កណ្តាល៖ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់នៅស្រុកកោះធំ ខេត្តកណ្ដាលនៅតែបន្តកើតមានក្នុងរដូវប្រកាសបើកឲ្យ នេសាទ។មន្ត្រីជលផលអះអាងថា មានការលំបាកក្នុងការបង្ក្រាបបទល្មើសនេសាទដោយសារការបែងចែកតំបន់គ្រប់គ្រងធ្វើអោយដែនសមត្ថកិច្ចបានកំណត់ព្រំដែន។
ករណីនេះបានជំរុញអោយអ្នកភូមិចុះចាប់បទ ល្មើសនេសាទដោយខ្លួនឯងជំនួសអស់លោកដែលស្ពឹកស្រពន់ដេកស៊ីតែប្រាក់ខែរដ្ឋ។ប្រជាពលរដ្ឋ ៣៥នាក់មកពីភូមិចំនួន២ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាលនាំគ្នាជិះទូកចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ក្នុងប្រឡាយលេខ១៨ ដោយមិនរង់ចាំអន្តរាគមន៍ពីអាជ្ញាធរសមត្ថកិច្ចឡើយ។តំណាងប្រជាពលរដ្ឋអ្នកភូមិកោះទៀវ និងភូមិព្រែកគង់ ប្រើទូក ៨គ្រឿង ចុះបង្ក្រាបលូស្បៃមុងដែលជាឧបករ ណ៍នេសាទខុសច្បាប់បំផ្លាញធនធានត្រីក្នុងប្រឡាយលេខ១៨។ នេះជាកណ្តាប់ដៃដែកពិតៗរបស់ប្រជា ពលរដ្ឋ ក្នុងការការពារមច្ឆជាតិ។
លូស្បៃមុង ឬសៃយ៉ឺនត្រូវជនចំណូលថ្មីមានវៀតណាម និងខ្មែរយកទៅដាក់រាយពេញប្រឡាយលេខ១៨ ចាប់យកត្រីទាំងយប់ទាំងថ្ងៃ។ប្រជាពលរដ្ឋច្រើនភូមិក្នុងឃុំសំពៅពូន មិនអាចប្រើសន្ទូច ទ្រូលប ដើម្បីចាប់ត្រីធ្វើជាអាហារបានទើបសម្រេចចុះបង្ក្រាបឧបករណ៍ខុសច្បាប់នោះដោយមិនចាំបាច់មានការសហការពីអាជ្ញាធរ និងមន្ត្រីជលផលឡើយ។អ្នកភូមិបានកាប់បំផ្លាញស្បៃមុងខុសច្បាប់នោះ បានប្រវែង៥ពាន់ម៉ែត្រនិងបន្តឃ្លាំមើលក្រែងមានអ្នកចូលដាក់ឧបករណ៍ថ្មីទៀតន្អាលនឹងចាប់ខ្លួនតែម្តង។
តំណាងប្រជាពលរដ្ឋភូមិព្រែកគង់អះអាងថា មន្ត្រីជលផលពិតជាបានដឹងថា មានបទល្មើសនោះប៉ុន្តែមិនបានចុះបង្ក្រាបឡើយ ទើបពលរដ្ឋចុះបង្ក្រាបខ្លួនឯង។ប្រជាពលរដ្ឋរស់នៅក្បែរទឹកគួរតែអាចចាប់ត្រីបានហូបនិងបានលក់ខ្លះដើម្បីមានប្រាក់ចំណូលជំនួសការធ្វើស្រែនៅរដូវទឹកលិច។ ប៉ុន្តែឡូត៍នេសាទនៅក្នុងស្រុកកោះធំចេះតែមានមន្ត្រីថ្នាក់លើលក់ឡូត៍នោះទៅឲ្យឈ្មួញវៀតណាមនិងចាំការពារផលប្រយោជន៍ឈ្មួញ។
មន្ត្រីជលផលស្រុកកោះធំ លោក សុខ សូជាតិ បានថ្លែងថា ឡូត៍នេសាទលេខ១៧ និងលេខ១៨ដែលពលរដ្ឋនៅស្រុកកោះធំ ចុះបង្ក្រាបបទល្មើសនេសាទនិងបំផ្លាញឧបករណ៍នេសាទខុសច្បាប់នោះស្ថិតក្នុងដែនគ្រប់គ្រងរបស់អាជ្ញាធរខេត្តតាកែវ។ លោកបន្តថាតាមច្បាប់ជលផល ជនណាដែលប្រើឧបករណ៍នេសាទខុសច្បាប់នឹងត្រូវជាប់ពន្ធនាគារពី ៥ឆ្នាំឡើងទៅនិងពិន័យជាប្រាក់ច្រើនលានរៀល។
ក្រុមប្រឹក្សាឃុំសំពៅពូនលោក កៃ ច្រាយ ប្រាប់ឱ្យដឹងថា អាជ្ញាធរបានឃើញឧបករណ៍នេសាទខុសច្បាប់ដាក់រាយពាសពេញតំបន់ឡូត៍។ ប៉ុន្តែឡូត៍នេសាទនោះ ពលរដ្ឋនៅតែមិនអាចចាប់ត្រីបានហូបឬបានលក់ឡើយ។ លោកសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយអន្តរាគមន៍បទល្មើសឃុបឃិតលក់ឡូត៍នេសាទនោះផង៕ ដោយ៖ មករា