ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក ម៉ៅ ថូរ៉ា បានថ្លែងនៅក្នុងពិធីតាំងបង្ហាញផលិតផលបន្លែ និងផ្លែឈើកម្ពុជាលើកទី៣ ឆ្នាំ២០១៣ នាព្រឹកថ្ងៃទី១១ ខែតុលានេះ មជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាទតកោះពេជ្រថា « កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១២ មានប្រមាណជាង ៧,៣% ហើយយើងមានសុទិដ្ឋិនិយមថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅដំណាច់ឆ្នាំ២០១៣ នឹងទទួលបាន ជាង៧%ទៀត»។
នោះជាការក្តីសង្ឃឹមទុករបស់មន្ត្រីជាន់ខ្ពស់រូបនេះក្រសួងពាណិជ្ជកម្មថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងប្រមាណជាង ៧% បើប្រៀបធៀបទៅនឹងស្ថានភាពជាក់ស្តែងនៃកំណើនសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០១២ កន្លងមកដែលទទួលបានប្រមាណជា៧,៣%នោះ។
ទន្ទឹមទៅនឹងកំណើនសេដ្ឋកិច្ចបែបនោះ អ្វីដែលគួរឲ្យកត់សម្គាល់ លោក ម៉ៅ ថូរ៉ា បានបញ្ជាក់ឱ្យដឹងថា វិស័យពាណិជ្ជកម្មកម្ពុជា កំពុងបានដើរតួនាទីដ៏សកម្ម ក្នុងការលើកស្ទួយជំរុញឲ្យមានកំណើនសេដ្ឋកិច្ច។ ជាក់ស្តែង យោងទៅតាមតួលេខនៃការនាំចេញ-នាំចូល មានកំណើនពីរខ្ទង់ នៅឆ្នាំ២០១១ គឺមានទឹកប្រាក់ចំនួន១២.៣១៣ លានដុល្លារ ដែលក្នុងនោះតួលេខទំនិញនាំចេញ មាន៥.៣៥០ លានដុល្លារ និងតួលេខនាំចូលមាន៦.៩៦៣ លានដុល្លារសហរដ្ឋអាមេរិក។
លោកម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះបន្តយ៉ាងក្តែងៗទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យពាណិជ្ជកម្ម ជាសរសរស្តម្ភដ៏មានសារៈសំខាន់ជាសារវន្តមួក្នុងការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ហើយក៏ជាមូលដ្ឋានគ្រឹះនៅក្នុងកម្មវិធីអភិវឌ្ឍន៍ប្រទេសរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ។
រំម្លឹកថា យោងទៅសកម្មភាពពាណិជកម្មកម្ពុជាឆ្នាំ២០១២ ឃើញថា មានកំណើនសេដ្ឋកិច្ចខ្ពស់ជាងបណ្តាឆ្នាំកន្លងមក ជាក់ស្តែង តួលេខពាណិជ្ជកម្មនាំចេញ-នាំចូល មានទឹកប្រាក់សរុបប្រមាណ ១៣.៦២៦ លានដុល្លារ គឺមានកំណើន ១០,៦ ភាគរយ ធៀបនឹងឆ្នាំ២០១១ ក្នុងនោះតួលេខនាំចេញមាន៥.៤៨៧លានដុល្លារ រីឯតួលេខនាំចូលមានប្រមាណ៨.១៣៩លានដុល្លារ៕ដោយ៖ ឈឹម មករា