ភ្នំពេញ៖ចៅក្រមស៊ើបអង្កេតតុលាការក្រុងប៉ារីសលោកស្រីក្លូឌីន អង់ហ្វ៊ រួមនឹងក្រុមសមត្ថកិច្ចស៊ើបអង្កេតដែល
មកពីប្រទេសបារាំងប្រកាសថា ការស្លាប់របស់ក្រុមគ្រួសារលោករ៉ូឡង់ វ៉ារីលីយ៉េ និងសមាជិកគ្រួសារ៥នាក់
ដែលរកឃើញបំណែកគ្រោងឆ្អឹងនិងលលាដ៍ក្បាលនៅក្នុងរថយន្តដែលបានទម្លាក់ក្នុងស្រះទឹកក្រោយផ្ទះនៅ
ខេត្តកំពង់ស្ពឺនោះមិនមែនជាការធ្វើអត្តឃាតនោះទេ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា ដែលបានលើកយកសេចក្ដី
ប្រកាសរបស់លោកស្រីចៅក្រមក្លូឌីន អង់ហ្វ៊ និងក្រុមអ្នកស៊ើបអង្កេតរបស់បារាំង ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ដែលត្រៀមចាកចេញពីប្រទេសត្រឡប់ទៅវិញដើម្បីបន្តនីតិវិធីនិងកិច្ចសហការសម្រាប់ការបើកការ
ស៊ើបអង្កេតបន្ថែមទៀតនោះ។
សេចក្ដីប្រកាសរបស់ស្ថានទូតបារាំងក៏បានបង្ហាញអំពីនីតិវិធីនៃការផ្ទេរវត្ថុតាងពី សមត្ថកិច្ចកម្ពុជាទៅឲ្យក្រុម
អ្នកស៊ើបអង្កេតនៃប្រទេសបារាំងដើម្បី បន្តភារកិច្ចរបស់ខ្លួនរហូតប្រកាសលទ្ធផលនៅទីបញ្ចប់ក្រោយពីបើក
ការស៊ើបអង្កេតបឋមនៅកន្លែងកើតហេតុមានការវិវត្តន៍យ៉ាងលឿនគួរឲ្យកត់សម្គាល់ និងដោយមានការចូល
រួមឆ្លើយបំភ្លឺពីសំណាក់ប្រជាពលរដ្ឋមួយចំនួនដែល នៅក្បែរផ្ទះរបស់លោក រ៉ូឡង់ វ៉ារីយ៉េផងនោះ។
យ៉ាងណាក៏ដោយក្រុមអ្នកស៊ើបអង្កេតមកពីប្រទេសបារាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ
អាជ្ញាធរកម្ពុជាគ្រប់លំដាប់ថ្នាក់ ទាំងស្ថាប័នតុលាការ និងនគរបាលដែលបានសហការនិងចូលរួមឥតខ្ចោះ
នៅក្នុងការខិតខំប្រឹងប្រែង ដើម្បីរកឲ្យឃើញការពិតចំពោះការស្លាប់របស់លោក រ៉ូឡង់ វ៉ារីយ៉េ និងកូនប្រុស
ស្រីទាំង៥នាក់របស់គាត់។
សូមរំលឹកថា លោក រ៉ូឡង់ វ៉ារីយ៉េ បានមករស់នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០០០ ហើយគាត់បានរៀបការប្រពន្ធ
ខ្មែរឈ្មោះ ឈួន ស៊ីណា មានកូនប្រុសស្រី៤នាក់ លោកស្រីឈួន ស៊ីណា បានស្លាប់ក្រោយពេលសម្រាលកូន
ស្រីពៅឈ្មោះ ឈួន មីកាអ៊ែល។លោក រ៉ូឡង់ វ៉ារីយ៉េ បានរស់នៅក្នុងភូមិទួលធ្នង់សង្កាត់រកាធំ ស្រុកច្បារមន
ខេត្តកំពង់ស្ពឺមានមុខរបរជាអ្នកបច្ចេកទេសជំនាញផ្នែកកសិកម្ម និងការដាំដុះ។ ក្រោយពេលភរិយាបានស្លាប់
ទៅលោករ៉ូឡង់ វ៉ារីយ៉េបានចិញ្ចឹមបីបាច់កូនប្រុសស្រីទាំង៤នាក់របស់គាត់ ដែលមាន ឈួន យន់ ភេទប្រុស
អាយុ១១ឆ្នាំ ឈ្មោះ ឈួន រស្មី ភេទស្រី អាយុ៨ឆ្នាំ ឈ្មោះ ឈួន វណ្ណ ភេទស្រី អាយុ៦ឆ្នាំ និងកូនពៅឈ្មោះ
ឈួន មីកាអ៊ែល ភេទស្រី អាយុ២ឆ្នាំ។
ក្រុមគ្រួសារនេះបានបាត់ខ្លួនទាំងគ្រួសារនិងរថយន្តម៉ាកនីសាន់PATROពណ៌សពាក់ស្លាកលេខភ្នំពេញ 2C-9654នៅអំឡុងខែកញ្ញា ឆ្នាំ២០១១ ដោយមិនដឹងមូលហេតុ។ ក្រោយមកនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ខែមីនា
ឆ្នាំ២០១២ អ្នកស្រុកដែលមានមុខរបរដើរទាក់លលក និងបាញ់កង្កែបបានប្រទះឃើញដំបូលរថយន្តមួយ
គ្រឿងក្នុងស្រះទឹក ក្រោយផ្ទះលោក រ៉ូឡង់ វ៉ារីយ៉េ។ បន្ទាប់មកសមត្ថកិច្ចខេត្តកំពង់ស្ពឺនិងតុលាការបានបូម
ស្រះទឹកនោះ ហើយស្ទូចរថយន្តដាក់លើគោកនិងគាស់ទ្វាររថយន្តធ្វើការត្រួតពិនិត្យ ក៏ប្រទះឃើញលលាដ៍ក្បាលនិងគ្រោងឆ្អឹងសពចំនួន៥នាក់ស្លាប់ក្នុងរថយន្តទាំងអស់ ជាហេតុធ្វើឲ្យមានការសន្និដ្ឋានជំហានដំបូងថា
លោក រ៉ូឡង់ វ៉ារីយ៉េ និងកូនប្រុសស្រីរបស់គាត់ទាំង៤នាក់ពិតជាបានស្លាប់នៅក្នុងរថយន្ត ដែលត្រូវបានពន្លិច
នៅក្នុងស្រះទឹកនោះ។
ប៉ុន្តែការស្រាវជ្រាវរបស់សមត្ថកិច្ចកម្ពុជារកពុំឃើញតម្រុយឬពីមូលហេតុនៃការស្លាប់ទាំងគ្រួសារនេះឡើយ
ទោះបីជាស្ថិតក្នុងលក្ខខណ្ឌនៃការធ្វើអត្តឃាត ឬក៏ជាអំពើឃាតកម្មក៏ដោយក៏ពុំមានលទ្ធផលជាក់លាក់ពីការ
ស៊ើបអង្កេតឡើយ។ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាក៏បានស្នើទៅក្រុមអ្នកស៊ើបអង្កេតនៃទីក្រុងប៉ារីស
ដើម្បីសហការចូលរួមបើកការស៊ើបអង្កេតពីមូលហេតុនៃការស្លាប់របស់ក្រុមគ្រួសារនោះ ឲ្យបានជាក់លាក់។
រហូតថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ ក្រុមអ្នកស៊ើបអង្កេតមកពីក្រុងប៉ារីសប្រទេសបារាំងដឹកនាំដោយលោកស្រី
ចៅក្រម ក្លូឌីន អង់ហ្វ៊ បានមកកាន់លំនៅដ្ឋានរបស់លោករ៉ូឡង់ វ៉ារីយ៉េ នៅភូមិ-សង្កាត់ខាងលើដោយសហការជាមួយនឹងសមត្ថកិច្ចកម្ពុជាបើកការស៊ើបអង្កេតពិនិត្យលើ ទីតាំងកើតហេតុជាក់ស្ដែងនិងវត្ថុតាងដែលបន្សល់ទុកទាំងយប់។
លុះមកដល់ថ្ងៃទី២២ខែមីនាឆ្នាំ២០១៣ស្ថានទូតបារាំងបានចេញសេចក្ដីប្រកាស ដោយដកស្រង់ពីលទ្ធផលនៃការស៊ើបអង្កេតបឋមរបស់សមត្ថកិច្ចបារាំងបញ្ជាក់ថា ការស្លាប់របស់លោករ៉ូឡង់ វ៉ារីយ៉េនិងសមាជិកគ្រួសារ
របស់គាត់នៅក្នុងរថយន្តដែលរកឃើញនៅក្នុងស្រះទឹកក្រោយផ្ទះនោះ មិនមែនជាអំពើអត្តខាតនោះឡើយ។
គេរង់ចាំមើលថាតើក្រុមស៊ើបអង្កេតមកពីប្រទេសបារាំង និងសមត្ថកិច្ចកម្ពុជាបើកការស៊ើប អង្កេតស្រាវ
ជ្រាវបន្តអាចនឹងរកឃើញលទ្ធផលបន្ថែមបែបបណាទៀត ដើម្បីឈានទៅរកឲ្យអំពីមូលហេតុពិតប្រាកដនៃ
ការស្លាប់របស់លោករ៉ូឡង់ វ៉ារីយ៉េ និងកូនប្រុសស្រីរបស់គាត់៕
ដោយ៖ ស.ស្អាត