ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២៤ ខែតុលានេះ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភាបានឲ្យដឹងថា គណៈប្រតិភូសភាខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិនដឹកនាំដោយលោកស្រី ឡី យូលៀន (Lei Yulan) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាខេត្តក្វាងទុងប្រទេសចិន នឹងអញ្ជើញមកធ្វើទស្សនកិច្ចជាផ្លូវការ និងជាមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ខាងមុខនេះ។តាមកម្មវិធីគ្រោងទុករបស់គណៈប្រតិភូនឹងអញ្ជើញចូលជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ជួបពិភាក្សាការងារជាមួយលោក ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា។ជួបពិភាក្សាការងារជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ក្នុងដំណើរទស្សនកិច្ចនេះដែរគណៈប្រតិភូនឹងអញ្ជើញទស្សនាសារមន្ទីរជាតិអង្គរទស្សនាប្រាសាទអង្គរវត្តប្រាសាទបាយ័នប្រាសាទតាព្រហ្ម នៅខេត្តសៀមរាបផងដែរ៕ ដោយ៖ សស្អាត