ភ្នំពេញ៖ លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញបានបញ្ចេញប្រតិកម្មចំពោះក្រុមហ៊ុនរថយន្តដឹកដី
ដែលកំពុងតែធ្វើសកម្មភាពដឹកដីយ៉ាងមមាញឹកថាបានបំផ្លាញផ្លូវដឹកដីជ្រុះធ្លាក់ពេញថ្នល់ប្រឡាក់ខូច
ផ្លូវអស់ និងធ្វើឲ្យហុយរកមើលអ្វីមិនចង់ឃើញធ្វើឲ្យប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅម្តុំរង្វង់មូល
ក្បាលថ្នល់ដីក្រហម(រង្វង់មូលព្រះគោ)ពិបាកក្នុងការរស់នៅជាពន់ពេក។

លោក កែប ជុតិមា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យការងារស្ថាបនារង្វង់មូល
ក្បាលថ្នល់ដីក្រហមបន្ទាប់ពីបានបញ្ចប់ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានព្រែកថ្លឹងដ៏ថ្មី
ស្រឡាងកាលពីព្រឹកថ្ងៃពុធទី១៣ម្សិលម៉ិញនេះ។
នៅក្នុងដំណើរអញ្ជើញចុះពិនិត្យការងារស្ថាបនារង្វង់មូលជាមួយមន្រ្តីជំនាញចំណុះសាលារាជធានី
ភ្នំពេញនោះលោកអភិបាលរាជធានីភ្នំពេញស្នើឲ្យមន្រ្តីរបស់លោកធ្វើការជូនដំណឹងដល់ម្ចាស់រថយន្ត
ដឹកដីគ្រប់ប្រភេទឲ្យនាំគ្នាលាងសម្អាតផ្លូវឲ្យបានស្អាតជាបន្ទាន់បើមិនដូច្នេះទេលោកនឹងឲ្យមន្ទីរ
សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលាងសម្អាត។ ប៉ុន្តែលោកប្រហែលជាមិនអនុញ្ញាតិឲ្យ
ប្រកបអាជីវកម្មដឹកដីនៅលើផ្លូវនោះទៀតឡើយ។

ជាមួយគ្នានោះដែរអភិបាលរាជធានីបានជំរុញអោយស្ថាបនារង្វង់មូលក្បាលថ្នល់ដីក្រហម ឬរង្វង់មូល
ព្រះគោអោយរួចរាល់មុនបុណ្យចូលឆ្នាំខ្មែរ។ ចំពោះកិច្ចការនេះលោក កែប ជុតិមា បានជំរុញអោយមន្ទីរ
សាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើយ៉ាងណាស្ថាបនាអោយបានតាមផែនការកំណត់គឺ
មុនចូលឆ្នាំខ្មែរ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល១ខែទៀតខាងមុខនេះ ។
គួរបញ្ជាក់ផងដែរថា រង្វង់មូលក្បាលថ្នល់ដីក្រហម ឬរង្វង់មូលព្រះគោ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ២
កែងផ្លូវ២០A នៅក្នុងសង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ដែលជាសង្កាត់ទើបតែកាត់ពីខេត្តកណ្តាលចូលមក
រដ្ឋបាលរាជធានីភ្នំពេញនេះ ស្ថាបនាបានជាច្រើនភាគរយហើយ ពោលគឺនៅសល់តែការដាំផ្កាស្មៅ និង
ដាក់រូបសំណាកតែប៉ុណ្ណោះ ។
រង្វង់មូលក្បាលថ្នល់ដីក្រហម ឬរង្វង់មូលព្រះគោនេះត្រូវបានស្ថាបនាឡើង ក្នុងអំឡុងពេលបោះឆ្នោតជ្រើស
រើសក្រុមប្រឹក្សាសង្កាត់ឆ្នាំ២០១២ ហើយមកដល់ពេលនេះតួរង្វង់មូលផ្លូវជុំវិញរង្វង់មូលការដាក់លូបាន
ស្ថាបនារួចរាល់ហើយគឺសល់តែការដាំផ្កា ស្មៅនៅក្នុងរង្វង់មូលនិងដាក់តម្កល់រូបសំណាកប៉ុណ្ណោះ។
ចំពោះរូបសំណាកត្រូវបានលោកអភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា រូបសំណាកដែលត្រូវដាក់លើ
រង្វង់មូលនេះមិនដាក់រូបនារីទូលក្អមដូចមុនទេ (គឺអាណិតនាងណាស់ ចោមពង់ទាំងថ្ងៃទាំងយប់) គឺដាក់
រូបសំណាកថ្មីអោយស័ក្កិសមទៅនឹងរង្វង់មូលថ្មី តែលោកមិនបានបញ្ជាក់ថារូបសំណាកនោះមានឈ្មោះ
អ្វីនៅឡើយទេ៕ ស.ស្អាត