ភ្នំពេញ៖ ប្រធានអាជ្ញាធរអេដស៍អះអាងថា ប្រទេសកម្ពុជានឹងងចែករំលែកបទពិសោធន៍ល្អៗស្តីពីយុទ្ធសាស្រ្តនៃការទប់ស្កាត់ ការឆ្លងមេរោគអេដស៍ដល់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាហ្វិកក្នុងសមាជអន្តរជាតិនៅក្នុងទីក្រុងបាងកកប្រទេសថៃចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២សប្តាហ៏នេះ។
លោក ទេសរដ្ឋមន្ត្រី អៀង ម៉ាលី ប្រធានអាជ្ញាធរអេដស៍កម្ពុជាបានថ្លែងនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមុនដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមសមាជអន្តរជាតិស្តីពីការងារប្រឆាំងជំងឺអេដស៍នៃអាស៊ីប៉ាស៊ីហ្វីកលើកទី១១នៅទីក្រុងបាងកកប្រទេសថៃដែលមានប្រទេសចូលរួមជាង៤០មកពីអាស៊ីប៉ាស៊ីហ្វីកថា សមាជអន្តរជាតិនៅពេលនេះជាវេទិកាផ្លូវការរបស់រដ្ឋាភិបាលនិងអង្គការជាតិនិងអន្តរជាតិ ក្នុងការចែករំលែកបទពិសោធន៍ការងារគ្នាទៅវិញទៅមក ស្តីពីបទពិសោធន៍នៃការកាត់បន្ថយការឆ្លងមេរោគអេដស៍ ពិសេសដើម្បីស្វែងរកនូវវិធីការពារដើម្បីទប់ស្កា់ពីការរីករាលដាលនៃការឆ្លងមេរោគអេដស៍ផងដែរ។
លោកបានបន្តថា វេទិកានេះមានគោលបំណងធ្វើយ៉ាងណាសម្រេចឲ្យស្របតាមទិសដៅសហសវត្សរ៍របស់អង្គការសហប្រជាជាតិគឺទិសដៅ៣សូន្យដែលមាន សូន្យពីការរើសអើង សូន្យពីការចម្លងមេរោគអេដស៍ពីម្តាយទៅកូន និងសូន្យដោយសារការស្លាប់ដោយសារជំងឺអេដស៍។មិនតែប៉ុណ្ណោះ សមាជនេះក៏ជាឱកាសមួយដែលប្រទេសកម្ពុជាយើងបានចែករំលែកបទពិសោធន៍កន្លងមកពីការការពារនូវប្រេវ៉ាឡង់នៃការរីករាលដាលនៃអត្រាឆ្លងមេរោគអេដស៍ឲ្យមកកម្រឹតទាបផងដែរ។គួរបញ្ជាក់ថា អាត្រានៃអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជាបច្ចុប្បន្នគឺ អាត្រាអ្នកផ្ទុកមេរោគអេដស៍ចុះមកត្រឹម៧%ពោលគឺថយចុះ១%ក្នុងចំណោមមនុស្សជាង៧ម៉ឺននាក់ ក្នុងនោះមានស្រ្តីផ្ទុកមេរោគអេដស៍ប្រហែលជា៣ម៉ឺន៥ពាន់នាក់ និងកុមារកំព្រាដែលចម្លងពីម្តាយមកកូនមានប្រហែល៥ពាន់នាក់៕
ដោយ៖ រតនា