ខេត្តក្រចេះ៖ មន្រ្តីជំនាញខាងសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម បានចាប់ឃាត់រថយន្តយីឌុបមួយគ្រឿងរបស់ក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ខូលអិលធីឌី បែកឃើញសុទ្ធតែឈើប្រណីតមានឈើផ្ចឹក និង ឈើសុក្រំ និងនាងនួនដែល មុខ កាត់ធំៗ រាប់រយកំណាត់បង្កប់ ផ្ទុកលើសពីលិខិតអនុញ្ញាត្តដឹកជញ្ជូន កាលពីវេលាម៉ោង១រំលងអាធ្រាត ថ្ងៃទី១៧ ខែធ្នូ នៅលើផ្លូវជាតិលេខ៧ នៅមុខសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹម ក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ការឃាត់រថយន្តដឹកឈើខ្នាតយក្ស របស់ក្រុមហ៊ុនកសិកម្ម ខ្មែរអង្គរ ដែលមានទីតាំង នៅស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ហើយបានផ្ទុកឈើប្រណីតខុសច្បាប់ជាច្រើនម៉ែត្រគូប ក្នុងកាបង្ក្រាបនាយប់នោះដែរ គឺសមត្ថកិច្ចពុំ បានចាប់ឃាត់ខ្លួនជនណាម្នាក់ ដែលជាប់ពាក់ពន្ធក្នុងជំនួញឈើខុសច្បាប់នេះទេ គឺគ្រាន់តែឃាត់រថយន្ត និងទំនិញឈើខុសច្បាប់តែប៉ុណ្ណោះ។
បើតាមប្រសាសន៍លោក ទេព គន្ធពិដោ នាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹមបានឲ្យដឹថាបន្ទាប់ពីឃាត់រថយន្តពិនិត្យ និងធ្វើការវាស់វែង ក៏ឃើញមានឈើប្រណីតចំនួន៧៨ដុំ មានមុខកាត់ធំៗ មានប្រវែងជាងម៉ែត្រ ចំនួន១៦ម៉ែត្រគូប និងមានលួចបង្កប់ឈើប្រណីតនាងនួនជាច្រើនដុំ និងបានកសាងសំណុំរឿង បញ្ជូនទៅថ្នាក់លើបន្ត។
លោកនាយសង្កាត់រដ្ឋបាលព្រៃឈើឃ្សឹមបន្តថា នៅក្នុងលិខិតអនុញ្ញាតដឹកជញ្ជូនផលអនុផលព្រៃឈើដែលចេញដោយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា ខេត្តមណ្ឌលគីរី គឺបានអនុញ្ញាតឲ្យដឹកជញ្ជូន ឈើអារប្រភេទលេខមួយជាង១០ម៉ែត្រគូបតែប៉ុណ្ណោះ។ ប៉ុន្តែរថយន្តមួយគ្រឿងនេះ បានផ្ទុកឈើលើសការកំណត់ដឹកជញ្ជូនជាងប្រាំម៉ែត្រគូប មិនតែប៉ុណ្ណោះគេបានលួចបង្កប់ឈើនាងនួន ពីក្រោមជាច្រើនកំណាត់ថែមទៀត។
ដោយឡែកមានប្រភពព័ត៌មានផ្សេងទៀតឲ្យដឹងថា ឈើប្រណីតទាំងនេះ ត្រូវបានគេធ្វើការដឹកជញ្ជូនចេញពីទីតាំងពីក្រុមហ៊ុនវិនិយោគដីព្រៃសម្បទាន សេដ្ឋកិច្ចកសិកម្មខ្មែរអង្គរ ខូអិលធីឌី ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី តាមផ្លូវជាតិលេខ៧ ដោយឆ្លងកាត់ស្រុកស្នួល ខេត្តក្រចេះ នាំឆ្ពោះទៅស្រុកមេមត់ ខេត្តកំពង់ចាម ដើម្បីបន្តយកទៅលក់នៅប្រទេសវៀតណាម ។
ប្រភពដដែលនេះបន្តថា កន្លងទៅក្រុមហ៊ុនវិនិយោគដីព្រៃសម្បទានសេដ្ឋកិច្ច កសិកម្មខ្មែរអង្គរបានប្រើប្រាស់រូបភាពមានលិខិតអនុញ្ញាតស្តីពីការដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីក្រុមហ៊ុនខាងលើនេះ នាំឆ្ពោះទៅសិប្បកម្ម ភិរម្យ ដែលមានទីតាំង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខរាជធានីភ្នំពេញ។ ប៉ុន្តែការដឹកជញ្ជូនឈើរបស់ក្រុមហ៊ុនវិនិយោគដីព្រៃសម្បទានសេដ្ឋកិច្ច កសិកម្មខ្មែរអង្គរនេះ គឺមិនបានធ្វើការដឹកជញ្ជូននាំចូលទៅរោងសិប្បកម្មនោះទេ បែរជាដឹកជញ្ជូនឈើល្មើសច្បាប់ទាំងនេះ ឆ្ពោះទៅស្រុកមេមត់ ខេត្តកំពង់ចាម យកទៅលក់នៅប្រទេសវៀតណាមទៅវិញ។
ប្រភពខាងលើបានបញ្ជាក់ថា ឈើដែលក្រុមហ៊ុន កសិកម្មខ្មែរអង្គរ កំពុងធ្វើការដឹកជញ្ជូន ជាបន្តបន្ទាប់រាល់ថ្ងៃនេះ គឺគេបានអារឈើ និង ទិញឈើដោយខុសច្បាប់ចេញពីក្នុងព្រៃនៅតំបន់នោះ ហើយបាននាំចូលមកក្នុងទីតាំងក្រុមហ៊ុន ដើម្បីធ្វើការអារជ្រៀក ទៅជាឈើស្របច្បាប់ហើយធ្វើការដឹកជញ្ជូនយកទៅលក់នៅប្រទេសជិតខាង៕ដោយ ៖ សស្អាត