ភ្នំពេញ៖ មន្ត្រីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានសម្តែងការអបអរសាទនូវទិវា ដ៏នក្ខត្តឬក្ស ខួបលើកទី៩នៃការឡើងគ្រងរាជ្យ ថ្វាយចំពោះព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជា សូមអោយព្រះអង្គគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជារាស្ត្រទូទាំងប្រទេស។ដើម្បីជាការដឹងគុណបការៈចំពោះព្រះមហាក្សត្រដែលព្រះអង្គឡើងគ្រងរាជ្យ ជារៀងរាល់ឆ្នាំ ក៏ដូចជាខួបលើកទី៩នេះដែរ ថ្នាក់ដឹកនាំរដ្ឋាភិបាល តាំងពីនាយករដ្ឋមន្ត្រី រហូតដល់ប្រជារាស្ត្រសាមញ្ញ ថ្នាក់ដឹកនាំសាសនានីមួយៗក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រធានអង្គភាពស្ថាប័នរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាលនានាបានសម្តែងទឹកចិត្តគោរពស្រលាញ់ចំពោះព្រះមហាក្សត្រ និងចាត់ទុកព្រះអង្គថា ទ្រង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជាជន មិនថា ប្រជារាស្ត្រមានពណ៌សម្បុរ សាសនាផ្សេងគ្នានោះទេ។
ជាក់ស្តែងកាលពីថ្ងៃទី២៥ខែតុលា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា លោក ឧបនាយករដ្ឋមន្ត្រី ស ខេង និង លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានផ្ញើលិខិតថ្វាយព្រះពរព្រះមហាក្សត្រដែលមានខ្លឹមសារប្រហាក់ប្រហែលគ្នាថា នៅក្នុងឱកាសដ៏មហាជ័យមង្គល បវរថ្លៃថ្លា ពោរពេញដោយក្តីអភិរម្យ សោមនស្សរីករាយនៃព្រះរាជ្យពិធីខួបលើកទី៩នៃការគ្រងក្នុងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ តុលាឆ្នាំ២០១៣នេះ ទូលព្រះបង្គំជាខ្ញុំ និងភរិយាតំាងនាមសមាជិក សមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទំាងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ទូទំាងប្រទេស សូមព្រះបរមរាជាអនុញ្ញាតអភិវន្ទ លំអោនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយ នូវមនោសញ្ចេនា ដ៏រំភើប រីករាយឥតឧបមា និងសូមចូលរួមថ្វាយ នូវសព្វសាធុការពរជ័យ បរវសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់យ៉ាង ចំពោះព្រះករុណាថ្លៃវិសេស និងសូមព្រះអង្គទ្រង់ប្រកបដោយព្រះ រាជសុភាពបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាណាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីបន្តព្រះរាជបេសកកម្ម ដ៏ឧត្តុងឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រ ពីព្រះករុណាវីរៈក្សត្រ ព្រះវរៈមាតិឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដើម្បីភាពសុខដុមរមនា សម្បូរសប្បាយ ចំរុងចំរើន ថ្កុំថ្កើនរុងរឿង របស់មាតុភូមិកម្ពុជា ជាទីស្នេហា ជាយូអង្វែងតរៀងទៅ ។ការថ្វាយព្រះពរនេះមិនមែនមានតែថ្នាក់ដឹកនាំជាន់ខ្ពស់នោះទេ សូម្បីព្រះសង្ឃដែលមានឋានន្តរសក្តិធម្មតា លោកយាយ លោកតា ឧបាសក ឧបាសិកា អាចារ្យវត្ត ក៏បានផ្តាំផ្ញើការថ្វាយព្រះពរផងដែរ។គួរបញ្ជាក់ថា ព្រះករុណា ព្រះបរមនាថ នរោត្តម សីហមុនីបានឡើងគ្រងរាជ្យនៅថ្ងៃទី២៩ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីសម្តេចឱ ព្រះបាទសម្តេច នរោត្តម សីហនុ បានដាក់រាជ្យ ដោយសារព្រះអង្គមានព្រះរាជសុខភាពមិនសូវមាំមួន និងត្រូវអោយគ្រូពេទ្យចិនពិនិត្យជាញឹកញាប់ក្នុងទីក្រុងប៉េកាំ នៃសាធារណរដ្ឋចិនប្រជាមានិត្យ៕ដោយ៖ រតនា