ភ្នំពេញ ៖ ផ្លូវដែកថ្មីមួយខ្សែទៀត ដែលមានលក្ខណៈជាផ្លូវដែកអាស៊ាន មានប្រវែង២៦៤គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តតាកែវ កំពត និងខេត្តព្រះសីហនុ គ្រោងនឹង ផ្តើមសាងសង់នៅឆ្នាំក្រោយនេះ។ នេះបើតាមលោក ហ៊ូ ហ្សីនយី (Hu Zhenyi) នាយកក្រុមហ៊ុនស្ថាបនាផ្លូវដែក China Railway Construction Corporation Limited ហៅកាត់ថា(CRCC) ថ្លែងក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្រ្តី ញ៉ឹក ប៊ុនឆៃ កាលពីព្រឹកថ្ងៃទី១៦ តុលា ឆ្នាំ២០១៣ នេះ ឯទីស្តីការគណៈរដ្ឋមន្រ្តី។
លោក ហ៊ូ ហ្សីនយី នាយកក្រុមហ៊ុន CRCC ដែលជាក្រុមហ៊ុនមានបទពិសោធន៍ក្នុងការស្ថាបនាផ្លូវដែកនៅប្រទេសចិន និងប្រទេសមួយចំនួនក្នុងពិភពលោក ក៏ដូចជាអាស៊ាន បានមានប្រសាសន៍ថា នៅបន្ទាប់ពីក្រុមហ៊ុនលោកដាក់អ្នកជំនាញមកធ្វើការសិក្សា និងដោះស្រាយនូវបញ្ហាដែលអាចប៉ះពាល់រួចរាល់ហើយនោះ លោកគិតថានៅឆ្នាំក្រោយឆ្នាំ២០១៤ខាងមុខនេះ ផ្លូវដែកថ្មីដែលមានប្រវែង២៦៤គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ នឹងចាប់ផ្តើមការសាងសង់ហើយ ដែលផ្លូវដែកមួយខ្សែនេះ វានឹងក្លាយជាសមិទ្ធិផលថ្មីមួយទៀត នៃមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា និង ចិន ។
លោក ហ៊ូ បានលើកឡើងថា ការរីកចម្រើនរបស់ប្រទេសចិននាពេលបច្ចុប្បន្ននេះ គឺបានមកពីស្ថាបនាផ្លូវដែកដ៏ល្អ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជាផ្លូវថ្នល់ជាដើម។ ដូច្នេះលោកសង្ឃឹមថា ក្រោយពីការស្ថាបនាផ្លូវដែកថ្មីនេះរួចរាល់ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាអាចនឹងមានការរីកចម្រើនថែមមួយកម្រិតថែមទៀត។លោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ក្នុងនាមរាជរដ្ឋាភិបាល បានសម្តែងនូវការស្វាគមន៍ចំពោះក្រុមដ៏ធំរបស់ប្រទេសចិន ដែលមានគម្រោងសាងសង់ផ្លូវដែកថ្មីមួយទៀត នាពេលឆាប់ៗនេះ ក្រោមប្រាក់កម្ចីរបស់ធនាគារចិន។
លោកឧបនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា អ្នកជំនាញរបស់ចិនជាច្រើនរូប បានសហការជាមួយនឹងមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានធ្វើការសិក្សាស្រាវជ្រាវរួចរាល់ជាស្ថាពរហើយ រង់ចាំតែការអនុម័តពីរាជរដ្ឋាភិបាលទាំងពីតែប៉ុណ្ណោះ។ ផ្លូវដែក ដែលមានគម្រោងសាងសង់ថ្មីនោះ នឹងផ្តើមសាងសង់ទៅតាមមាត្រាដ្ឋានអាស៊ានដែលកំណត់យកទំហំតែមួយ អាចមានទំហំពី១ម៉ែត្រ២តឹក ទៅ១ម៉ែត្រ៤តឹក ដើម្បីអាចធ្វើចរាចរណ៍រួមគ្នាបានក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន។លោកឧបនាយករដ្ឋមន្រ្តីបន្តថា ផ្លូវដែក ដែលគ្រោងនឹងស្លាបនានេះ មិនមែនជាការកែលម្អឬជួសជុលនោះទេ គឺធ្វើផ្លូវដែកថ្មីតែម្តង ពីព្រោះថា នៅក្នុងតំបន់អាស៊ាន ផ្លូវដែកមានខ្នាតខុសៗគ្នា នៅប្រទេសយើង បើម៉ូដែលចាស់ គឺវា១ម៉ែត្រគត់ ហើយនៅប្រទេសគេមាន១ម៉ែត្រ២តឹក ១ម៉ែត្រ៤តឹក ។ ប៉ុន្តែនៅពេលនេះ អាស៊ានកំពុងតែពិភាក្សាគ្នា ដើម្បីកំណត់យកខ្នាតតែមួយ ពីព្រោះថា ក្រោយសមាហរណកម្មឆ្នាំ២០១៥ទៅ សហគមន៍អាស៊ាននឹងចេញចូលរកគ្នា ទាំងរថយន្ត ទាំងរថភ្លើង ដូច្នេះការសាងសង់នេះទាមទារឲ្យមានការឯកភាពគ្នាមួយ ដើម្បីកសាងសង់ផ្លូវរថភ្លើងដូចគ្នាសម្រួលការឆ្លងកាត់ទៅវិញទៅមកបាន។
សូមបញ្ជាក់ថា បើតាមគម្រោងរបស់រាជរដ្ឋាភិបាល សម្រាប់ការសមាហរណកម្មអាស៊ាននាឆ្នាំ២០១៥ខាងមុខនេះ កម្ពុជាគ្រោងនឹងស្ថាបនាផ្លូវដែកថ្មីចំនួន៣ខ្សែ បន្ថែមលើផ្លូវដែកបច្ចុប្បន្នដែលមានសភាពចាស់ទ្រុឌទ្រោម។ ក្នុងនោះ ផ្លូវដែកមួយខ្សែនឹងតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ, មួយខ្សែទៀតតភ្ជាប់ពីខេត្តកំពង់ធំទៅព្រះវិហារ និងពីព្រំប្រទល់ប្រទេសវៀតណាម មកកាន់ខេត្តក្រចេះ បន្តទៅកាន់ព្រំដែនប្រទេសឡាវ ៕ ដោយ៖ ស.ស្អាត