ភ្នំពេញ៖ ក្រសួងយុត្តិផ្តើមកិច្ចប្រជុំរបស់ខ្លួន ដើម្បីធ្វើណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលក្នុងអាណត្តិទី៥នេះ។លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំនេះនៅក្រសួងយុត្តិធម៌ផ្ទាល់និងមានការមានការចូលរួមពីមន្ត្រីមកពីក្រសួងពាក់ព័ន្ធមួយចំនួនទៀត។កិច្ចពិភាក្សានោះ បានលើកយក ការរៀបចំសេចក្តីព្រៀងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ផ្តោតលើអាទិភាពចំពោះមុខ ការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ គឺជាការរៀបចំច្បាប់គោលសំខាន់ៗចំនួន០៣ គឺច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ច្បាប់ទាំងបីនេះ គឺជាអាទិភាពដែលកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល នីតិកាលទី៥ ហើយនាឱកាសនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកទី១ នៅវិមានសន្តិភាពដោយសម្តេចតេជោ នាយករដ្ឋមន្ត្រី បានកំណត់ច្បាប់ទាំងបីនេះឱ្យបានរួចរាល់នៅមុនដំណាច់ឆមាសទី១ឆ្នាំ២០១៤។
ក្រសូងយុត្តិធម៌បានបញ្ជាក់ថា បច្ចុប្បន្នយើង បានរៀបចំសេចក្តីព្រាងច្បាប់ទាំងបីបានរួចរាល់ហើយ។ចំពោះសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ក្រសួងយុត្តិធម៌បានបញ្ជូនទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដើម្បីផ្តល់យោបល់តាមនីតិវិធី ហើយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានផ្តល់យោបល់មកក្រសួងយុត្តិធម៌រួចរាល់ហើយដែរ។ក្នុងអាណត្តិតី៥នេះ ប្រមុខរដ្ឋាភិបាលបានប្តេជ្ញាថា នឹងធ្វើកំណែទម្រង់ស៊ីជម្រៅគ្រប់វិស័យ ដើម្បីទទួលការជឿទុកចិត្តពីប្រជាពលរដ្ឋ។ បន្ទាប់ពីប្រកាសធ្វើកំណែទម្រង់នេះមក គេសង្កេតឃើញក្រសួង ស្ថាប័នរដ្ឋមួយចំនួនកំពុងដឹកនាំការធ្វើកំណែទម្រង់ជាបណ្តើរៗហើយដែរ។គួរបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចរំសាយក្រុមប្រឹក្សាកំណែទម្រង់ និងប្រព័ន្ធយុត្តិធម៌ជាមួយនឹងឧត្តមក្រុមប្រឹក្សាកំណែទម្រង់រដ្ឋ ដោយព្រះរាជក្រឹត្យកាលពីខែទី០១តុលាឆ្នាំ២០១៣ និងសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌វិញ នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០១៣ដដែល៕ដោយ៖ រតនា