ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៦ខែមករានេះ រោងចក្រកាត់ដេរក្នុងរាជធានីភ្នំពេញេនិងនៅតាមបណ្តាខេត្តចាប់ផ្តើម ដំណើរការឡើងវិញ ៩៥ភាគរយហើយ បន្ទាប់ពីបាតុកម្មប៉ុន្មានថ្ងៃមុននេះ បានបញ្ចប់ទៅ។លោក សោម អូន ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា បានឱ្យដឹងតាមទូរស័ព្ទថា កម្មករ-កម្មការិនីរោងចក្រកាត់ដេរ ស្ទើរ១០០ភាគរយនៅទូទាំងប្រទេសបានចូលធ្វើការជាធម្មតាវិញហើយនៅថ្ងៃនេះ លើកលែងតែរោងចក្រប្រមាណជាង៣០ដែលមាន៥២អគារ ក្នុងសួនកាណាឌីយ៉ាប៉ុណ្ណោះ នៅមានសភាពស្ងប់ស្ងាត់ ព្រោះមានរោងចក្រខ្លះបើកទ្វារធ្វើការហើយ ប៉ុន្តែមានកម្មរ-កម្មការិនីតិចតួច រោងចក្រកាត់ដេរជាច្រើនបានរងសម្ពាធយ៉ាងធ្ងន់ធ្ងររហូតបង្ខំចិត្តបិទទ្វាមួយរយៈនៅដើមខែមករានេះ ដោយសារ បាតុកម្មករ ទាមទារដំឡើងប្រាក់ខែ ១៦០ដុល្លារ ។ប៉ុន្តែក្រសួងការងារឯណោះវិញ បានសម្រេចផ្តល់១០០ដុល្លារក្នុងមួយខែតាមសម្លេងភាគច្រើន ដែលបានសម្រេចក្នុងកិច្ចប្រជុំពិភាក្សាជាច្រើនលើកច្រើនសារជាមួយតំណាងរោងចក្រ និងតំណាងសហជីព លើរូបមន្តនៃការតម្លើងថ្លៃឈ្នួលអប្បបរមាប្រាក់ឈ្នួលកម្មករ-កម្មការិនីកាត់ដេរនេះ។ប៉ុន្តែការតម្លើងនេះ មិនបានធ្វើឱ្យកម្មករ-កម្មការិនីស្ងប់ចិត្តឡើយ។ហើយមេសហជីពខ្លះ ក៏ដឹកនាំការតវ៉ាតម្លើងប្រាក់ខែឱ្យបាន១៦០ដុល្លារ រហូតមានការប៉ះង្គិចគ្នាជាមួយសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលតែម្តង។
យ៉ាងណាក៏ដោយ លោក សោម អូន សង្ឃឹមថា ចាប់ពីថ្ងៃទី៨ទៅ កម្មករ-កម្មការិនី នឹងវិលត្រលប់មកចូលធ្វើតាមធម្មតាវិញ។ទាក់ទងការផលប៉ះពាល់នៃការបញ្ជាទិញ លោក សោម អូន ចង់ឱ្យរដ្ឋាភិបាលនិងភាគីរោចក្រពន្យល់ឱ្យបានច្បាស់ពីហេតុការណ៍ដែលនាំឱ្យបាតុកម្មតវ៉ាកើតឡើងប៉ុន្មានថ្ងៃកន្លងទៅនេះ ដល់អ្នកទទួលទិញឱ្យបានច្បាស់ជៀសវាងការការភាន់ច្រឡំ។តាមតួលេខរបស់ក្រសួងការងារប្រទេសកម្ពុជាមានរោងចក្រកាត់ដេរជាង៩០០រោងចក្រ ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋខ្មែរជាង៦៥ម៉ឺននាក់៕
ដោយ៖ រតនា