កំពង់ឆ្នាំង៖ គ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាសុខភាពសាធារណៈចំបង និងបានក្លាយជាប្រធានបទដ៏ក្តៅគគក់ចំពោះប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាមូលហេតុចំបងនៃការស្លាប់ចំពោះយុវជនដែលមានអាយុពី១៥ទៅ២៩ឆ្នាំ ។ ជនរងគ្រោះ និងគ្រោះថា្នក់ចរាចរណ៍មានការថយចុះតែចំនួនអ្នកស្លាប់មានការកើនឡើង បើធៀបទៅនឹងឆ្នាំ២០១២គ្រោះថា្នក់ចរាចរណ៍មានចំនួន៤.២៥០ករណី បណ្តាលឲ្យប្រជាជន១៥.៦១៥នាក់រងគ្រោះ ក្នុងនោះស្លាប់១.៩៦៦នាក់ រងបួសធ្ងន់៥.៣៤៩នាក់ ហើយទិន្នន័យបឋមនៃជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍រយៈ៩ខែឆ្នាំ២០១៣ មានចំនួន៦.៧៦៧នាក់ ស្លាប់មានចំនួន១.៤៦៩នាក់ របួសធ្ងន់៣.០៩៩នាក់។
លោក ស្ទីវ អ៊ីនឌីង តំណាងអង្គការសុខភាពពិភពលោក និងជាប្រធានក្រុមការងារជំងឺមិនឆ្លងបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជាក៏ដូចជាបណ្តាប្រទេសនានាមួយចំនួននៅលើសកលលោក អ្នកប្រើប្រាស់ផ្លូវ ដែលងាយរងគ្រោះជាងគេ គឺអ្នកជិះម៉ូតូ អ្នកជិះកង់ និងអ្នកថ្មើរជើង ។ ប៉ុន្តែសំរាប់ប្រទេសកម្ពុជា យោងតាមប្រព័ន្ធរបាយការណ៍ជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០១២បានបង្ហាញថា អ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះទាំងនោះមានរហូតដល់ ៨៣% នៃអ្នកស្លាប់ទាំងអស់ ហើយតួរលេខនេះខ្ពស់ជាងតួរលេខសកលដែលមានត្រឹមតែ៥០%ប៉ុណ្នោះ ។ ជនរងគ្រោះទាំងនោះបានសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយបានបង្កើតនៅបន្ទុកដ៏ធ្ងន់ថែមទៀតដល់ប្រព័ន្ធសុខាភិបាលដែលមានថវិកាតំណត់។លោក គីម យីដេត អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិប្រមាណជាង៣០០លានដុល្លារជារៀងរាល់ឆ្នាំ។ ការខារបង់នេះជាចំនួនដ៏ធំធេងហួសពីកាស្មានក្នុងពេលដែលរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា កំពុងតែតស៊ូដើម្បីកាត់បន្ថយភាពក្រីក្រ។
លោកលើកឡើងទៀតថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពីកក្តាមនុស្សរហូតដល់ ៩៦% ក្នុងនោះរួមមានការបើកបរហួសល្បឿនកំណត់មាន៥២% ការបើកបរក្រោមឥទិ្ធពលគ្រឿងស្រវឹងមាន១៣% បើកបរមិនគោរពសិទ្ធអាទិភាពមាន៩% និងបញ្ហាផ្សេងទៀត ។លោកបន្តទៀតថា ដើម្បីកាត់បន្ថយការស្លាប់ដែលចេះតែកើនឡើងពីមួយថ្ងៃទីមួយថ្ងៃ ដែលអាចចៀសវាងបាននេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្រសួងស្ថាប័នពាក់ព័ន្ធព្រមទាំងដៃគូរអភិវឌ្ឍន៍ បានសហការគ្នាធ្វើវិសោធនកម្មច្បាប់នូវមាត្រាមួយចំនួនហើយបានបង្កើតច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដោយបានបង្កើនការដាក់ទោសទណ្ឌធ្ងន់ធ្ងរ និងការផាកពិន័យចំពោះបទល្មើសច្បាប់ចរាចរណ៍ ជាពិសេសការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការមិនពាក់ពួកសុវត្ថិភាពរហូតដល់ទៅ៥ដងនៃការផាកពិន័យបច្ចុប្បន្ន ៕ដោយ៖ ស.ស្អាត