ភ្នំពេញៈ វិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សំគាល់ និងទទួលបានសមិទ្ធផលធំៗ ហើយវិស័យទេសចរណ៍ត្រូវបានចាត់ទុកជាវិស័យអាទិភាពដ៏សំខាន់មួយក្នុង ការកសាងសេដ្ឋកិច្ច សង្គម ដោយបាននាំមកនូវចំណូលជូន ជាតិ ផ្តល់ឱកាសការងារ និងចូលរួមដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងក្នុងឆ្នាំ២០១៣ កន្លងទៅនេះ វិស័យទេសចរណ៍កម្ពុជារកចំណូលបានចំនួន ២,៥៤៧ លានដុល្លារ អាម៉េរិកចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ ។

ថ្លែងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារទេសចរឆ្នាំ២០១២-២០១៣ និងទិស ដៅអនុវត្តបន្តទេសចរកម្ពុជា ឆ្ពោះទៅសមាហរណកម្មអាស៊ានឆ្នាំ២០១៥ និងការប្រកាសលទ្ធ ផលវាយតម្លៃដំណាក់កាលដំបូង នៃការប្រឡងប្រណាំងទីក្រុងស្អាត កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០ ១៤ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ក្នុងឆ្នាំ២០១៣ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៤,២១០,១៦៥នាក់ ក្នុងកំណើន១៧,៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១២ ក្នុងនោះមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក៧៦ភាគរយមកពីអឺរ៉ុប១៦ភាគរយ។

លោក ថោង ខុន បន្ថែមថា ក្នុងចំណោមទីផ្សារសំខាន់ទាំង១០របស់កម្ពុជាមានវៀតណាម ចិន កូរ៉េ ឡាវ ថៃ ជប៉ុន អាមេរិក អូស្ត្រាលី រុស្សី បារាំង ជាមួយនឹងកំណើនទេសចរក្នុងស្រុកប្រមាណ៧លាននាក់ ដែលមានកំណើនប្រមាណ៣ភាគរយ ដោយបាននាំចំណូលប្រមាណ២,៥៤៧លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចកម្ពុជា ស្មើ នឹង១៥,៥ភាគរយ នៃGDP និងបង្កើតការងារដោយផ្ទាល់ប្រមាណ៦២ម៉ឺននាក់ និងដោយប្រយោលរាប់ម៉ឺននាក់ទៀត។
.jpg)
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា តាមព្យាករណ៍ឆ្នាំ២០១៤កម្ពុជា នឹងទទួលបានទេសចរអន្តរជាតិ ៤,៧នាក់ ហើយឆ្នាំ២០១៥ ប្រមាណ ៥ លាននាក់ ឆ្នាំ២០២០ កម្ពុជាអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ៧,៥ ទៅ៨លាននាក់ ជាមួយនឹងចំណូលជាតិសរុបប្រមាណ៥ពាន់លានដុល្លា និងបង្កើតការងារដោយផ្ទាល់ ប្រមាណ ៨៥លាននាក់។
លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជាបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សអំពីសារៈសំខាន់នៃកត្តាសន្តិសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ និងមូលដ្ឋានសម្រាប់ធានាចីរភាពកំណើននៃទេសចរណ៍។
ស្របពេលជាមួយគ្នានោះ លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន បានមានប្រសាសន៍ថាៈវិស័យទេសចរណ៍គឺជាមាសបៃតងដែលបាន នឹងកំពុងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចជាតិដោយបង្កើតបានប្រាក់ចំណូលប្រមាណជាង ២,៥ ពាន់លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០១៣។ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ចំនួនជាង៤,២លាននាក់ក្នុងឆ្នាំ ២០១៣បើធៀបទៅនឹងឆ្នាំ២០១២មានការកើនឡើងជាង ១៧.៥ ភាគរយហើយបើ ធៀបនឹងតួលេខឆ្នាំ១៩៩៣គឺមានការហក់ឡើងយ៉ាងខ្លាំងព្រោះពេលនោះ ភ្ញៀវទេសចរអន្តរជាតិមានតែប្រមាណ១២ម៉ឺន នាក់ប៉ុណ្ណោះ។
លោកសង្កត់ធ្ងន់ថា កំណើនភ្ញៀវទេសចរនេះបានមកដោយសារកម្ពុជមានមរតកបេតិកភណ្ឌវប្បធម៌ ធម្មជាតិ និង ប្រវត្តិសាស្ត្រជាច្រើនគួបផ្សំជាមួយនឹងស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ ដែលយើងទទួលបានតាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ។ ក្រៅពីរមណីយដ្ឋានអង្គរ កម្ពុជាមានរមណីយដ្ឋានជាច្រើនទៀតដែលជាគោលដៅដ៏មានសក្ដានុពលសម្រាប់ ទេសចរណ៍វប្បធម៌។
លើសពីនេះទៀត យើងក៏មានបរិស្ថានធម្មជាតិដ៏ស្រស់ត្រកាលរួមមាន ព្រៃ ស្ទឹង ទន្លេ បឹងបួ ឆ្នេរសមុទ្រដ៏ល្អ ខ្នាតអន្តរជាតិ កោះ និងសត្វព្រៃ ជាពិសេសសត្វផ្សោតមេគង្គដ៏កម្រ ដែលទាំងនេះជាកត្តាទាក់ទាញដល់អេកូទេសចរណ៍នៅកម្ពុជា ។ ប្រទេសយើងមានប្រវត្តិយូរអង្វែងប្រកបដោយវប្បធម៌ និងអរិយធម៌ដ៏មហស្ចារ្យ។ បុព្វបុរសខ្មែរបានបន្សល់ទុកឱ្យយើងនូវបេតិកភណ្ឌរូបី និងអរូបីជាច្រើនជាអាទិ៍ប្រាង្គប្រាសាទសិល្បៈនិងរបាំបុរាណ។
គួររំលឹកថា ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ បានទទួលភ្ញៀវទេសចរចិនប្រមាណជិត ៤៧ ម៉ឺននាក់ ក្នុងកំណើន៣៨,៧ ភាគរយ ។ លោកក៏បានធ្វើការប៉ាន់ស្មានថា កម្ពុជានឹងទទួលទេសចរចិនបានប្រមាណជាង៨០ម៉ឺននាក់នៅឆ្នាំ២០១៥ និងប្រមាណជាង២លាននាក់ នៅឆ្នាំ២០២០៕ដោយ៖ ភីន រ៉ា