អ្នកភូមិបានលឺសំលេងផ្ទុះឡើងលាន់សូរដូចគ្រាប់បែក រួចក៏មានផ្សែងហ៊ុយអណ្តាតភ្លើងឆាបឆេះឡើងតែម្តង ដូច្នេះករណីនេះអាចបណ្តាលមកពីការផ្ទុះសេរ្យខ្សែភ្លើង និងផ្ទុះធុងហ្គាសជាដើម។ពាក់ពន្ធ័និងករណីនេះផងដែរ កម្លាំងសមត្ថកិច្ចនៅមិនទាន់ចាត់វិធានការយ៉ាងណានៅឡើយទេ ដោយសារតែករណីនេះ កំពុងស្ថិតនៅក្នុងការស៊ើបអង្កេតរកមូលហេតុបន្តទៀត។
ដោយ៖ អភិរក្ស