ភ្នំពេញ៖ រដ្ឋាភិបាលបានអៈអាងថា ស្ថានភាពអនាម័យ និងទឹកស្អាតជនបទមកដល់ឆ្នាំ2013នេះ កំពុងសម្រេចបានជោគ ជ័យគួជាទីមោទនៈ ស្របតាមការសន្យាជាមួយអង្គការសហប្រជាជាតិ ដើម្បីធានាឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខ មាលភាព។
ក្នុងសិក្ខាសាលាការវិភាគ និងវាយតម្លៃជាសាកលប្រចាំឆ្នាំស្តីពីអនាម័យនិងទឹកស្អាតឆ្នាំ២០១៣ដែលប្រារព្វធ្វើឡើងកាល ព្រឹកថ្ងៃទី៣ ខែវិច្ឆិកា លោកម៉ៅ សារាយ ប្រធាននាយកដ្ឋានទឹកជនបទ នៃក្រសួងអភិវឌ្ឍជនបទមានប្រសាសន៍ថា រហូត មកដល់ពេលនេះស្ថានភាពអនាម័យជនបទនៅ កម្ពុជាសម្រេចបាន៣២ភាគរយ គឺលើសផែនការនៃគោលដៅអភិវឌ្យ សហស្សវត្សរ៍ឆ្នាំ២០១៥ ឲ្យបាន ត្រឹម៣០ភាគរយប៉ុណ្ណោះ។
លោកបញ្ជាក់ថា នេះជាមោទនភាពណាស់សម្រាប់កម្ពុជា ដើម្បីបង្ហាញទៅកាន់អន្តរជាតិ ដែលរាជរដ្ឋាភិបាលបានខិតខំធ្វើឲ្យស្ថានភាពអនាម័យរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែឈានទៅល្អប្រសើរជាលំដាប់។ ដោយឡែកវិស័យទឹកស្អាតវិញលោកអៈអាងថា ក៏បានទទួលលទ្ធផលល្អប្រសើរដែរ គឺសម្រេចបានក្នុងរង្វង់ជាង46ភាគរយ គឺជិតគ្រប់ផែនការនៃគោលដៅ អភិវឌ្ឍសហស្សវត្សរ៍ឆ្នាំ២០១៥ គឺគ្របដណ្តប់លើប្រជាពលរដ្ឋឲ្យបាន៥០ភាគរយ។
លោកម៉ៅ សារាយ បញ្ជាក់ទៀតថា ចំពោះលទ្ធផលទាំងនេះកំពុងចងក្រងជារបាយការណ៍ផ្ញើរទៅ អង្គការសហប្រជាតិក្នុងរង្វង់ដើមឆ្នាំ២០១៤ ហើយគ្រោងប្រជុំជាលក្ខណៈអន្តរជាតិនៅខែមេសាឆ្នាំដ៏ ដែរ។ របាយការណ៍ទាំងនេះបានរៀបចំឡើងដោយបីស្ថាបន័ ក្នុងនោះមានក្រសួងអភិវឌ្ឍជនបទ ក្រសួងឧស្សាហកម្មរ៉ែនឹងថាមពល និងក្រសួងសាធារណៈការ និងដឹកជញ្ជូន។លោកម៉ៅ សារ៉ាយ បន្ថែមថា ចំពោះក្រសួងអភិវឌ្ឍជនបទ បញ្ហាប្រឈមដែលគ្រោងលើកឡើងក្នុងរបាយការណ៍មាន កង្វះធនធានមនុស្ស និងបញ្ហាថវិកានៅមានកម្រិត ក្នុងនោះការងារទឹកជនបទ ក្នុងមួយឆ្នាំៗទទួល បានកញ្ចប់ថវិកាជាតិចំនួនជាង3ពាន់លានរៀល និងការងារអនាម័យជនបទជាង១ពាន់៣រយលានរៀល ក្រៅពីនេះថវិកាអន្តរជាតិក៏បានផ្តល់ឲ្យដែរប៉ុន្តែជាកម្រិតមួយពុំទាន់ទៅតាមតម្រូវការដែលចង់បាន។
លោកStreve Iddings តំណាងអង្គការសុខភាពពិភពលោកបានទទួលស្គាល់ពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អទៅមុខ ក្នុងនោះមានការប្រតិបត្តិអនាម័យល្អ និងមានទឹកស្អាតប្រើប្រាស់។ទោះជាយ៉ាងនេះក្តីលោកបញ្ជាក់ថា បញ្ហាទាំងនេះក៏នៅមានភាពប្រឈមផងដែរចំពោះពលរដ្ឋរស់នៅតំបន់ជនបទដាច់ស្រយាល និង អ្នករស់នៅតំបន់ជាយក្រុង ដែលពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រតិបត្តិអនាម័យ និងសេវាទឹកស្អាត ហើយទាំងនេះរាជរដ្ឋាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត។
លោកបន្ថែមថា ចំពោះរបាយការណ៍ដែលរាជរដ្ឋាភិបាលកំពុងចងក្រងនេះមានសារៈសំខាន់ណាស់ដែលបានបង្ហាញពីបញ្ហាប្រឈមភាពខ្វះចន្លោះ និងទិសដែលត្រូវធ្វើជាអាទិភាពសម្រាប់ដាក់ជូនទៅស្ថានបន័ អន្តរជាតិដើម្បីរួមគ្នាឆ្លើយតបឲ្យចំទិសដៅនិងតម្រូវការរបស់ប្រជាពលរដ្ឋ។សូមបញ្ជាក់ថា តាមការសន្យារបស់រាជរដ្ឋាភិបាលអណត្តទី5បានកំណត់នៅឆ្នាំ២០១៨នឹងធ្វើឲ្យ ពលរដ្ឋចំនួន៦០ភាគរយទទួលបានសេវាផ្គត់ផ្គងទឹកស្អាតប្រើប្រាស់ និងនៅឆ្នាំ២០២៥ ប្រជាជនគ្រប់ រូប រស់នៅក្នុងសហគមន៍ជនបទមានសេវាផ្គង់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ព្រមទាំងរស់ នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយចីរភាព៕ ដោយ៖ មករា