ភ្នំពេញ៖ អ្នកស្លាប់ដោយសារជម្ងឺគ្រុនឈាមថយចុះ ១៣០នាក់ក្នុងឆ្នាំ២០១៣នេះ បើធៀបទៅនឹងឆ្នាំមុន។ តាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានឲ្យដឹងថា នៅឆ្នាំ២០១៣ អ្នកស្លាប់ដោយជម្ងឺគ្រុនឈាម មានចំនួន៥៩នាក់ ដែលកាលពីឆ្នាំ២០១២ អ្នកស្លាប់ដោយជម្ងឺគ្រុនឈាម មានចំនួន១៨៩នាក់ពោលគឺថយចុះ៦៩%។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ២០១៣នេះ មានករណីជម្ងឺគ្រុនឈាមចំនួន១ម៉ឺន៧ពាន់៥៣៣នាក់ បើធៀបទៅនឹងឆ្នាំ២០១២ មានករណីជម្ងឺគ្រុនឈាមចំនួន៤ម៉ឺន២ពាន់៣៦២នាក់ ពោលគឺថយចុះ៥៩%។ មូលហេតុនៃការថយចុះ ត្រូវគេនិយាយថា កត្តា២ គឺ ប្រជាពលរដ្ឋមានការយល់ដឹងពីជំងឺគ្រុនឈាមច្រើន ហើយប្រញាប់បញ្ជូនអ្នកជំងឺមកព្យាបាលបានទាន់ពេលវេលា និងកត្តាមួយទៀត គឺការកើនឡើងនៃសេវាសុខាភិបាលរដ្ឋ។
សម្រាប់វិធានការនៅឆ្នាំ២០១៤នេះដែរ នៅថ្ងៃទី៦ ខែមករា ក្រសួងសុខាភិបាល បានណែនាំឲ្យគ្រប់មន្ទីរសុខាភិបាល តាមរាជធានី ខេត្ត ត្រូវម្ចាស់ការចុះអប់រំ អំពីការប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម និងការអប់រំធ្វើអនាម័យ ដល់ប្រជាពលរដ្ឋឲ្យបានមុនខែមេសា ដែលជាខែចាប់ផ្ដើមកើតមានជម្ងឺគ្រុនឈាមច្រើន។
គួរបញ្ជក់ថា បណ្តាខេត្តដែលកើតជម្ងឺគ្រុនឈាមខ្ពស់ ត្រូវគេមើលឃើញថា បានកើតឡើងច្រើននៅជិត ឬព្រំដែនកម្ពុជាថៃ និងខេត្តកំពង់ចាម កណ្ដាល។ នៅប្រទេសកម្ពុជា ជម្ងឺគ្រុនឈាមបានផ្ទុះឡើងខ្លាំងនៅឆ្នាំ២០០៧ ដែលមានអ្នកជម្ងឺគ្រុនឈាម ចំនួន៣ម៉ឺន៩ពាន់៤៦០នាក់ ពេលនោះមានអ្នកស្លាប់ចំនួន៤០៤នាក់៕
ដោយ៖ ភីនរ៉ា