កំពង់ឆ្នាំង៖ ករណីភ្លើងឆេះព្រៃចំការដើមស្វាយ បានបណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់យ៉ាងអណោចអធម៌ នៅក្នុងភ្នក់ភ្លើងចំបើង កាលពីរសៀលថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៤នេះ ព្រមទាំងខូចខាតផលដំណាំមួយចំនួនធំ ដែលគិតជាទឹកប្រាក់អស់ច្រើនជាង៥ម៉ឺនដុល្លា។ បើតាមលោកលីវ ប៊ុនសុង នាយផ្នែកសេនាធិការស្រុកទឹកផុសបានមានប្រសាសន៍ថា ដើមស្វាយប្រមាណជាង៣០០ដើម ដែលដាំនៅក្នុងដីចំការមួយកន្លែង ស្ថិតក្នុងភូមិភ្នំតាអុស ឃុំក្រាំងស្គា ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំ ត្រូវបានរងការបំផ្លាញអស់ជាច្រើនដើម។ លោកបន្តថា លោកនៅមិនទាន់រកឃើញមូលហេតុដែលបង្កឲ្យមានភ្លើងឆាបឆេះនៅឡើយទេ ប៉ុន្តែទោះយ៉ាងនេះក្តី លោកក៏នៅតែចាត់កម្លាំងឲ្យតាមស្រាវជ្រាវរកមូលហេតុដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះព្រៃខាងលើដែរ។ លោកបញ្ជាក់ថា បើតាមការសន្និដ្ឋានជាបឋមគឺថា ព្រៃខាងលើនេះអាចទំនង អាចអ្នកដំណើរណាម្នាក់បោះកន្ទុយបារីចោលចុះទៅកន្លែងកើតហេតុ ទើបបណ្តាលឲ្យភ្លើងឆាបឆេះរាលដាលចូលដល់ចំការស្វាយបែបនេះ»។ លោកបន្ថែមថា ដោយសារ
តែចំការស្វាយស្ថិតនៅឆ្ងាយពីផ្ទះអ្នកភូមិខ្លាំងពេក ទើបក្នុងពេលកើតហេតុមិនមានអ្នកភូមិមកជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលានោះ។បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីជាម្តាយក្មេងស្រីរងគ្រោះ បានប្រទះឃើញកូនរបស់ខ្លួនរត់តាមឪពុកពីក្រោយឈ្មោះណុប លឿង ដើម្បីទៅពន្លត់ភ្លើងឆេះព្រៃ ប៉ុន្តែខណៈនោះឪពុកមិនបានចាប់អារម្មណ៍ថាកូនរត់តាមពីក្រោយនោះទេ រហូតដល់បុរសណុប លឿងត្រឡប់មកផ្ទះវិញ ស្រាប់តែស្រ្តីជាម្តាយបានស្រែក
សួរទៅប្តីថា «តើមានឃើញកូនស្រីរត់តាមពីក្រោយដែរទេ» គ្រាន់តែលឺដូច្នេះបុរសណុប លឿងនិងប្រពន្ធបានស្ទុះនាំគ្នាដើរ
រកកូនក៏ប្រទះឃើញកូនដេកស្លាប់នៅក្នុងភ្នក់ភ្លើងចំបើង ហើយក៏ប្រញាប់នាំគ្នាបាញ់ទឹកពន្លត់ភ្លើងតែម្តង។ លោកបញ្ជាក់ថា បុរសជាឪពុកក្មេងស្រីរងគ្រោះ និងស្រ្តីជាម្តាយបានមករស់នៅលើដីចំការនេះ គឺដើម្បីស៊ីឈ្មួលចាំចំការឲ្យឈ្មោះអ៊ុក ណារ៉ូ
ភេទប្រុស ដែលបច្ចុប្បន្នកំពុងរស់នៅទីក្រុងភ្នំពេញ៕ ដោយ៖ អភិរក្ស