ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ ជនបទ សហការណ៍ជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយហៅកាត់(NCDM) អង្គការការីតាសកម្ពុជា (CARITAS) និងអង្គការ Oxfam បានបើកវគ្គបណ្តុះបណ្តាលស្តីពីការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយទៅក្នុងផែនការអភិវឌ្ឍន៍ នៅសាលប្រជុំអង្គការការីតាសកម្ពុជា ។ កាលពី ថ្ងៃទី ១៦ ដល់ថ្ងៃទី១៧ សិក្ខាកាមអញ្ជើញចូល រួមមកពី មន្ត្រីបង្គោលមន្ទីរអភិវឌ្ឍន៍ជនបទមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មេឃុំ មន្ត្រីក្រុមប្រឹក្សាឃុំ /សង្កាត់មេភូមិ និងមន្ត្រីអង្គការមួយចំនួនទៀត ។
នៅក្នុងឱកាសបើកវគ្គ លោកបណ្ឌិត សេង លីម៉េង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ជា សុផារ៉ារដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានគូសបញ្ជាក់ថា ៖ បណ្តុះបណ្តាលនេះមានរយៈពេលខ្លី ប៉ុន្តែពិតជាបានបោះជំហានចូលយ៉ាងជ្រៅ ទៅ ដល់ថ្នាក់មូលដ្ឋាន ភូមិ ឃុំ ស្រុក ទទួលបានឱកាសយល់ដឹងអំពីទស្សនទាន និងបទ ពិសោធន៍ល្អៗស្តីពី ការបញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្ដរាយទៅក្នុងផែនការវិនិយោគឃុំ សង្កាត់និងសកម្មភាពអភិវឌ្ឍជន បទនានា ដើម្បីឈានទៅសម្រេចឱ្យបានតាមគោលដៅអភិវឌ្ឍន៍របស់ក្រសួងអភិ វឌ្ឍន៍ជនបទ ក៍ដូចជារាជរដ្ឋាភិបាលកម្ពុជា។ លោកបានបង្ហាញថា៖ បម្រែបម្រួលអាកាសធាតុ ជាដើមហេតុនៃការបង្កគ្រោះមហន្តរាយ រាជរដ្ឋាភិបាលក្រោមការ ដឹក នាំដ៏ឈា្លសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន និងកំពុង អនុវត្តនូវកាតព្វកិច្ចចំពោះមុខដូចខាងក្រោម៖ គឺ ការរៀបចំគោល នយោបាយ និងផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។ ការពង្រឹងសមត្ថភាព ស្ថាប័ន មន្ត្រីបច្ចេកទេស និងអ្នកសម្របសម្រួល។ ការអនុវត្តគម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ការកៀរគរធនធាន ។ ការអប់រំ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ។ ការចរចារអន្តរជាតិដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ។
លោកក៍បានបញ្ចាក់បន្ថែមថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ លោករដ្ឋមន្ត្រី ជា សុផារ៉ា បាននិងកំពុងអនុវត្តនូវគម្រោងជាច្រើន ដែលបានឆ្លើយតបចំពោះបញ្ហានៃការប្រែប្រួលអាកាសធាតុ ក្នុងនោះមានគម្រោងធំៗចំនួន ៤ គឺ៖ ១. គម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទជំហាន២ ២. គម្រោងឥណទានជនបទក្រសួងអភិវឌ្ឍន៍ជនបទ ៣. គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទដែលខូចខាតដោយសារព្យុះកេតសាណា ៤. គម្រោងកែលម្អផ្លូវពីកម្រាលគ្រួសក្រហមទៅជាកម្រាលកៅស៊ូ ៕
ស.ស្អាត