កំពង់ឆ្នាំ៖ សត្វស្លាបទឹកជាច្រើនប្រភេទមានដូចជា៖ មាន់ទឹក កុក ក្រសា ទុង ប្រវឹក និង សត្វស្លាបដ៏កម្រជាច្រើន ប្រភេទទៀត ត្រូវបានគេចាប់និងសម្លាប់ដោយវិធីផ្សេងៗ ហើយយកមកដាក់លក់នៅតាមផ្សារនានាក្នុងខេត្តកំពង់ឆ្នាំងយ៉ាងអាណាធិបតេយ្យ ដោយគ្មានការបង្រ្កាប ឬទប់ស្កាត់ពីមន្រ្តី មានសមត្ថកិច្ច និងអាជ្ញាធរឡើយ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្នុងផ្សារឆ្នាំងបានអោយដឹងថា សត្វស្លាបទឹកទាំងនេះត្រូវបានគេចាប់ពីតំបន់បឹងទន្លេសាបដោយប្រើវិធីផ្សេងៗដូចជា វ៉ៃលប់ បង្កៃសន្ទូច បាញ់ដោយប្រើកាំភ្លើងខ្យល់ឬដាក់ថ្នាំបំពុលសម្លាប់ជាដើម ។ប្រជាពរដ្ឋជាអាជីវករទាំងនោះនិយាយទៀតថា សត្វស្លាបទាំងនេះត្រូវបានគេយកមកលក់នៅតាមផ្សារនានាក្នុងខេត្តកំពង់ឆ្នាំជារៀងរាល់ថ្ងៃមានទាំងងាប់និងមានទាំងរស់ផងដែរ ។
ពួកគាត់បានបន្តថា សព្វថ្ងៃអ្នកចាប់សត្វស្លាបទឹក យកមកលក់នេះ មានចំនួនកាន់តែច្រើនឡើងគួរអោយព្រួយបារម្ភដោយសារពួកគេឃើញមួយធ្វើបានក៏ផ្អើលធ្វើតៗគ្នាហើយករណីនេះបើសិនជាមន្រ្តីជំនាញនិងអាជ្ញាធរមិនទប់ស្កាត់ទេ ច្បាស់ជាវិនាសហិនហោចអស់ជាមិនខានជាពិសេសប្រភេទសត្វកម្រនៅតំបន់បឹងទន្លេសាប ដូចជា សត្វក្រសា ត្រយ៉ង និងទុងជា ដើម។
ទាក់ទិននិងការលើកឡើងខាងលើនេះ យើងបានសុំការពន្យល់ពីលោក ស៊ិន កុសល ប្រធានខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង តែលោកពុំបានឆ្លើយតបមកវិញឡើយ ក្រៅពីពាក្សសួបកមកវិញថាអ្នកឯងជាអី មានការអី រួចស្តាប់បន្តិចក៏បិទទូរស័ព្ទតែម្តងទៅ ។យើងបានព្យាយាមទូរស័ព្ទចួលជាច្រើនលើកដើម្បីសុំការបំភ្លឺតែពុំត្រូវបានលោក កុ សលទទួលទៀតឡើយ៕ ដោយ៖ សស្អាត