ភ្នំពេញ៖ ក្រុមអ្នកដែលចូលចិត្តស្វែងរកសេវាកំសាន្តសប្បាយច្រើន គឺជាអ្នកដែលប្រឈមមុខ នឹងការឆ្លង មេរោគអេដស៍ ជម្ងឺអេដស៍ នោះបើតាមការឲ្យដឹងពីលោក តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជម្ងឺអេដស៍ និងជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរសមានប្រសាសន៍លើក ឡើងនៅក្នុងវគ្គបណ្តុះបណ្តាលដល់ប្រព័ន្ធសារព័ត៌មាន «ភាពជាដៃគូ ដើម្បីធ្វើការកាត់បន្ថយការមាក់ងាយ និងការរើសអើងក្នុងចំណោមក្រុមគោលដៅងាយរងគ្រោះបំផុតដែលកំពុងស្ថិតនៅក្នុងស្ថានភាពនៃការប្រឈមមុខខ្ពស់ទៅនឹងមេរោគអេដស៍ ។លោក តែង គុន្ធី បានបង្ហាញថា ជម្ងឺអេដស៍ឆ្លងជាសំខាន់តាមរយៈការរួមភេទ ពីស្ត្រីទៅបុរស ពីបុរសទៅបុរស ឆ្លងតាមរយៈប៉ះពាល់ឬបញ្ចូលឈាមដែលមានមេរោគងេដស៍ ឆ្លងតាមការប្រើឧបករណ៍មុតរួមគ្នា ដូចជាម្ជុល ស៊ីរ៉ាំង និងឆ្លងពីម្តាយទៅកូនក្នុងផ្ទៃ ។
ដូច្នេះអ្នកដែលស្វែងរកសេវាកំសាន្តសប្បាយច្រើន ចង់ឬមិនចង់វាអាចប្រឈមនឹងការឆ្លងមេរោគអេដស៍តាមរយៈការសប្បាយរួមភេទនេះព្រោះថាតាមការអង្កេតរបស់អជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ឃើញថាអ្នកបំរើសេវាកំសាន្តសប្បាយបច្ចុប្បន្នមានអត្រាឆ្លងមេរោគអេដស៍ប្រមាណ ១៣,៩% ចំណែកអត្រាប្រើប្រាស់ស្រោមអនាម័យជាមួយអតិថិជនមាន ៩០% ជាមួយដៃគូកំណាន់មានតែ ៥០% ប៉ុណ្ណោះ ។
ម៉្យាងទៀតអ្នកធ្វើការបំរើសេវាកំសាន្តសប្បាយមានប្រមាណ ៤០០០០នាក់នៅទូទាំងប្រទេសក្នុងនោះនៅភ្នំពេញមានប្រមាណ ៥៩% និងគ្រឹះស្ថានសប្បាយចំនួន ១១១៩កន្លែង សង្កេតឃើញថាមានអត្រារំលូតកូនខ្ពស់រហូតដល់ជាង ៣០% ដែលជាមូលហេតុបញ្ជាក់ថា មិនបានប្រើប្រាស់ស្រោមអនាម័យនាំឲ្យឆ្លងមេរោគអេដស៍។លោក តែង គុន្ធី បានឲ្យដឹងដែរថាជារួមបញ្ហាជម្ងឺអេដស៍នៅកម្ពុជាមានអត្រាប្រេវាឡង់នៃការឆ្លងបានធ្លាក់ចុះមកនៅត្រឹម០,៧ភាគរយ ប៉ុន្តែបើប្រៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់អត្រាឆ្លងមេរោគអេដស៍ ជម្ងឺអេដស៍ យើងនៅមានអត្រាខ្ពស់ជាងគេ ។
បញ្ហានេះបើសិនយើងមានដៃគូស្នេហាច្រើន ដោយគ្មានការប្រុងប្រយ័ត្នមិនបានប្រើប្រាស់ស្រោមអនាម័យឲ្យបានទៀងទាត់ និងជាប្រចាំទេនោះ វានឹងអាចប្រឈមនិងការឆ្លងជាក់ជាពុំខានឡើយ ។
លោក អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ក៏បានឲ្យដឹងដែរថា នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ចាប់ពីអាយុ១៥ឡើងទៅចំនួន ៧១០០០នាក់ ក្នុងនោះអ្នកធ្វើការបំរើសេវាកំសាន្តសប្បាយមានអត្រាឆ្លងមេរោគអេដស៍ចំនួន ១៣,៩% អ្នកប្រើប្រាស់គ្រឿងញៀនមានអត្រាឆ្លងចំនួន ២៤% ក្រុមបុរសស្រឡាញ់បុរសមានអត្រាឆ្លងចំនួនប្រមាណ ២,១%។លោក ទែន ប៊ុណ្ណា សមាជិកគណៈនាយកនៃក្លឹបអ្នកកាសែតកម្ពុជាបានរំលឹកថាវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានមកពីគ្រប់ប្រព័ន្ធផ្សព្វផ្សាយ ដែលមានរយៈពេល ២ថ្ងៃពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៣នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញក្រោមកិច្ចសហការរវាងក្លឹបអ្នកកាសែតកម្ពុជា ជាមួយនិងអជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍នេះ គឺជាវេទិកាកិច្ចសហប្រតិបត្តិការផ្សាភ្ជាប់ជាមួយវិជ្ជាជីវៈសាព័ត៌មាន ក្នុងគោលបំណងឲ្យអ្នកសារព័ត៌មានយើងបង្កើនគុណភាពក្នុងការផ្តល់ព័ត៌មានឲ្យមានប្រសិទ្ធភាពទៅដល់មហាជនបានយល់ដឹងអំពីបញ្ហាជម្ងឺអេដស៍ មេរោគអេដស៍ទាក់ទងអំពីវិធីបង្កា ការប្រើប្រាស់ស្រោមអនាម័យ ពីការលើកទឹកចិត្តអ្នកផ្ទុកមេរោគអេដស៍ ពីការថែទាំ ពីថ្នាំបង្កា ពីការរើសអើង និងពីក្រមសីលធម៌ក្នុងការផ្សព្វផ្សាយជាដើម ដើម្បីរួមគ្នាកាត់ន្ថយការឆ្លងរីករាដាលជម្ងឺអេដស៍ មេរោគអេដស៍នៅកម្ពុជា ៕ ដោយ៖ សស្អាត