ភ្នំពេញ៖ ជាក់ស្តែងនៅប្រទេសកម្ពុជា បាននឹងទទួលរងនូវឥទ្ធិពលទឹកជំនន់កំពុងបន្តបំផ្លិចបំផ្លាញខេត្តចំនួន១៥ ក្នុងចំណោមខេត្តទូទាំងប្រទេសរបស់កម្ពុជា និងប៉ះពាល់ធ្ងន់ធ្ងរទៅលើខេត្ត សៀមរាប ប៉ៃលិន បាត់ដំបង និងខេត្ត បន្ទាយមានជ័យ ហើយបានសម្លាប់ជីវិតមនុស្សចំនួន ៨៣ នាក់យ៉ាងដំណំបង្កឱ្យ មានការខូតខាតទៅលើផលដំណាំស្រូវជាច្រើនរយហិចតា,ទ្រព្យសម្បត្តិ,ហេដ្ឋារចនា សម្ព័ន្ធ,ផ្ទះសំបែង និងប្រព័ន្ធធារាសាស្ត្រផ្សេងៗនៅតាមបណ្តាខេត្ត/ក្រុងមួយចំនួន។
ទន្ទឹងនឹងនោះ នៅទីស្តីការក្រសួងព័ត៌មានបានរៀបចំវគ្គបណ្តុះបណ្តាលមួយស្តីពី «ការគ្រប់គ្រង និងការកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយធម្មជាតិ» ក្រោយវត្តមានរបស់លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងអង្គការ Action Aid ប្រចាំកម្ពុជា លោកស្រី ខារ៉ូឡាញ ម៉ាកខូសលែន ព្រមទាំងក្រុមសារព័ត៌មានពីបណ្តាស្ថាប័នផ្សព្វផ្សាយប្រមាណជា ៣១រូបទៀត។
លោកស្រី ខារ៉ូឡាញ ម៉ាកខូសលែន តំណាងអង្គការ Action Aid បន្តថា នេះលើកទី៣ហើយដែលអង្គការរបស់លោកស្រីបើកវគ្គបណ្តុះបណ្តាលជាមួយនឹងក្រុមអ្នកសារព័ត៌មានកម្ពុជាលើគ្រោះមហន្តរាយ។ ការកាត់បន្ថយ គ្រោះភ័យនៃគ្រោះមហន្តរាយ និងបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាសំខាន់ដែលបណ្តាលប្រទេស នៅក្នុងពិភពលោកកំពុងតែមានការព្រួយបារម្ភ។
លោកស្រីបានបន្ថែមថា ការកាត់បន្ថយគ្រោះភ័យនៃគ្រោះមហន្តរាយ គឺជារឿងសំខាន់ណាស់ក្នុងការជួយកាត់បន្ថយនូវភាពខូតខាត,ការបាត់បង់អាយុជីវិតរបស់ប្រជាជនដែលពួកគេកំពុង រស់នៅតាមតំបន់ដែលងាយរងគ្រោះ។ ជាទូទៅ រាល់ពេលដែលមានគ្រោះធម្មជាតិកើតឡើង គឺញឹកញាប់គេនៅមិនទាន់ឃើញមានការផ្សព្វផ្សាយពីកិច្ចការត្រៀមបង្ការទប់ស្តាត់។
លោក ខៀវ កាញ៉ារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានមានប្រសាសន៍ថា អ្នកសារព័ត៌មាន គឺជាអ្នកគោះជួងប្រកាសអាសន្នមុនគេបំផុត ក៏ដូចជាផ្តល់សម្លេងជូនដល់ប្រជាពលរដ្ឋបានដឹងជាសញ្ញាឲ្យរួចផុតពីគ្រោះភ័យយ៉ាងមានប្រសិទ្ធិភាព។លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្រសួងផ្សព្វផ្សាយនេះ ចាំបាច់ត្រូវតែបង្កើនសមត្ថភាពនិងជំរុញពួកគេឲ្យក្លាយជាអ្នកសារព័ត៌មានទ្វេទិស ក្នុងនោះអ្នកសារព័ត៌មានអាចពន្យល់អប់រំដល់ប្រជាពលរដ្ឋនៅមុនពេលកើត គ្រោះថ្នាក់ដោយគ្រោះមហន្តរាយ អំឡុងពេលនិងក្រោយពេល ដើម្បីឲ្យពួកគេបានត្រៀមលក្ខណៈជាមុខក្នុងសភាពការគេចផុតពីគ្រោះថ្នាក់នានា ដែលកើតឡើងជាយថាហេតុ។ ម្យ៉ាងវិញទៀតអ្នកសារព័ត៌មានទាំងនោះត្រូវតែបង្ហាញពីបញ្ហានានាដែលកើតឡើងចំពោះប្រជាពលរដ្ឋបញ្ជូនទៅកាន់អាជ្ញាធរ មានសមត្ថកិច្ចវិញ ដើម្បីចាត់វិធានការជួយដោះស្រាយចំពោះពួកគេ។
លោករដ្ឋមន្តរីបានបញ្ចាក់ថា សព្វថ្ងៃនេះ នៅពេលយើងមានគ្រោះមហន្តរាយមន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន ត្រូវប្រញ៉ាប់ប្រញ៉ាលរាយការណ៏ឬផ្តល់ដំណឹងឲ្យបានរហ័សដល់ចំណុចគោលដៅ ឲ្យបានទាន់ពេលវេលា ងាយស្រួលបងប្អូនប្រជាពលរដ្ឋឆាប់ជម្រៀលខ្លួន ឬរកកន្លែងទីទួលសុវត្ថិភាពបានទាន់សភាពការណ៏។គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ទឹកជំនន់បានសម្លាប់មនុស្ស ១០៤នាក់ហើយ ក្នុងរយៈពេលជាង១ខែនេះ។ ចំណែកមនុស្សជាង ១,៥លាននាក់ទៀត បានទទួលរងផលប៉ះពាល់ និងផ្ទះសម្បែងជាង ១២ម៉ឺនខ្នងត្រូវបានជន់លិច។ គ្រោះធម្មជាតិមួយនេះក៏បានបំផ្លាញដំណាំស្រូវចំនួន ២៥ម៉ឺនហិកតា។ ចំណែកឯសាលារៀន ៦៧០ កន្លែង និងវត្តអារាមចំនួន ៣៧០ ក៏ត្រូវបានលិចលង់ដែរ។ នេះបើយោងតាមតួលេខបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ៕
ដោយ៖ សេរី មករា