ភ្នំពេញ៖ ក្រុមអ្នកជំនាញចាប់ផ្តើមបើកកិច្ចស្រាវជ្រាវពីដំណោះស្រាយធ្វើឲ្យពលករចំណាក់ស្រុកកាន់តែមានស្ថាន ភាពល្អប្រសើរ សម្រាប់ដាក់ជូនអ្នកតាក់តែងគោលនយោបាយដើម្បីទាញយកប្រយោជន៍អភិវឌ្ឍសេដ្ឋកិច្ចជាតិ។នេះជាគម្រោងមួយដែលមានរយៈពេល៣ឆ្នាំ គឺចាប់ពីដើមខែធ្នូ ឆ្នាំ២០១៣នេះដល់ចុងខែធ្នូ ឆ្នាំ ២០១៦ ក្រោមកិច្ច សហការរវាងក្រសួងមហាផ្ទៃ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បិអភិ វឌ្ឍន៍កម្ពុជាហៅកាត់ថា (CDRI)។ គម្រោងនេះបានធ្វើឡើងខណៈដែលពលករចំណាក់ស្រុកកម្ពុជា ភាគច្រើនមានលក្ខណៈមិនស្របច្បាប់ ដែលងាយជួបបញ្ហាប្រឈមជាច្រើន ពិសេសមិនអាចទាញ យកផលប្រយោជន៍ សម្រាប់ អភិវឌ្ឍខ្លួននៅពេលត្រលប់មកវិញ។
ក្នុងសិក្ខាទំនាក់ទំនងរវាងគោលនយោបាយសាធារណៈទេសន្តរប្រវេសន៍ និងការអភិវឌ្ឍកម្ពុជានៅ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះលោកឡារី ស្តេ្រង នាយកCDRI មានប្រសាសន៍ថា ទោះបីជាការធ្វើចំណាក់ ស្រុកពួកគេគិតថា ទទួលបានផលប្រយោជន៍ច្រើនក៏ដោយ ប៉ុន្តែបញ្ហាប្រឈមក៏ដើរទន្ទឹងគ្នាដែរ ក្នុង នោះងាយប្រឈមដូចជា៖ ការជួញដូរមនុស្ស, ការកេងប្រវញ្ច័ផ្លូវភេទ, និងពលកម្មជាដើម។
លោកបញ្ជាក់ថា បញ្ហានេះពុំមែនតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ គឺទាំងនៅក្នុងតំបន់ និងពិភពលោក ដែលទាមទារឲ្យមានការចូលរួមដោះស្រាយ។ លោកបន្តទៀតថា តាមរយៈនៃការស្រាវជ្រាវនេះ នឹងកំណត់ពីបញ្ហាប្រឈមនានារបស់ពលទេសន្តរប្រវេសសន៍ដែលកំពុងបំរើការងារនៅក្រៅប្រទេស និងរកឲ្យឃើញពីភាពខ្វះចន្លោះនៃគោលនយោបាយកន្លងមក នឹងធ្វើការបង្ហាញពីដំណោះស្រាយគំាពារ សម្រាប់ដាក់ជូនអ្នកតាក់តែងគោលបាយដើម្បីធ្វើឲ្យស្ថាននេះកាន់តែប្រសើរជាងមុន។ ក្រៅពីនេះ លោកអះអាងថាវាក៏ជួយជំរុញឲ្យប្រទេសដែលទទួលយកពលករពីកម្ពុជាធ្វើយ៉ាងណាផ្តល់ជំនាញ សមស្របជូនពួកគេដើម្បីឲ្យការនិវត្តន៍មកវិញអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ពិសេសជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោក ងី ចន្ទ័ផល រដ្ឋលេខាក្រសួងមហាផ្ទៃបានទទួលស្គាល់ថា ការដោះស្រាយលើបញ្ហានេះ គឺតម្រូវឲ្យមានការអនុវត្តគោលនយោបាយច្បាប់ជាតិ, ច្បាប់តំបន់ និងច្បាប់អន្តរជាតិ ដើម្បីធានាឲ្យការ គ្រប់គ្រងពលករមានប្រសិទ្ធិភាព ប៉ុន្តែពេលនេះកម្ពុជាក៏កំពុងធ្វើដំណើរល្អឆ្ពោះទៅមុខក្នុងការឆ្លើយតប លើបញ្ហានេះដែរ។លោករដ្ឋលេខាក្រសួងមហាផ្ទៃរូបនេះ បានអះអាងថា រាជរដ្ឋាភិបាលបានត្រៀមធ្វើគោលនយោបាយជនចំណាក់ស្រុក ដើម្បីឲ្យមានការផ្សាភ្ជាប់ជាមួយនឹងការអភិវឌ្ឍ ដែលអាចបង្កើនជីឌីភី (GDP ) នៃសេដ្ឋកិច្ចកម្ពុជា។
បើយោងតាមរបាយការណ៍ពីអង្គការខារ៉ាមកម្ពុជាបានបង្ហាញឱ្យដឹងដែរថា ប្រជាពលរដ្ឋកម្ពុជាបានធ្វើចំណាក់ស្រុកទៅប្រទេសថៃមានចំនួនជាង៤សែននាក់ ប្រទេសម៉ាឡេស៊ីជាង៥ម៉ឺននាក់ និងទៅប្រទេសកូរ៉េជាង២ម៉ឺននាក់ ប៉ុន្តែការធ្វើចំណាក់ស្រុកមិនស្របច្បាប់បានផ្តល់ផលអវិជ្ជាមានជាច្រើន នឹងមិនបានផ្ញើរប្រាក់កាសមកជួយក្រុមគ្រួសារនៅឯស្រុកកំណើតបានច្រើនទៀតផង៕ ដោយ ៖មករា