ភ្នំពេញ៖ ចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមិនា រយៈពេលមួយខែ គឺជារយៈពេលនៃការដាក់អោយដំណើរការសាកល្បងនូវរថយន្តក្រុង ដឹកជញ្ជូនសាធារណៈ ក្នុងរាជធានីភ្នំពេញ។ រថយន្តក្រុងទាំង ១០ គ្រឿងនោះ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ហើយអាចផ្ទុកមនុស្សបានពី ៤០ ទៅ ៥០ នាក់ ចរាចរណ៍ជារង្វង់បណ្តាក់គ្នា ក្នុងចំណោម ៣៦ ចំណត ពីផ្សារច្បារអំពៅ ដល់រង្វង់មូលស្តាតចាស់ តាមផ្លូវព្រះមុនីវង្ស ដោយចាប់ផ្តើមនៅម៉ោង ៥ និង ៣០ នាទីព្រឹកព្រលឹម និងឈប់នៅម៉ោង ៨ និង ៣០ នាទីយប់។
អ្នកដំណើរត្រូវបង់តម្លៃ១៥០០រៀល ក្នុងពេលជិះឡានក្រុងម្តង។ នេះគឺជាលើកទី២ហើយ ដែលសាលារាជធានីភ្នំពេញព្យាយាមដាក់អោយដំណើរការនូវប្រព័ន្ធដឹក ជញ្ជូនសាធារណៈ ក្នុងរាជធានីភ្នំពេញ ដែលទទួលកំណើនពលរដ្ឋជារៀងរាល់ឆ្នាំ។ គម្រោងទីមួយ ត្រូវបានដាក់អោយដំណើរការនៅក្នុងឆ្នាំ២០០១តែត្រូវបរាជ័យ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា ការដំណើរការគម្រោង សាកល្បង ដែលមានរថយន្តក្រុង ១០គ្រឿងនេះ ដើម្បីបញ្ជៀសគ្រោះថ្នាក់ផង និងបញ្ជៀសការស្ទះចរាចរណ៍។ ទន្ទឹមនោះក៏នឹងធ្វើឲ្យទីក្រុងរបស់យើង កាន់តែមានសណ្តាប់ធ្នាប់ល្អប្រសើរ ។ ហើយពីពេលនេះតទៅសាលារាជធានីភ្នំពេញនឹងចាប់ផ្តើមរឹតបន្តឹងការចតរថយន្តតាមដងផ្លូវ ដើម្បីសម្រួលដល់ដំណើរការសេវាដឹកជញ្ជូនសាធារណៈ។
លោកអភិបាលបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៣កន្លងទៅ រាជធានីភ្នំពេញ មានមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង១០០នាក់ របួសធ្ងន់ស្រាលជាង១.០០០ នាក់ និងខូចខាតអស់ទ្រព្យសម្បត្តិអស់ជាង ៣០០លានដុល្លារអាម៉េរិក។សូមបញ្ជាក់ថា សេវាកម្មឡានក្រុងនេះ រៀបចំដោយសាលារាជធានីភ្នំពេញ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនJICA៕
ដោយ៖ ស.ស្អាត