ភ្នំពេញ៖ អង្គការអភិវឌ្ឍន៍កសិកម្មមួយនៅកម្ពុជា នារសៀលថ្ងៃទី ១២ ធ្នូនេះ នឹងចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជនមួយ ដើម្បីសហការលើការផលិតអង្ករសរីរាង្គដែលមានគុណភាពខ្ពស់សម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។មជ្ឈមណ្ឌលដើម្បីសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅកាត់ថា (សេដាក)បានថ្លែងថា ខ្លួនមានគោលបំណងដើម្បីចូលរួមលើកស្ទួយកម្រិតជីវភាពរបស់ប្រជាកសិករ តាមរយៈការជំរុញការផលិតនិងការនាំចេញអង្ករសរីរាង្គ ដោយគ្រួសារកសិករជាង១ម៉ឺនគ្រួសារ នឹងទទួលផលប្រយោជន៍ពីការសហការនេះ នៅក្នុងអំឡុងឆ្នាំ ២០១៤ និង ២០១៥។អង្គការសេដាក និងក្រុមហ៊ុនមេគង្គអូរីហ្សា ត្រេតឌីង នឹងធ្វើការចុះហត្ថលេខា នៅវេលាម៉ោង៣រសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៣ នៅឯទីស្នាក់ការធនាគារអភិវឌ្ឍន៍ជនបទ ក្រោមវត្តមាន របស់លោក សុន គន្ធរ ជាប្រធានធនាគារអភិវឌ្ឍន៍ជនបទ។
អង្គការ សេដាក បញ្ជាក់ទៀតថា តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុននេះ សហគមន៍កសិករដែលគាំទ្រដោយអង្គការសេដាក នឹងមានលទ្ធភាពកាន់តែច្រើនថែមទៀតក្នុងការផលិតប្រមូលស្តុកទុក និងកែច្នៃអង្ករផ្គត់ផ្គង់មកកាន់ទីផ្សារ។ សហគមន៍កសិករក៏នឹងអាចទទួលបានទុនមួយចំនួនយកទៅសាងសង់ឃ្លាំងខ្នាត តូចផ្ទុកដាក់ស្រូវដំឡើងម៉ាស៊ីនកិនស្រូវខ្នាតតូចនិងមធ្យមនៅតាមសហគមន៍របស់ពួកគាត់សំរាប់កិនជាអង្ករសំរូបលក់មកអោយក្រុមហ៊ុនវិញ ដើម្បីធ្វើការកែច្នៃ និងវេចខ្ចប់សំរាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ក្រៅពីនោះ កសិករ នឹងសល់អង្កាមនិងកន្ទក់ទុកប្រើប្រាស់តាមតម្រូវការ ជាពិសេសអាចធ្វើជីដាក់ស្រែនិងចំណីសត្វទៀតផង។
សូមរំលឹកថា អង្ករក្រអូបកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ពីរឆ្នាំជាប់គ្នាខាងរស់ជាតិឆ្ងាញ់ ក្នុងការប្រកួតជាអន្តរជាតិកាលពីឆ្នាំ២០១២ និង ២០១៣ នេះ។ បើយោងតាមតួលេខរបស់អាមេរិក USDA បានបង្ហាញថា ស្រូវក្រអូបរបស់កម្ពុជាជាប់លំដាប់លេខ២ក្នុងពិភពលោកក្នុងការផលិត និងជាប់ចំណាត់ថ្នាក់លេខ៥ សំរាប់នាំចេញ៕ ដោយ៖ ភីនរ៉ា