ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥តុលានេះ ជាគម្រប់មួយឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ។ ព្រះរាជពិធីបុណ្យខួបគម្រប់ ១ ឆ្នាំ នឹងធ្វើឡើង ក្នុងព្រះបរមរាជវាំង។ ពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ ត្រូវបានធ្វើឡើង នៅវិមាន តម្កល់ព្រះបរមរូប។ថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា រួមទាំងថ្នាក់ដឹកនាំជាតិសំខាន់ៗ និងថ្នាក់ដឹកនាំគណបក្សប្រឆាំង នឹងចូលរួមក្នុងព្រះរាជពិធីបុណ្យ ក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី១៥តុលានេះ។១៥តុលាឆ្នាំ ២០១២-១៥តុលាឆ្នាំ២០១៣ ថ្ងៃនេះ ជាគម្រប់ខួប ១ ឆ្នាំ នៃការយាងចូលទិវង្គត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ក្នុងព្រះជន្ម ៩០ ព្រះវស្សា។ នៅព្រឹកព្រលឹម ថ្ងៃទី១៥តុលានេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ នៅវិមានតម្កល់ព្រះបរមរូប ខាងកើតវិមានឯករាជ្យ។
ក្រសួង ស្ថាប័នរដ្ឋ ចំនួន ៤៣ ចូលរួមដាក់កូរោងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ចាប់ពីម៉ោង ៧ និង ១០ នាទីព្រឹក ថ្ងៃអង្គារ ទី១៥តុលានេះ ហើយនៅម៉ោង ៧ និង ៣០ នាទី សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈរដ្ឋមន្ត្រី ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ នៅវិមានតម្កល់ព្រះបរមរូប។ជាមួយគ្នានោះ គណបក្សសង្គ្រោះជាតិ ក៏បានធ្វើលិខិតទៅព្រះបរមរាជវាំង ដើម្បីស្នើសុំចូលរួមក្នុងព្រះរាជពិធីបង្សុកូលរម្លឹកព្រះ វិញ្ញាណក្ខន្ធ ថ្វាយព្រះបរមរតនកោដ្ឋ ដែលនឹងត្រូវរៀបចំ នៅក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃអង្គារនេះ។ បន្ទាប់ពីទទួលបានលិខិតនោះ ភ្លាមសម្តេចម៉ែ បានសព្វព្រះរាជហឫទ័យ ស្វាគមន៍ប្រតិភូគណបក្សសង្គ្រោះជាតិ។ដោយឡែកនៅតាមក្រសួងមន្ទីររដ្ឋ និងក្រុមហ៊ុនឯកជន ក៏ដាក់តាំងនូវព្រះឆាយាលក្ខណ៍ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅគម្រប់ខួប ១ ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះអង្គ។ រាជរដ្ឋាភិបាល បានកំណត់ថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ ដែលអនុញ្ញាតឲ្យបុគ្គលិករដ្ឋ និងក្រុមហ៊ុនឯកជន បានឈប់សម្រាកផងដែរ ៕ ដោយ៖ ស្រីផល