ភ្នំពេញ៖ Manulife Combodia ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតមួយនៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលានេះ បានប្រកាស បើកគម្រោងធានារ៉ាប់រងថ្មីមួយទៀត ដែលផ្តល់គម្រោង ការការពារកម្ចីទិញផ្ទះជាមួយនិងមេនូឡាយហ្វ៍ (Manulife Home Loan Protectro)។ គម្រោងថ្មីនេះនឹងផ្តល់នូវជម្រើសមួយបន្ថែម ក្នុងការផ្តល់ជូននូវដំណោះស្រាយ ផ្នែកហិរញ្ញវត្តុ សម្រាប់ អតិថិជនរបស់ខ្លួននៅប្រទេសកម្ពុជា លើគម្រោងដែលមានស្រាប់ ពីមុនមកដូចជាគម្រោង ការការពារ ការសន្សំ ការសិក្សា។
ក្រុមហ៊ុន Manulife យល់យ៉ាងច្បាស់ថា វាមិនមែនជារឿងដែលងាយស្រួលនោះទេ ដើម្បីក្លាយជាម្ចាស់គេហដ្ឋាននោះ គឺជា ការវិនិយោគផ្នែកហិរញ្ញវត្តុ ដ៏ធំបំផុតដែលមនុស្សភាគច្រើនត្រូវធ្វើ ។ Manulife បានធ្វើឲ្យកិច្ចការនេះកាន់តែមានភាពងាយស្រួល សម្រាប់តម្រូវការអតិថិជនកម្ពុជាគ្រប់រូប ដោយផ្តល់នូវការការពារទប់ទល់ និងហេតុការណ៍ជាអកុសលនានា ដែលនឹងអាចកើតឡើង មានដូចជា ពិការភាពទាំងស្រុង ឬ មរណភាពជាដើម ដើម្បីជួយពួកគាត់ឲ្យ ជៀសផុតពី ក្តីកង្វល់នេះ ខណៈដែលកំពុងក្លាយជាម្ចាស់ គេហដ្ឋានក្នុងក្តីស្រមៃនោះ។លោក Robert Elliott អគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន Manulife Combodia បានលើកឡើងថា កាលពីមុនអតិថិជនកម្ពុជាភាគច្រើន មានលទ្ធភាពតិចតួចណាស់ ក្នុងការទទួលបានសេវាហិរញ្ញវត្តុល្អៗ សម្រាប់ការការពារគេហដ្ឋាន ក្នុងក្តីស្រមៃរបស់ពួកគេ។ ពេលនេះវាលែងជាបញ្ហាសម្រាប់ពួកគាត់ទៀតហើយ។
លោក Robert បន្តថា គម្រោងការការពារកម្ចីទិញផ្ទះជាមួយនឹងមេនូឡាយហ្វ៍ ត្រូវបានបង្កើតឡើងជាពិសេស ដើម្បីការពារកម្ចីទិញផ្ទះរបស់លោកអ្នក។ គម្រោងនេះផ្តល់ជូននូវការធានារ៉ាប់រងអាយុជីវិត ដល់បុគ្គលជាចម្បងដែរប្រើប្រាស់កម្ចីទិញផ្ទះ សម្រាប់លំនៅដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងនេះក៏ជួយឲ្យលោកអ្នកអស់ក្តីកង្វល់ និងជួយធានាយ៉ាងប្រាកដថាក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់លោកអ្នកនិងមិនស្ថិតនៅក្នុង ភាពគ្មានផ្ទះសម្បែងជ្រកកោននោះឡើយ ប្រសិនបើមានរឿងអ្វីកើតឡើងជាអកុសល ចំពោះលោកអ្នកដែលបុគ្គលចម្បង ក្នុងការទូទាត់កម្ចីទិញផ្ទះនោះ។
លោកបន្ថែមថា ការដាក់សម្ភោធនូវគម្រោងថ្មីនេះ នៅលើទីផ្សារកម្ពុជានោះគឺបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ និងប្តេជ្ញាខ្ពស់របស់ក្រុមហ៊ុន Manulife Combodia ក្នុងការផ្តល់ជូនអតិថិជននូវសេវាធានារ៉ាប់រងអាយុជីវិត ស្របទៅតាមគម្រោងការផ្នែកហិរញ្ញវត្តុរបស់អតិថិជន ក្នុងការការពារក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់។
សូមបញ្ជាក់ថា ក្រុមហ៊ុន Manulife Combodia មានដើមកំណើតនៅប្រទេសកាណាដា មានអាយុជា១០០ឆ្នាំនៅក្នុងតំបន់អាស៊ី ហើយបានចូលមកប្រទេសកម្ពុជានាពាក់កណ្តាលឆ្នាំ២០១២ ដែលមកដល់ពេលនេះមានអតិថិជនជាង២០០០នាក់ និង បានដោះបំណុលជូនអតិថិជនរបស់ខ្លួនដែលបានបាត់បង់ជីវិតចំនួន០១នាក់ ហើយបច្ចុប្បន្នកំពុងប្រតិបត្តិការការពារ លើគម្រោងធានារ៉ាប់រងធំៗចំនួន៣ គឺ ការការពារផ្នែកការសន្សំ ,ការសិក្សា និងគម្រោងការការពារកម្ចីទិញផ្ទះ ដែលបើកឲ្យប្រើប្រាស់នៅពេលនេះ ៕ ដោយ៖ សស្អាត