ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅវេលាម៉ោង ១១ និង ៣០នាទី ព្រឹកថ្ងៃទី០៤ មករានេះ បានចុះធ្វើការរុះរើរៀបចំ សណ្តាប់ធ្នាប់សាធារណៈនិងបោសសំអាតនៅទីលានប្រជាធិបតេយ្យ ហើយក៏ចាប់ផ្ដើមបំបែកក្រុមបាតុករនៅទីលានប្រជាធិបតេយ្យ ។ នៅវេលាម៉ោង ១១ និង៤០នាទី ក្រុមបាតុករជាច្រើននាក់ បាននាំគ្នាចាកចេញពីទីលានប្រជាធិបតេយ្យ ។
ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចត្រូវបានបញ្ជូនជាបន្ដបន្ទាប់ទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីរុះរើរោងស្នាក់នៅរបស់ក្រុមបាតុករ ។ ដោយកម្លាំងសមត្ថកិច្ចហ៊ុំព័ទ្ធពីផ្លូវភ្លោះសហព័ន្ធរុស្ស៊ី ដោយមិនអនុញ្ញាតឲ្យមានការឆ្លងកាត់ និងបានពង្រាយកម្លាំងនៅលើទីលានប្រជាធិបតេយ្យក្នុងបំណងការពារមិនឲ្យក្រុមបាតុករចូលទៅកាន់ទីនេះជាថ្មី រហូតមានការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ។ដោយឡែកនៅពេលបន្ទាប់នោះក្រុមសណ្តាប់ធ្នាប់រាជធានីភ្នំពេញបានចាប់ផ្តើមលាងសំអាតនិងរៀបចំទីលានប្រជាធិបតេយ្យឲ្យមានសណ្តាប់ធ្នាប់ និងអនាម័យឡើងវិញ ដើម្បីភ្ញៀវជាតិ និងអន្តរជាតិបានទស្សនានិងដើរកំសាន្តផង ។
យ៉ាងណាក៏ដោយប្រតិបត្តិការផ្លេកបន្ទោររបស់អាជ្ញាធររាជធានីភ្នំពេញ បានបញ្ចប់ហើយ ក្រោយពេលចូលកាន់កាប់ទាំងស្រុងទីលានប្រជាធិបតេយ្យ ដោយប្រើពេលវេលាត្រឹមតែ ជាង១៥នាទី។មកដល់ម៉ោងនេះនៅលើទីលានប្រជាធិបតេយ្យគ្មានកម្លាំងបាតុករទៀតទេ គឺ គ្រប់គ្រងដោយកម្លាំងអាជ្ញាធរទាំងស្រុង។ប្រភពព័ត៌មានមួយបានបង្ហាញថា នៅវេលាម៉ោង ១២ និង១៣នាទី លោក សម រង្ស៊ី និងលោក កឹម សុខា ចូលទៅកាន់ស្ថានទូតអាម៉េរិកដែលនៅក្បែទីលានប្រជាធិបតេយ្យនោះ ដើម្បីសុំការអន្តរាគម សម្រាប់លទ្ធផលយ៉ាងណានោះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕ដោយ៖ សស្អាត