ភ្នំពេញៈ ក្រុមអ្នកស្ម័គ្រចិត្តសង្គ្រោះបឋមប្រហែល៥០នាក់ បានជួយប្រជាពលរដ្ឋដោយមិនប្រកាន់និន្នា ការនយោបាយក្នុងអំឡុងពេលគណបក្សសង្គ្រោះជាតិធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ។លោក ឈួន ភក្តិ អ្នកសម្របសម្រួលក្រុមសង្គ្រោះបឋមបានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២នៃបាតុកម្មអហិង្សាទាមទារអោយបង្កើតគណៈកម្មាការចម្រុះដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត របស់គណបក្សសង្គ្រោះជាតិថា ក្រុមអ្នកស្ម័គ្រចិត្តសង្គ្រោះបឋមរបស់លោកបានចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ព្រឹត្តិការណ៍ទាំងអស់មិនថា គណបក្សនយោបាយណាទេ អោយតែមានអ្នកមិនស្រួលខ្លួន របួសគ្រោះថ្នាក់ឬសន្លប់ នៅតាមដងផ្លូវ ឬនៅកន្លែងណាមួយនោះក្រុមលោកនឹងជួយអោយបានរស់សិន ដោយមិនបាច់សួរនាំអ្វីទាំងអស់ ហើយក៏មិនខ្វល់ថា អ្នកនោះមកពីណាដែរ។លោកភក្តិបន្តថា`«ការសង្គ្រោះបឋមនេះជាការសង្គ្រោះដំបូងបំផុតធ្វើយ៉ាងណាអោយកម្រិតរស់រៀនរានមានជីវិតរបស់គាត់នឹងកើនឡើងជាងមុន អញ្ចឹងយើងធ្វើតាមវិធីដែលយើងបានរៀនចេះដឹងហើយធ្វើយ៉ាងណាអោយគាត់អាចរស់បានលឿន អញ្ចឹងឧទាហរណ៍ថា គាត់សន្លប់មានរបួសយើងព្យាយាមធ្វើយ៉ាងណាអោយគាត់មានដង្ហើមមានស្ថានភាពប្រក្រតីឡើងវិញសិន មានរបួសយើងរុំអីនាយអាយ ហើយយើងបញ្ជូនទៅមន្ទីរពេទ្យ»។បើតាមលោក ភក្តិ រាល់ការចំណាយសម្រាប់សម្ភារៈប្រើប្រាស់នៅក្នុងពេលអនុវត្តការងារពុំមានការជួយពីគណបក្សរឺក្រសួងសុខាភិបាលឡើយ គឺពួកគាត់បានរៃអង្គាសគ្នាតាមលទ្ធភាពដែលមានតែប៉ុណ្ណោះ ដើម្បីទិញថ្នាំនិងរបស់ប្រើប្រាស់មួយចំនួន។
លោក ណម ស៊ីណាត អ្នកស្ម័គ្រចិត្តក្រុមនោះដែរបានក៏ប្រាប់ថា ក្នុងករណីមានអ្នកសន្លប់ត្រូវដឹកទៅមន្ទីរពេទ្យ ក្រុមរបស់លោកជួយទូរស័ព្ទហៅឡានសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យនានា រឺជួយហៅរ៉ឺម៉កទេសចរណ៍ ម៉ូតូឌុបដឹកទៅតែម្តង ធ្វើយ៉ាងណាតាមមធ្យោបាយណាមួយដែលលឿន។តាមការបញ្ជាក់ពីក្រុមនេះដដែល ពួកគេបាននិយាយថា នឹងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងឱកាសបុណ្យអ៊ុំទូក អកអំបុកសំពះព្រះខែ នៅខែវិច្ឆិកាខាងមុខនេះទៀត។គួរបញ្ជាក់ថា ក្រុមអ្នកស្ម័គ្រចិត្តសង្គ្រោះបឋមនេះ ភាគច្រើនជានិស្សិតដែលកំពុង និងទើបបញ្ចប់ការសិក្សាផ្នែកវិជ្ជាជីវៈពេទ្យនៅតាមមហាវិទ្យាល័យក្នុងប្រទេសនិងក្រៅប្រទេស៕
ដោយៈគង់ រតនា