តាកែវ ៖ រមណីយដ្ឋានទន្លេបាទីស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណ៣០ គ.មពីភាគខាងត្បូងរាជធានី ភ្នំពេញ។ ក្រៅពីជាទីកម្សាន្តលើផ្ទៃទឹកកៀកនឹងរាជធានីទន្លេបាទីក៏ជាកន្លែងគោរពសក្ការៈមួយដ៏ពិសិដ្ឋ និងកន្លែងសម្រាប់កម្សាន្តនាចុងសប្តាហ៍សម្រាប់ប្រជាជននៅតំបន់នេះ ព្រោះនៅក្បែរនោះ មានប្រាសាទបុរាណពីរគឺប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅដែលបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ ទី១៣ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ។ អ្នកធ្វើដំណើរកម្សាន្តនឹងមិនភ្លេចចូល ទស្សនាប្រាសាទដែលជាកេរដំណែលដូនតាខ្មែរឡើយមុខនពេលគេធ្វើដំណើរទៅ កម្សាន្ត និងទទួលទានអាហារលើផ្ទៃទឹក។ ប្រាសាទតាព្រហ្មកសាងឡើងនៅសតវត្សរ៍ទី១២ដើមសតវត្សរ៍ទី១៣ (១១៨១- ១២០១)នៅក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧សម្រាប់ឧទ្ទិសដល់ ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាតាមរចនាប័ទ្មបាយ័នដែលមានបណ្តោយ៤២មទទឹង៣៦ម និងកម្ពស់១១ម។ បច្ចុប្បន្នតួប្រាសាទថែវកំពែងគោបុរៈគូទឹកព័ទ្ធជុំវិញប្រាសាទត្រូវ ទទួល រងនូវការខូតខាតយ៉ាងខ្លាំង។ ប្រាសាទនេះ កសាងឡើងអំពីថ្មភក់ និងថ្មបាយក្រៀមមានជញ្ជាំងខណ្ឌជាបន្ទប់ៗ។ ផ្នែកខាងក្រៅលម្អដោយចម្លាក់លៀនដែលបង្ហាញពីទេពអប្សរក្នុងរឿងទេវ កថារបស់ព្រហ្មញ្ញសាសនា។ ផ្នែកខាងក្នុងមាន៥បន្ទប់ដែលមានព្រះពុទ្ធរូបក្នុងសតវត្សរ៍ទី១៣ ពីរអង្គ បែរមុខទៅទិសខាងកើតនៅពីមុខរូបគ្រុឌ។
កសាងអំពីថ្មភក់ ដោយជ្រុងនីមួយៗ មានប្រវែង៧ម៉ែត្រ ប្រាសាទយាយពៅ គឺជាសំណង់ស្ថាបត្យកម្មខ្មែរនាសម័យអង្គរ គួរឲ្យចាប់អារម្មណ៍ជាពន់ពេក ទោះបីជាសព្វថ្ងៃនេះពុំទាន់បានទទួលនូវការជួស ជុលនៅឡើយក៏ដោយ។ ប្រាសាទនេះបែរ ទៅទិសខាងកើត ដោយមានអន្តរសាល មួយលយចេញមុខហើយស្ថិតនៅលើខឿនមួយមានកម្ពស់ប្រមាណជា១ម៉ែត្រ។ ក្បាច់ផ្តែរវិញ គេឃើញមានចម្លាក់តំណាងទេព ប្រណំឆ្លាក់ជា៣ជួរ ហើយក្នុងមួយៗមាន ទេពប្រណំចំនួន៩ លើកលែងតែនៅលើជួរ ទី១ មានទេពប្រណំតែ៨ អង្គុយអមសង ខាងព្រះពុទ្ធអង្គ។ខឿនប្រាសាទនេះ ដែលពីដើមហ៊ុមព័ទ្ធដោយបង្កាន់ដៃនាគសព្វថ្ងៃនេះកប់ក្នុងដី។ ផ្នែកខាងលើនៃប្រាសាទបានរលុះរលំធ្លាក់ចុះក្រោម ហើយបើគេពិនិត្យឲ្យបានច្បាស់ លាស់គេអាចសន្មត់ថា ប្រាសាទនេះពីដើម មានកម្ពស់ប្រមាណជា១៥ម៉ែត្រ តែសព្វថ្ងៃ នៅសល់កម្ពស់តែត្រឹម៨ម៉ែត្រ តែប៉ុណ្ណោះ ទេ។ ជាទឹកដីចាស់ បរិវេណនៃប្រាង្គប្រាសាទបានបន្សល់ទុកនូវស្លាកស្នាមវប្បធម៌នាសម័យ បុរេអង្គរមួយចំនួន ដូចជាខឿន ប្រាសាទ ជាសិលាចារឹក នាចុងស.វទី៦ ដើមស.វទី៧ ជាដើម ដែលគេមិនត្រូវមើល រំលង។ នៅក្បែរប្រាសាទ គេឃើញគំនរថ្ម ចម្លាក់ដូចជាដងខ្លួននៃបង្កាន់ដៃជាសត្វនាគ និងសមាសធាតុតុបតែងប្រាសាទ បាក់បែកខាងលើនេះ។ម្យ៉ាងវិញទៀត គេក៏បានឃើញនូវក្បាច់ផ្តែរមួយនៅខាងមុខ ដែលឧទ្ទិសចំពោះ ព្រះពុទ្ធសាសនាដោយមានវត្តមានរបស់ ចម្លាក់ពុទ្ធបដិមា មួយព្រះអង្គគង់ប្រថាប់នៅចំកណ្តាលនៃក្បាច់ផ្តែរ។ ទីនេះក៏ជាកន្លែងដ៏ស័ក្តិសិទ្ធិសម្រាប់អ្នកមានជំនឿ បួងសួងសុំសេចក្តីសុខចម្រើន ដែលគេតែងឃើញមានអ្នកចូលបន់ស្រន់មិនដែលដាច់ទាំងអ្នកនៅទីជិតនិងទីឆ្ងាយ។ ផ្ទៃបឹងលាតសន្ធឹងធំល្វឹងល្វើយមានតូបតូចធំប្រក់ស្បូវ និងស្លឹកត្នោតជាច្រើនសង់លើផ្ទៃទឹកគួរឲ្យចង់សម្រាកកម្សាន្ត។ អ្វីដែលអ្នកធ្វើដំណើរមិនភ្លេចគឺការទទួលទានអាហារស្រុកស្រែដ៏ មានឱជារសប្រចាំតំបន់មានដូចជាមាន់ដុត , ក្តាមបំពង, ក្តាមប្រៃ, កំពឹសលីង, ខ្យងស្ងោរ ជ្រលក់នឹងទឹកអំបិលក្រសាំង,ឃ្មុះអាំង,ជ្រក់អង្ក្រង, ប្រហុកខ្ចប់ ស្លឹករមៀតដុត និងអន្លក់ខ្ចី, ម្ជូរកូនត្រី, កកូរ ត្នោតជាដើម។
ក្រៅពីរសជាតិអាហារពិសេសៗនេះអ្នកកម្សាន្តមិនភ្លេចភ្លក់រសជាតិ ផ្លែឈើក្នុងតំបន់មានដូចជា ត្នោត, ខ្នុរ, ចេក, ឪឡឹក, ម្នាស់, ស្វាយថ្មីៗស្រស់ទើបនឹង បេះពីដើម។ អ្នកដែលបានទៅកម្សាន្តនៅតំបន់នោះក្រៅ ពីជួលតូបសម្រាកកម្សាន្ត វាក៏ជាកន្លែង ស្ទូចត្រីសម្រាប់ភ្ញៀវទេសចរ និងប្រជាជន ក្នុងតំបន់ផងដែរ ៕
ដោយ៖ ស.សស្អាត