ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ ទំនប់វារីអគ្គិសនី ដន សាហុង របស់ប្រទេសឡាវ បានត្រូវគេមើលឃើញពីផលប៉ះពាល់ ដ៏សម្បើម ទៅលើកត្តាជីវចំរុះ សត្វផ្សោតមេគង្គ លំហូរទឹក ជាពិសេសទៅលើប្រភពជីវចម្រុះ ក៏ដូចជា ការធ្វើចរាចរណ៍ត្រី ដែលជាប្រភពសំខាន់ សម្រាប់ជួយដល់ជីវភាពរស់នៅរបស់ប្រជាជន នៅក្នុងប្រទេស វៀតណាម ថៃ ឡាវ និងកម្ពុជា ។ គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា ដៃគូអភិវឌ្ឍន៍ ស្ថាប័នស្រាវជ្រាវ អង្គការមិនមែនរដ្ឋាភិបាល និងតំណាងសហគមន៍ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះគម្រោងទំនប់វារី អគ្គិសនី ដនសាហុងរបស់ឡាវនេះ និងបានលើកយកមកពិភាក្សាគ្នាក្នុងសិក្ខាសាលាថ្នាក់ជាតិ រយៈពេលមួយថ្ងៃ ដែលរៀបចំឡើងដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា សហការជាមួយ សម្ព័ន្ធទន្លេកម្ពុជា (RCC) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ នៅមជ្ឈមណ្ឌលវប្បធម៌ភ្នំពេញ-កូរ៉េ ។ នាយកប្រតិបត្តិ នៃវេទិកាអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា លោក តឹក វណ្ណារ៉ា បានលើកឡើងនៅក្នុងអង្គសិក្ខាសាលានេះថា ទំនប់វារីអគ្គិសនី ដនសាហុង ដែលមានថាមពល ២៦០ ម៉េហ្គាវ៉ាត់ គឺជាទំនប់មួយ ក្នុងចំណោមគម្រោងទំនប់វារីអគ្គិសនី ទាំង១២ ដែលគ្រោងសាងសង់នៅតួទន្លេមេ នៃទន្លេមេគង្គក្រោម។ បច្ចុប្បន្នវាកំពុងត្រូវបានចាប់ផ្តើមសិក្សា និងដាក់សំណើសម្រាប់ការសាងសង់ បន្ទាប់ពីទំនប់វារីអគ្គិសនី សាយ៉ាបូរី។ វាមានទីតាំងស្ថិតនៅចំងាយ ២ គីឡូម៉ែត្រ ពីព្រំដែន កម្ពុជា-ឡាវ ក្នុងខេត្តចំប៉ាសាក់ ប្រទេសឡាវ។ អគ្គិសនី ដែលបានពីទំនប់វារី ដន សាហុង ត្រូវបានគ្រោងទុកសំរាប់នាំចេញទៅកាន់ប្រទេសថៃ។
លោក តឹក វណ្ណារ៉ា បានមានប្រសាសន៍ទៀតថា មកដល់បច្ចុប្បន្ននេះ មិនទាន់មានការបង្ហាញអំពីឆន្ទៈ របស់ប្រទេសឡាវ ក្នុងការពិគ្រោះយោបល់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ ដែលរស់តាមដងទន្លេមេគង្គនៅកម្ពុជាឡើយទេ។ ការវាយតម្លៃផលប៉ះពាល់បរិស្ថានជាយុទ្ធសាស្ត្រ បានបង្ហាញថា មិនទាន់មានការពិគ្រោះយោបល់ ជាសាធារណៈផ្លូវការ ឬការប្រជុំណាមួយ ដើម្បីផ្តល់ព័ត៌មានដល់អាជ្ញាធរដែលពាក់ព័ន្ធ អំពីការសាងសង់ទំនប់ ដនសាហុងនោះឡើយ។ លោកបានបព្ជាក់ថា ឡាវ មិនបានគោរពតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ដែលបានចុះហត្ថលេខា ដោយប្រទេសទាំង៤ ក្នុងតំបន់ទន្លេមេគង្គក្រោម ដែលទទួលស្គាល់ពីសារសំខាន់ នៃការប្រើប្រាស់ទន្លេរួមគ្នានេះឲ្យប្រកបដោយចីរភាពនោះទេ។
តំណាងសហគមន៍ លោកស្រី បួរ ខាំតង បានបង្ហាញពីការព្រួយបារម្មណ៍ថា ទំនប់វារីអគ្គិសនី ដនសាហុង ជាអាងស្តុកទឹកមួយដ៏ធំ ហើយពេលបើកទឹកចូលម៉ូប៊ីន បានធ្វើឲ្យលិចភូមិស្រែចំការ និងប៉ះពាល់ជីវិតសត្វ ជីវៈចម្រុះ ធនធានធម្មជាតិនិងការធ្វើចរាចររបស់ត្រី ។ ទឹកដែលបង្ហូរចេញពីអាងនេះ មានជាតិអ្វី មានផលមិនល្អ ឡើងល្អក់។ ជាងនេះទៅទៀតនោះគឺប៉ះពាល់ដល់សត្វផ្សោតដែលជាសត្វកម្រ ព្រោះសហគមន៍ព្រះស្នែង សហគមន៍ព្រះនង្គ័ល បានទទួលផលចំណេញពីសត្វផ្សោតនេះឯង។ នៅក្នុងអន្លង់ធំក្បែរ ដនសាហុង មានសត្វផ្សោតប្រហែល ៥-៦ ក្បាល បានរងប៉ះពាល់។
យ៉ាងណាក៏ដោយតំណាងរាជរដ្ឋាភិបាល លោក ទា ជុប អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា ទំនប់ដនសាហុង អាចនឹងប៉ះពាល់ និងរងផលប៉ះពាល់ ដល់សហគមន៍ គឺពិតជាសារៈសំខាន់ណាស់ ពីព្រោះពួកគាត់តែងតែស្នាក់អាស្រ័យ និងរស់នៅជាប់ផ្ទាល់នឹងទន្លេមេគង្គ។ ទំនប់ដនសាហុង ពិតជាមានប៉ះពាល់ដល់សហគមន៍ លើធនធានជលផល ធនធានដ៏មហាសាល ប៉ះពាល់ដល់សត្វផ្សោត និងជីវភាព របស់ប្រជាជនដែលរស់នៅតាមបណ្តោយទន្លេមេគង្គក្រោមយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយត្រូវតែសិក្សាឲ្យបានល្អិតល្អន់ បំផុតអំពីហេតុ និងផលដែលកើតឡើងនៅក្រោយទំបន់វារីអគ្គិសនី ដន សាហុង នេះកើតឡើង៕
ដោយ៖ ស.ស្អាត