ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសពីការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិងយោជិតពី៩៥ដុល្លារនៅដើមឆ្នាំ២០១៤រហូតដល់១៦០ដុល្លារនៅឆ្នាំ២០១៨ រួចមកភាពរង្គោះរង្គើរដែលកើតចេញពីការតវានានាបានកើតមានជាហូរហែររហូតឈានដល់មានការគំរាមកំហែងនៅតាមរោងចក្រមួយចំនួនដែលបានបើកទ្វារធ្វើការហើយក៏មានរោងចក្រមួយចំនួនទៀតកំពុងពិចារណាក្នុងការបិទទ្វារជាបណ្តោះអាសន្ន ព្រោះរងនូវការបំផ្លិចបំផ្លាញពីក្រុមជ្រុលនិយមមួយចំនួនតូចចាប់តាំងពីថ្ងៃទី២៦ខែធ្នូកន្លងមកនេះ។អ្នកចាត់ការទូទៅរបស់រោងចក្រ YVP ដែលមានទីតាំងនៅក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា កញ្ញា Canny Pan បាននិយាយថា ចាប់តាំងពីមានបញ្ហាបាតុកម្មទាមទារប្រាក់ឈ្នួល១៦០ដុល្លារមក រោងចក្ររបស់នាងមិនអាចបើកទ្វារធ្វើការបានទេ ព្រោះមានគេមកអុកឡុក គប់ដុំថ្មទាញអង្រួនទ្វារបំផ្លាញរាល់ថ្ងៃបង្ខំឲ្យកម្មករចេញទៅធ្វើបាតុកម្ម បើទោះជាមានកម្មករភាគច្រើនគេចង់មកធ្វើការជាធម្មតាក៏ដោយ។
អ្នកចាត់ការទូទៅរបស់រោងចក្រ YVP រូបនេះបន្តថា នាងមានការគាំទ្រចំពោះដំណោះស្រាយរបស់រាជរដ្ឋាភិបាលដែលបានកំណត់ការដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិតកាលពីប៉ុន្មានថ្ងៃមុននោះការធ្វើដូច្នេះជាការបើកច្រកមួយទាំងភាគីរោងចក្រក៏អាចទៅរួច និងភាគីកម្មករនិយោជិតក៏អាចទទួលយកបាន គឺមានន័យថារួមគ្នាការពារឆ្នាំងបាយបានទាំងអស់គ្នាដោយមិនមានអ្នកស្លាប់។ ជាអកុសលក្នុងរយៈពេលប៉ុន្មានថ្ងៃនេះក៏មានកម្មករមួយចំនួនតូចបានជម្រុញឲ្យមានការបិទទ្វាររោងចក្រ តាមរយៈបង្ខំកម្មករ-កម្មការនីឲ្យចេញទៅធ្វើបាតុកម្មទាមទារឡើងប្រាក់ខែឲ្យបាន១៦០ដុល្លារ។ នាងបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះ វេលាម៉ោង៧និង២០នាទីខណៈរោងចក្រនាងបានបើកទ្វារ និងមានកម្មករភាគច្រើនបានមកធ្វើការនោះ ក៏មានយុវជនមួយក្រុមមានគ្នាបួនដប់នាក់មិនដឹងមកពីរោងចក្រណា បាន មកទាញទ្វារជេប្រមាថកាតទាន និងគុបដុំថ្មដាក់កម្មករក្នុងរោងចក្រនេះឲ្យចេញមកក្រៅឈប់ ធ្វើការហើយទៅធ្វើបាតុកម្មទាមទារប្រាក់ខែវិញ។ បើទោះជាមានការពន្យល់ពីបុគ្គលិករដ្ឋបាលថាពួកគេចង់ធ្វើការក៏ដោយ ក៏គេទាំងនោះមិនស្តាប់ហេតុផលអ្វីទាំងអស់ មានតែការគំរាមកំហែងសម្លាប់ និងបំផ្លាញទ្រព្យសម្បត្តិគេតែប៉ុណ្ណោះ។ រោងចក្រនេះ មិនបានធ្វើការរយៈ ពេល៦ថ្ងៃហើយគិតមកដល់ថ្ងៃនេះ ដែលមួយថ្ងៃរោងចក្រត្រូវខាតបង់ប្រាក់ប្រមាណជា១៥០០០ដុល្លារ។
កញ្ញាទូច ដានី បុគ្គលិករដ្ឋបាលរោងចក្រYVPបាននិយាយថា រោងចក្រ YVP មានកម្មករសរុបជាង៨០០នាក់ ដោយឡែកនៅប៉ុន្មានថ្ងៃនេះមានកម្មករមកធ្វើការប្រហែលជាង៧០០នាក់ ប៉ុន្តែពួកគេមិនអាចធ្វើការបាន ដោយសារមានការបង្ខំឲ្យចេញទៅក្រៅធ្វើបាតុកម្មបើទោះជា ពួកគេមិនចង់ទៅក៏ដោយ ។ កញ្ញានិយាយទៀតថា បើសិនជាបែបនេះតទៅទៀតមិនយូរប៉ុន្មានទេទាំងរូបនាង និងបងប្អូនកម្មករជាច្រើនទៀតនឹងអត់ការងារធ្វើព្រោះត្រូវរោងចក្របង្ខំចិត្តបិទទ្វារ។ យ៉ាងណាក៏ដោយ កញ្ញា ទូច ដានី បានសម្តែងនូវការស្វាគមន៍ចំពោះការសុំតម្លើងប្រាក់ខែឲ្យបានសមរម្យទៅតម្លៃទំនិញនៅក្នុងទីផ្សារ និងផ្ទះជួលដែលកំពុងតែឡើងយ៉ាងគំហុកនាពេលនេះ។
កញ្ញាបន្តថា ពីមុនយើងចាយត្រឹមតែ៥០០០រៀលអាចហូបបានក្នុង១ថ្ងៃ គ្រាន់តែលឺតម្លើងប្រាក់ខែ មិនទាន់ទាំងបានបើកឲ្យកម្មករផង ឥវ៉ាន់ ត្រី សាច់ បន្លែ និងផ្ទះជួល ក៏តម្លើងថ្លៃយ៉ាង ចាស់ដៃតែម្តងធ្វើឲ្យពួកគាត់ទប់ទល់លែងបានតទៅទៀតហើយ ចាយ១ថ្ងៃ១០០០០រៀល មិនគ្រប់គ្រាន់ផង។ ទាំងនិយោជក និងកម្មករស្នើឲ្យរាជរដ្ឋាភិបាលគិតគូរទប់ស្កាត់អំពីបញ្ហាទំនិញ នៅលើទីផ្សារដែលកំពុងតែឡើងថ្លៃខ្ពស់មិនធ្លាប់មាននេះផង ។ ម៉្យាងជួយទប់ស្កាត់នូវការគំរាមកំហែងពីជនមិនស្គាល់ឈ្មោះទាំងនោះ ដើម្បីឲ្យកម្មករបានចូលធ្វើការវិញព្រោះជិតដល់ថ្ងៃបង់ថ្លៃផ្ទះថ្លៃទឹក ភ្លើងនិងសំរាមហើយ។
ជាមួយគ្នានេះរាជរដ្ឋាភិបាលប្រកាសប្តឹងទៅតុលាការដើម្បី ចាត់វិធានការតាមផ្លូវច្បាប់ចំពោះលោករ៉ុង ឈុនមេដឹកនាំសហភាពសហជីពកម្ពុជានិងជាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលដឹកនាំកម្មករកម្មការិនី ធ្វើបាតុកម្មប្រឆាំងទៅនិងការតម្លើងប្រាក់ខែនិងទាមទារប្រាក់ខែ១៦០ ដុល្លារក្នុងមួយខែ និងមេដឹកនាំសហជីពចំនួន៥នាក់ផ្សេងទៀតក៏ត្រូវបានទទួលការព្រមានឲ្យគោរព តាមសេចក្តីសម្រេចរបស់គណៈកម្មាធិការក្រុមប្រឹក្សាការងារនិងបញ្ឈប់ការញុះញង់ជាបន្ទាន់។នេះបើយោងតាមស.ជ.ណ អវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ របស់គណៈរដ្ឋមន្ត្រីផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈករណីសំណើសុំគោលការណ៍ស្តីពីការដាក់កំហិតលើ សហជីពចំនួន៥និងសមាគមមួយដែលដឹកនាំធ្វើបាតុកម្មប្រឆាំងនឹងការតម្លើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ផ្នែកវាយភ័ណ្ឌកាត់ដេរ និងស្បែកជើង៕ ដោយ ៖ សស្អាត