ភ្នំពេញ៖ ក្នុងឱកាសប្រារព្វពិធីបុណ្យសមុទ្រនៅចុងឆ្នាំ២០១៣នេះ អាជ្ញាធរខេត្តកែបបានកំណត់ឲ្យក្រុមអាជីករបម្រើសេវាកម្មទេសចរណ៍ទាំងអស់ទូទាំងខេត្តមិនត្រូវតម្លៃថ្លៃហួសហេតុឲ្យលើសពី៣០ភាគរយឡើយ។ ក្នុងករណីល្មើសពីការកំណត់នេះ អាជ្ញាធរព្រមាននឹងអនុវត្តតាមច្បាប់ទេសចរណ៍ឬបញ្ឈប់មិនឲ្យធ្វើអាជីវកម្ម…ជាដើម។
លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានឲ្យដឹងថាដើម្បីការពារផលប្រយោជន៍វិស័យទេសចរណ៍នៅក្នុងខេត្តឲ្យទទួលបានការគាំទ្រប្រកដោយនិរន្តរភា នៅក្នុងឱកាសប្រារព្វពិធីបុណ្យសមុទ្រឆ្នាំ២០១៣នេះអាជ្ញាធរបានព្រមានមិនអាជីវករទាំងអស់តម្លើងថ្លៃសេវាតាមអំពើចិត្តនោះទេ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកែបបញ្ជាក់ថា តាមការកំណត់របស់អាជ្ញាធរខេត្ត និងក្រសួងទេសចរណ៍មិនឲ្យអាជីវករឡើងថ្លៃសេវាកម្មហួសពី30ភាគរយឡើយ ហើយតម្លៃមុខទំនិញ និងសេវាកម្មនីមួយត្រូវបានកំណត់តម្លៃ ជាក់លាក់ជាតារាងដើម្បីឲ្យភ្ញៀវទេសចរណ៍អាចទិញបានយ៉ាងស្រួល។ ការកំណត់ដូច្នេះធ្វើឡើង បន្ទាប់ពីកន្លងមកបញ្ហានេះត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ ដែលក្រុមអាជីវករទាំងនោះតម្លើងថ្លៃសេវាកម្មហួសហេតុរហូតដល់ពី១០០ភាគរយទៅដល់២០០ភាគរយជាដើម។
លោកក៏បានអះអាងថា ការកំណត់ដូច្នេះនឹងអនុវត្តទៅមានប្រសិទ្ធិភាព ដោយអាជ្ញាធរបានបង្កើតក្រុមការងារអន្តរស្ថាបន័ ដើម្បីចុះត្រួតពិនិត្យដោយផ្ទាល់ហើយក្នុងករណីរកឃើញភាពមិនប្រក្រតីរបស់ក្រុមអាជីវករទាំងនោះនឹងធ្វើការព្រមានភា្លមៗ ដូចជាធ្វើកិច្ចសន្យា ឬករណីធ្ងន់ធ្ងរនឹងឈានទៅអនុវត្ត តាមច្បាប់ទេសចរណ៍និងបញ្ឈប់ការធ្វើអាជីវកម្មជាដើម។
ក្រៅពីនេះលោកប្រធានមន្ទីរបានបញ្ជាក់ដែរថា ការពង្រឹងគុណភាព អនាម័យក៏ត្រូវបានដាក់ពិន័យយ៉ាងតឹងរឹងផងដែរ ដើម្បីឲ្យភ្ញៀវទទួលបានផាសុខភាព ហើយគិតថាខេត្តកែបជាគោលដៅទេសចរណ៍ដ៏សំខាន់មកម្តងហើយចង់មកម្តងទៀត។ពិធីបុណ្យសមុទ្រឆ្នាំ២០១៣នេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី8 ខែធ្នូ ដែលប្រារព្វធ្វើឡើងនៅលើទឹកដីខេត្តកែបភាគនិរតីនៃប្រទេសកម្ពុជា។ក្នុងរយពេលថ្ងៃភ្ញៀវទេសចរណ៍នឹងទទួលចំណីអារម្មណ៍សប្បាយរីករាយជាច្រើនតាមរយការសម្តែងសិល្បៈ ពិពណ៌ កីឡា និងផ្ទាំងទស្សនីយភាពផ្សេងៗទៀត។
លោក សោម ចិន្តា បានបន្ថែមទៀតថា រហូតមកទល់ពេលនេះហេដ្ឋរចនាសម្ពន្ធ័នានានៅជុំ វិញខេត្តត្រូវបានកែលម្អឲ្យមានសោភណ្ឌភាពកាន់តែស្រស់ស្អាតមានពង្រីកផ្លូវក្រាលកៅស៊ូ ដាក់ប្រពន្ធ័លូ ភ្លើង និងសួនច្បារ ដើម្បីទទួលភ្ញៀវទេសចរណ៍ឲ្យមកសម្រាក់កំសាន្តសប្បាយខេត្តនេះ ប្រកបដោយមានផាសុខភាព។
តាមការពឹងនៅក្នុងពិធីបុណ្យនេះនឹង ទទួលបានភ្ញៀវទេសចរណ៍រហូត ដល់ជាង10ម៉ឺននាក់ ទាំងភ្ញៀវទេសចរណ៍ក្នុង
ស្រុក និងមកពីបរទេសព្រមទាំងក្រុមគណៈប្រតិភូដែលមកចូលរួមធ្វើមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក។ ដោយឡែកនៅទូទាំង ខេត្តកែបសេវាស្នាក់នៅមានតែជាង១ពាន់បន្ទប់ប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងនេះក្តីលោកប្រធានមន្ទីរបានអៈអាងថា ចំនួននេះពុំចោទជាបញ្ហាទេ ដោយអាជ្ញាធរបានរៀបចំកន្លែងស្នាក់នៅផ្សេងៗទៀត ដូចជាការបោះតុង និងការស្នាក់នៅជាមួយប្រជាពលរដ្ឋ ហើយរហូតមកទល់ពេលលំនៅដ្ឋានរបស់ពួកគាត់ត្រូវបានកែលម្អយ៉ាងស្អាតតាមការណែនាំពីមន្ទីរជំនាញ។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រនេះ បានប្រារព្វធ្វើជាលើកដំបូងនៅពីឆ្នាំ២០១១ នៅក្នុងខេត្តព្រះសីហនុ ដែលមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមជិត១០ម៉ឺននាក់ ហើយឆ្នាំ២០១២កន្លងទៅត្រូវអាក់ខាន ដោយកម្ពុជាមានទុកជាទំងន់ដោយព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុព្រះមហាវីរក្សត្រ បានយាងសោយព្រះទិវង្គត់៕ ដោយ៖មករា