រតនគិរី ៖ យ៉ាងហោចណាស់អ្នកទោសចំនួន៥នាក់ ក្នុងនោះរួមមានទាំងឃាតកសម្លាប់ថៅកែចំការកៅស៊ូកាលពីពេលថ្មីៗនេះផង បានលួចហែកគុកភ្នំស្វាយ នៃខេត្តរតនគិរី រត់រួចចំនួន៤នាក់ និងត្រូវចាប់បានមកវិញម្នាក់។ហេតុការណ៍ហែកគុកខេត្តរតនគិរីរត់នេះ បានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញ។
អ្នកទោសដែលរត់រួចចំនួន៤នាក់នោះត្រូវបានអនុរក្សពន្ធនាគារបញ្ជាក់ថា មានឈ្មោះ នៅ សុខណា (ហៅខ្នា) ត្រូវឃុំខ្លួនកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ពីបទឃាតកម្មគិតទុកជាមុនលើម្ចាស់ចំការកៅស៊ូនៅស្រុកអូរជុំ, ឈ្មោះ វ៉ន វិចិត្រ ភេទប្រុស អាយុ២១ឆ្នាំ ឃុំខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៣ ពីបទរួមភេទជាមួយអានីតិជន, ឈ្មោះ ធ្វើន នួន ឃុំខ្លួនកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៣ និងឈ្មោះ ភុំ ខូ ឃុំខ្លួនកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ ពីបទលួច។ ចំណែកអ្នកទោសម្នាក់ដែលចាប់ខ្លួនបានមកវិញនោះមានឈ្មោះ ផៃ រិត ជាប់ចោទពីបទប្រទុស្តកេរ។
បើតាមលោក ងីន នែល ប្រធានពន្ធនាគារខេត្តរតនគិរីបានឲ្យដឹងថា ការហែកគុករត់របស់អ្នកទោសនេះ គឺធ្វើឡើងដោយអ្នកទោសទាំងនោះបានលួចអារចំរឹងដែកបង្អួច ដោយប្រើរណាចំនួន២តាំងពីម៉ោង១០យប់ ថ្ងៃទី០៩ វិច្ឆិកា ម្ល៉េះ។ លុះវេលាទៀបភ្លឺថ្ងៃទី១០ វិច្ឆិកា ពួកគេក៏នាំគ្នាលូនចេញម្នាក់ម្តងៗ បន្ទាប់មកឡើងតាមរបងលួសចំនួនពីរជាន់ ដោយប្រើកាំជណ្តើរជាន់ពីលើ រួចផ្លោះចេញដោយសុវត្ថិភាពទៅ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានដឹងអំពីការលួចរត់របស់អ្នកទោសនេះ កម្លាំងសមត្ថកិច្ចការពារពន្ធនាគារ ក៏ចេញប្រតិបត្តិការតាមរក និងចាប់ខ្លួនបានម្នាក់មកវិញ ហើយកំពុងបន្តស្វែងរកចាប់ខ្លួនអ្នកទោសដែលនៅសេសសល់។សូមបញ្ជាក់ថា ពន្ធនាគារខេត្តរតនគិរីនេះ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ មុនការលួចហែកគុករបស់អ្នកទោសទាំង៥នាក់នេះ ក៏មានអ្នកទោសម្នាក់បានលួចហែកគុករត់រួចផងដែរ ដែលអ្នកទោសនោះមានឈ្មោះ គឹម បូរាន់ ជាប់ទោសពីបទជួញដូរគ្រឿងញៀន៕ ដោយ៖ សស្អាត