ភ្នំពេញ : ដើម្បីធានាសន្តិសុខសម្រាប់កិច្ចប្រជុំសភានៅថ្ងៃទី២នេះ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ ការបោះឆ្នោតបន្តពង្រឹងសណ្តាប់ធ្នាប់គ្រប់គោលដៅ សម្រាប់កិច្ចប្រជុំសភា ក្នុងការបោះឆ្នោតជាកញ្ចប់ជ្រើស រើសប្រធានសភា អនុប្រធានទី១ និងទី២។ មកដល់ថ្ងៃទី២នៃការបើកប្រជុំសភាអាណត្តិទី៥នេះផ្លូវនានាក្នុង
តំបន់ជុំវិញរដ្ឋសភានៅតែដាក់ប៉ារ៉ាស់បន្លាលួស និងកម្លាំងចម្រុះគ្រប់ច្រកល្ហកទាំងអស់។មហាវិថីធំៗ សម្រាប់ ធ្វើដំណើរឆ្លងកាត់ទៅកាន់វិមានរដ្ឋសភានៅលើកំណាត់ផ្លូវនរោត្តម បិទចាប់ពីខាងជើងវិមានឯករាជ្យកាច់ជ្រុង មជ្ឈមណ្ឌលវប្បធម៌រុស្សី មហាវិថីសីហនុ បិទត្រង់ចំណុចច្រមុះជ្រូកខាងលិចវិមានឯករាជ្យ។ ចំណែកផ្លូវជុំវិញ វិមានរដ្ឋសភា និងខាងមុខព្រះបរមរាជវាំងបិទទាំងស្រុកតែម្តង ។
ទន្ទឹមនឹងនេះ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានមួយ សូមមេត្តាយោគយល់និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋចំពោះការបិទផ្លូវចរាចរសាធារណៈមួយចំនួនជុំវិញរដ្ឋសភាជាតិដោយហេតុផលថា រក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់សម័យប្រជុំដំបូងរដ្ឋសភានីតិកាលទី៥ និងការធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់សមាជិករដ្ឋាភិបាលនៅចំពោះព្រះភក្តិព្រះករុណា ព្រះបរម នាថ នរោត្តម សីហមុនី។យ៉ាងណាក៏ដោយប្រជាពលរដ្ឋធ្វើដំណើរទៅវត្តកាន់បិណ្ឌ ឆ្លងកាត់តំបន់បិទផ្លូវនោះ បានរអ៊ូរទាំយ៉ាងខ្លាំង ព្រោះគាត់មិនអាចចូលទៅកាន់បិណ្ឌក្នុងវត្តបាន។កាលពីម្សិលមិញ សេចក្តីប្រកាសព័ត៌ មានរបស់គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានថ្លែងអំណរគុណចំពោះប្រជាពល រដ្ឋ ទូទាំងរាជធានីភ្នំពេញ ដែលបានចូលរួមសហការយ៉ាងសកម្ម ជាមួយអាជ្ញាធរ ក្រសួងសមត្ថកិច្ចក្នុងការក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គមបានល្អ។សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ការបិទផ្លូវនេះ នឹងបន្តទៅថ្ងៃស្អែកទៀតទុកពេលអោយសមាជិករដ្ឋសភាបោះឆ្នោតបង្កើតយន្តការរដ្ឋសភា និងការធ្វើសច្ចា ប្រណិធានចូលកាន់តំណែងតាមមុខនាទីរៀងៗខ្លួន ៕ ដោយៈ រតនា