ភ្នំពេញ៖ ក្រសួងធម្មការ និងព្រះសង្ឃបានជួយបំផុសសារគាំទ្រមតិដើម្បីបន្ថយភាពងាយរងគ្រោះដល់កុមារកម្ពុជា ដោយបង្កើនចំណេះដឹង និងការយល់ដឹងអំពីសិទ្ធិកុមារក្នុងការការពារបញ្ចៀសកុំឱ្យមានអំពើហិង្សា ការធ្វើ ទុក្ខ ទោស និងការមិនអើពើក្នុងចំណោមកុមារ ឪពុកមា្តយ និងអាណាព្យាបាលនៅសង្គម។ ហើយព្រះសង្ឃ ក៏បានជួយជំរុញសារស្តីពីការមិនរើសអើងការគោរព និងការថែទាំជនដែលរស់នៅ ជាមួយមេរោគអេដស៏ និងតម្លៃភាពសំខាន់នៃការសិក្សាអប់រំ។
នេះបើយោងទៅតាមការអះអាងរបស់លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនាថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការវាយតម្លៃចំពោះកម្មវិធីគំនិតផ្តួចផ្តើម ថ្នាក់ដឹកនាំព្រះពុទ្ធសាសនា» ថ្ងៃទី ៧ វិច្ឆិកា ឆ្នាំ២០១៣ នេះ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ។លោក មិន ឃិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានបន្តថា តាមរយៈចំណងភ្ជាប់បណ្តាញការ ងាររបស់ក្រសួងធម្មការ និងឋានានុក្រមនៃសាសនាព្រះពុទ្ធ ដែលគ្របដណ្តប់រាល់បណ្តាខេត្ត ស្រុក និងវត្តអារាមទាំងអស់ ហើយតាមរយៈការប្រជុំដើម្បីពិនិត្យមើលកម្មវិធីគំនិតផ្តួចផ្តើមថ្នាក់ដឹកនាំព្រះពុទ្ធ សាសនា យើងមានឱកាសនេះដើម្បីពិចារណាថា តើយើងអាចធ្វើយ៉ាងណាអោយទទួលបានប្រសិទ្ធភាព បំផុតក្នុងសង្គមជាតិ ដោយបង្កើនចំណេះដឹងលើកកិច្ចការពារកុមារ និងកាត់បន្ថយអំពើហិង្សាចំពោះ កុមារនៅក្នុងប្រទេសកម្ពុជាយើង។
លោករដ្ឋមន្រ្តីធម្មការបានបញ្ជាក់ថា ក្នុងឆ្នាំ២០១៣នេះ ក្រសួងធម្មការ ជាសេនាធិការយ៉ាងសំខាន់បំផុតរបស់រាជរដ្ឋាភិបាលដែលបានចូលរួមជាមួយនឹងក្រសួងចំនួន៦ទៀត លើកកិច្ចការសហប្រតិបត្តិការជាមួយ អង្គការយូនីសែហ្វ (UNICEF)លើការអប់រំដល់កុមារនៅកម្ពុជា ពិសេសកុមារដែលមិនបានចូលសាលារៀន ព្រោះតែឪពុកម្តាយគ្មានលទ្ធភាពបញ្ជូនទៅសាលារៀន ឬកុមារកំព្រា កុមារមានជំងឺអេដស៏ជាដើម។ ហើយជាក់ស្តែងក្រសួងបានអប់រំសីលធម៌តាមរយៈនាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម ជាបណ្តើរៗ ដើម្បីជំរុញការបង្កើតការអប់រំផ្សព្វផ្សាយទៅតាមវិហារសាសនា និងសាលារៀនធ្វើយ៉ាងណាឱ្យយល់ដឹងពី ក្រមសីលធម៌ និងជំរុញកម្មវិធីអប់រំក្នុងពុទ្ធិកសិក្សា។
លោកស្រី ស៊ូណា គឹមស៊ូ អនុប្រធានអង្គការយូនីសែហ្វមានប្រសាសន៍ថា អង្គការយូនីសែហ្វមានប្រវត្តិជាដៃគូនៃកិច្ចសហប្រតិបត្តិការយូរអង្វែងមកហើយជាមួយក្រសួង តាមរយៈកម្មវិធីគំនិតផ្តួចផ្តើមនៃថ្នាក់ដឹកនាំព្រះពុទ្ធសាសនា ដែលបានផ្តល់ប្រយោជន៍ដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេរាប់ពាន់នាក់ រួមទាំងអ្នករងផលប៉ះពាល់ដោយមេរោគអេដស៏ជាដើម។លោកស្រី គឹមស៊ូ ក៏បានទទួលស្គាល់ថា សហគមន៍សាសនា គឺជាកន្លែងតែមួយគត់ក្នុងការលើកកម្ពស់នូវលទ្ធផលប្រកបដោយសមធម៌សម្រាប់កុមារ និងគ្រួសារងាយរងគ្រោះបំផុត។
អនុភាពខាងផ្លូវ សីលធម៌និងបណ្តាញយ៉ាងទូលំទូលាយធ្វើឱ្យពួកគេអាចជ្រៀតចូលទៅដល់ក្រុមងាយរងគ្រោះដែល ទទួលបានសេរីភាពមិនពេញលេញ ហើយដែលអ្នកផ្សេងទៀតជានិច្ចកាល គឺមិនអាចចូលដល់ប្រកបដោយប្រសិទ្ធភាពនេះទេ។ ហើយប្រទេសកម្ពុជា ត្រូវបានជ្រើសរើសដោយអង្គការយូនីសែហ្វក្នុងចំណោម ប្រទេសចំនួន៦៣ ទូទាំងពិភពលោកដើម្បីចូលរួមក្នុងព្រឹត្តិការណ៍សកម្មភាពសម្រាប់កុមារជុំវិញទិវាបួង សួងនៅថ្ងៃទី ២០ ខែវិច្ឆិកា ខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការវាយតម្លៃចំពោះកម្មវិធីគំនិតផ្តួចផ្តើម ថ្នាក់ដឹកនាំព្រះពុទ្ធសាសនា» គឺមានគោលបំណង និងទិសដៅប្រកបដោយសុឆន្ទៈចំនួន៣ យ៉ាងរួមមាន៖ ទី១- យកប្រព័ន្ធសាសនាជាយន្តការសម្រាប់អប់រំគុណធម៌ សីលធម៌ដល់កុលបុត្រ កុលធីតាខ្មែរឱ្យបាន ជ្រួតជ្រាប ទី២- រួមចំណែកកាត់បន្ថយភាពក្រីក្រ លុបបំបាត់ការប្រើអំពើហិង្សាលើស្រ្តី និងកុមារក្នុងសង្គម គ្រួសារ ហើយទី៣នោះ គឺជួយអភិវឌ្ឍន៍ជាតិតាមរយៈការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សក្នុង ប្រព័ន្ធសាសនានៅកម្ពុជា។
យោងតាមមាត្រាទី៤៣ នៃច្បាប់កំពូលរដ្ឋធម្មនុញ្ញបានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ហើយព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ជាតិ ទាំងសេដ្ឋកិច្ចបរិស្ថាន និងការអប់រំសីលធម៌ ចរិយាធម៌
ក្នងសង្គមថែមទៀត៕ ដោយ៖ មករា