ភ្នំពេញ: វិមានព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលត្រូវបានបើកសម្ពោធ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៣ កន្លងទៅនេះបានក្លាយជាកន្លែងទាក់ទាញដ៏សំខាន់សំរាប់អ្នករស់នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាអ្នកមកពីតាមបណ្តាខេត្តនានា មកគោរពបូជា ជារៀងរាល់ថ្ងៃ។
ជារៀងរាល់ថ្ងៃ មិនថាពេលយប់នោះទេ គេសង្កេតឃើញមានមនុស្សម្នាជាច្រើនមិនថាក្មេង ឬចាស់ ដែល
អ្នកខ្លះរស់នៅក្នុងរាជធានីភ្នំពេញ និងអ្នកខ្លះទៀតមកពីតាមបណ្តាខេត្តនានានោះក្នុងដៃមានផ្កា ធូប និង ទៀន បាននាំគ្នាកាន់មកវិមានព្រះបរមរូប ព្រះបរមរតនកោដ្ឋ ដែលស្ថិតនៅសួនច្បារ ខាងកើតវិមានឯក រាជ្យ ដើម្បីគោរពបូជា ឧទ្ធិសថ្វាយដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ ដែលបានយាងសោយព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះរោគគាពាធ។
ការនាំគ្នាមកគោរពបូជាឧទ្ធិសថ្វាយដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ នេះ ដោយ អ្នកខ្លះបានលើកឡើងថា ដើម្បីជាការរលឹកដឹងគុណដែលមិនអាចបំភ្លេចបាន ចំពោះព្រះរាជវីរភាពរបស់ ព្រះអង្គ ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យស្គាល់ភាពរីកចម្រើនក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះពីឆ្នាំ ១៩៥៣ដល់ឆ្នាំ១៩៧០ ) ដែលធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋខ្មែរកាលពីជំនាន់ នោះស្គាល់នូវភាព សម្បូរ សប្បាយ រុងរឿងជាទីបំផុត។
សូមរំលឹកថា ក្នុងពិធីសម្ពោធ ព្រះបរមរូប ព្រះករុណា ព្រះបរមរតនកោដ្ឋកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៣ កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តាំផ្ញើទៅអ្នកជំនាន់ក្រោយដែលបន្តវេនដឹកនាំរាជរដ្ឋាភិបាលត្រូវរក្សាទុកថ្ងៃទី១៥ខែតុលាជារៀងរាល់ឆ្នាំដើម្បីផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរបានគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ បរមរតន កោដ្ឋ។
គួរបញ្ជាក់ថា ព្រះបរមរូប ព្រះបរមរតនកោដ្ឋធ្វើអំពីស្ពាន់ មានកម្ពស់ ៤,៥ ម៉ែត្រ ទ្រង់ឈរមួយជំហរក្នុងសម្លៀកបំពាក់ខោអាវធំ មិនមែនទ្រង់គ្រឿងជាព្រះរាជាតាមប្រពៃណីទេ។ ព្រះអង្គអោបដៃសំយុងមកមុខ តម្កល់លើព្រះភ្នែនមានកម្ពស់ ២,៧ ម៉ែត្រ សាងសង់ នៅលើខឿនរាងចតុកោណកែង មានបណ្តោយ ៥៤ ម៉ែត្រនិងទទឹង ២៧ ម៉ែត្រ។ ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហារីរក្សត្រ ព្រះបរមរតនកោដ្ឋ ត្រូវបានតម្កល់ ដោយបែរព្រះភ័ក្ត្រ ទៅទិសខាងកើត បែរខ្នងទៅវិមានឯករាជ្យ៕
ដោយ៖ រតនា