នៅពេលថ្មីៗនេះ មានគេបង្ហោះរូបភាព នៃសត្វមឹកដែលមាន 160 ជើង យក្ស នៅលើឆ្នេរខ្សាច់ នៃ Santa Monica សហរដ្ឋអាមេរិក ត្រូវបានគេ ចាត់ទុកថា ការបោកបញ្ឆោត ក្រោយពីមាន មនុស្សជាង ៥០០,០០០ នាក់បានបង្ហោះលើទំព័រហ្វេកប៊ុក។ យ៉ាងណាមិញ រូបភាពនេះ បានចែកចាយយ៉ាងឆាប់រហ័សនោះ ដោយសារតែមានការចុះផ្សាយអត្ថបទមួយរបស់សារព័ត៌មានអនឡាញ The Lightly Braised Turnip ដែលបាននិយាយថា សត្វមឹកយក្សនេះ រីកធំបែបនេះ ដោយសារតែទទួលរងនូវមហាវិទ្យុសកម្ម។ ទោះជាយ៉ាងណា តាមអ្នករាយការណ៍របស់ សារព័ត៌មានប្រជាធិបតេយ្យ Epoch Times របស់ប្រទេសចិន ដែលមានឈ្មោះថា Zachary Stieber បានជឿជាក់ថានេះជារឿងបោកបញ្ឆោត និងប្រហែលជាមានអ្វីអាថ៌កំបាំងក្រោយសាច់រឿងនេះជាក់ជាមិនខាន ក្រោយពីប្រទះឃើញនូវភាពមន្ទិលសង្ស័យជាច្រើន(នេះគ្រាន់តែជាការវិនិច្ឆ័យផ្ទាល់ខ្លួនរបស់ អ្នកយកការណ៍នេះប៉ុណ្ណោះ) ។ សម្រាប់រឿងមឹកយក្សនេះ បានផ្ទុះឡើង ក្រោយពី សារព័ត៌មានអន្ដរជាតិ បានចុះផ្សាយថា មានត្រីយក្ស២ដ៏កម្រប្រទះឃើញនៅឡុសអេជេឡេស កាលពី២ខែមុន។
ជួបជាមួយនឹង អត្ថបទដើម ដែលបានសរសេរឡើងដោយ Butch Witt នៅក្នុង សារព័ត៌មានអនឡាញ The Lightly Braised Turnip ដែលបញ្ជាក់ថា រឿងមឹកយក្សនេះជារឿងដ៏ពិតប្រាកដ ត្រីមឹកយក្សនេះ មានប្រភពដើមមកពីរោងចក្រថាមពលនុយក្លេអ៊ែ ហ្វូគូស៊ីម៉ា ក្នុងតំបន់ Futaba ប្រទេសជប៉ុន តែបានមកអណ្ដែតមកដល់សហរដ្ឋអាមេរិក។ជាមួយគ្នានោះ អ្នកសរសេរអត្ថបទនេះ បានអះអាងទៀតថា អ្នកគ្រប់គ្រងឧទ្យាន Santa Monica ដែលមានឈ្មោះថា Cynthia Beard បានព្យាយាមយក បំនែកនៃត្រីមឹកយក្សនេះទៅធ្វើការពិសោធន៍បន្ថែមទៀតផង៕
ដោយ៖ ស.ស្អាត