ភ្នំពេញ៖ ប្រជាពលរដ្ឋដែលតែងតែនាំគ្នាទៅហាត់ប្រាណ នៅលើសួនច្បារដេអិនបាននាំគ្នារិះគន់មន្រ្តីដឹកនាំ មន្ទីរសាធារណៈការរាជធានីភ្នំពេញថា គិតតែពីកិច្ចការមានលុយនៅចំពោះមុខតែការងារមិនទទួលផលប្រយោជន៍ផ្ទាល់ខ្លួនមិនអើពើ ដូចជាឧបករណ៍ហាត់ប្រាណនៅលើសួនច្បារខាងកើតអគ្គសេនាធិការការកងទ័ព (សួនដេអិន) ដែលជាស្នាដៃរបស់អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បានកសាងសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាពមុនពេលលោកចូលនិវត្តន៍នោះ បច្ចុប្បន្នត្រូវបានខូចខាតស្ទើតែទាំងស្រុងដោយគ្មានការអើពើជួសជុលនិងថែទាំ។
ប្រជាពលរដ្ឋទៅហាត់ប្រាណនៅទីនោះ អ្នកស្រី ចន្ថា មានវ័យប្រមាណ៥០ឆ្នាំបាននិយាយថា ក្រោយពីសាលាក្រុងដាក់ឧបករណ៍កីឡាជាច្រើនប្រភេទនៅលើសួនច្បារនេះ ខ្ញុំនិងអ្នកក្បែរខាងមួយចំនួនទៀត ក៏ដូចជាប្រជាពល
រដ្ឋដែលមានលំនៅដ្ឋាននៅក្បែរទីនេះ និងមានវ័យចំណាស់ហើយសុខភាពមិនសូវល្អតែងតែនាំគ្នាមកធ្វើការហាត់ប្រាណដោយប្រើប្រាស់ឧបករណ៍នេះ ស្ទើតែរៀងរាល់ថ្ងៃដែលវាបានជួយធ្វើឲ្យសុខភាពពលរដ្ឋមានការប្រសើរឡើង ។
អ្នកស្រីបន្តថា បច្ចុប្បន្ននេះមានឧបករណ៍មួយចំនួននៅក្នុងសួនច្បាដេអិននេះ ខូចលែងហាត់ប្រាណបានទៀតហើយព្រោះគ្មានអ្នកជួយជួសជុល ។ កាលពីប៉ុន្មានខែមុនគេឃើញមានអ្នក មកជួសជុលម្តងដែរ តែមិនបានប៉ុន្មានផងក៏ខូចបាត់ទៀតទៅហើយ ការដែលឆាប់ខូចនេះគឺបណ្តាល មកពីក្រុមក្មេងៗមកលេងនៅទីនេះប្រើប្រាស់មិនបានល្អ និងមិនជួយថែទាំគ្នា ហើយម៉្យាងទៀត ឧបករណ៍ទាំងនេះនៅកណ្តាលវាលហាលក្តៅហាលភ្លៀងជាង២ឆ្នាំ គឺវាខូចបែបនេះហើយទាល់តែមានការជួសជុលទើបអាចប្រើប្រាស់បានតទៅទៀត។
ចំណែក លោកតា អឿន សន មានវ័យប្រមាណជាង៦០ឆ្នាំ បានមានប្រសាសន៍ថា ឧបករណ៍ទាំងនេះមានរយៈពេលជិត២ឆ្នាំគឺល្មមដល់ពេលជួសជុលហើយ ហើយឧបករណ៍ទាំងនោះបើមនុស្សចាស់ៗប្រើមិនងាយខូចទេ តែក្មេងៗគេប្រើដៃជើងធ្ងន់ៗពេកទើបយ៉ាងដូចច្នេះ ម៉្យាងបើមានអ្នក មើលការខុសត្រូវក៏មិនដល់ម្លឹងដែរ ដូចជាកៅអីមូលនៅកណ្តាលសួនដែលគេធ្វើពីឆ្អឹងដែក និងរនាបឈើនោះមានអ្នករពឹសដៃគាល់យកឈើចេញ ធ្វើឲ្យប្រហោងស្ទើរជុំវិញរកអង្គុសឹងមិនកើត។
លោកបន្ថែមថា ឧបករណ៍ទាំងនេះធ្វើឡើងអស់លុយជាតិច្រើនណាស់ តែហេតុអ្វីបានជាសាលា រាជធានីភ្នំពេញពុំចាត់ឲ្យមានអ្នកជួយថែទាំ និងមើលការខុសត្រូវ ។ កាលពីជំនាន់លោក កែប ជុតិមា ជាចៅហ្វាយក្រុងរៀងគ្រាន់បន្តិចគេឧស្សាហ៍ឃើញមានអ្នកមកជួយជួសជុល ប៉ុន្តែរយៈពេលជិតមួយឆ្នាំនេះលែងមានឃើញអ្នកណាមកជួសជុលឧបករណ៍ទាំងនោះ ទុកឲ្យខូចទីណាត់ទីណែង រលីងរលុងប្រើប្រាស់លែងកើត ដូចជា ឧបករណ៍ធាក់កង់ លំហាត់ទាញ និងឧបករណ៍ចលនាជើងមួយចំនួនទៀត ពិសេសកៅអីរង្វង់មូលទាំងអស់ជ្រុះរនាបសម្រាប់អង្គុយជិតអស់ហើយ។
លោកបានរិះគន់ថា ទាំងនេះគឺមកពីមន្រ្តីជំនាញពាក់ព័ន្ធរបស់មន្ទីរសាធារណៈការរាជធានីភ្នំពេញមិនយកចិត្តទុកដាក់ក្នុងការមើលថែទាំ និងជួសជុលគឺទុកបណ្តោយឲ្យខូចស្រាច់តែអំពើចិត្តទៅ ព្រោះវាមិនមែនជាកម្មសិទ្ធផ្ទាល់ខ្លួន បូករួមទាំងគ្មានការជម្រុញឲ្យជួយថែទាំពីលោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស ទៀតផងនោះ ក៏បណ្តោយឲ្យខូចទៅតាមសមាជីវោហ៍តែម្តងទៅ ។
ខុសពីលោក កែប ជុតិមា ដែលចូលចិត្តកីឡាគាត់ធ្វើកិច្ចការមួយចំនួនដើម្បីសុខមាលភាពប្រជាពលរដ្ឋ ព្រោះគាត់តែងតែពន្យល់ថា មានតែការហាត់ប្រាណទេដែលនាំឲ្យយើងរួចផុតពីជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺផ្សេងៗមួយចំនួនទៀត។ ដូច្នេះហើយបានជាគាត់ជម្រុញឲ្យមន្រ្តីពាក់ព័ន្ធយកចិត្តទុកដាក់ ជួយមើលថែទាំនូវសមិទ្ធិផលដែលបានកើតឡើង សម្រាប់ប្រជាពលរដ្ឋធ្វើលំហាត់ប្រាណដើម្បីសុខភាព។
ទាក់ទិនទៅនឹងការលើកឡើងរបស់ប្រជាពលរដ្ឋខាងលើនេះ យើងបានព្យាយាមសុំការបំភ្លឺពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារធារណៈការរាជធានីភ្នំពេញតាមទូរស័ព្ទជាច្រើនលើក តែពុំមានអ្នកទទួល ។ ចំណែកលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ បានត្រឹមតែប្រកែកឆ្លើយថាមិនដឹង ហើយរុញឲ្យសួរទៅលោកប្រធានមន្ទីរវិញព្រោះជារឿងរបស់មន្ទីរ៕ ដោយ៖ សស្អាត