ភ្នំពេញៈ អង្គការសុខភាពពិភពលោកចាប់ផ្តើមជំរុញឲ្យមន្រ្តីរាជការចំណុះឲ្យរាជធានីភ្នំពេញទាំងអស់ធ្វើជាគំរូបញ្ឈប់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅតាមកន្លែងធ្វើការ សំដៅធ្វើយ៉ាងណាកាត់បន្ថយការប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ ដោយទប់ស្កាត់កុំឱ្យអ្នកដែលមិនចេះប្រើប្រាស់ថ្នាំជក់ ទទួលរងនូវការស្រូបផ្សែងថ្នាំជក់ដ៏គ្រោះថ្នាក់ទាំងនោះពីគេ។
មន្រ្តីសាលារាជធានីភ្នំពេញ អាជ្ញាធរតាមខណ្ឌ/សង្កាត់ និងកងកម្លាំងសមត្ថកិច្ចរួមនឹងមន្ទីរ ជំនាញពាក់ពន្ធ័ទំាងអស់នាព្រឹកថ្ងៃទី២៥ ខែមីនា ត្រូវបានជំរុញឲ្យអនុវត្តបញ្ឈប់ការប្រើប្រាស់ ថ្នាំជក់នៅតាមកន្លែងធ្វើការរបស់ខ្លួន ដើម្បីធ្វើជាគំរូដ៏ល្អសម្រាប់ប្រជាពលរដ្ឋ នឹងធ្វើឲ្យរាជធានីភ្នំ ពេញឈានទៅជាទីក្រុងគ្មានផ្សែងបារី។
ការអប់រំនេះបានធ្វើឡើងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍សារាចរការហាមជក់ និងបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការនិងកន្លែងសាធារណៈក្រោមកិច្ចសហការរវាងសាលារាជធានីភ្នំពេញ និងអង្គការសុខភាពពិភពលោក WHO បន្ទាប់ពី ក្រសួងសុខាភិបាលបានប្រកាសណែនាំអនុវត្តវិធានការណ៍នេះតាំងពីដើមខែកុម្ភៈក្នុងឆ្នាំនេះមក។
តំណាងអង្គការសុខភាពពិភពលោក លោក ស្ទេវវិន អេនឌីត មានប្រសាសន៍ថា វិធានការណ៍នេះ ដោយមិនត្រឹមឲ្យមន្រ្តីទាំងនោះបញ្ឈប់ការជក់ឬបង្ហុយផ្សែងបារីប៉ុណ្ណោះទេ ថែមទាំងបិទសារអប់រំ នៅតាមការិយាល័យឬជុំវិញបរិវេណអគារដ្ឋបាលថែមទៀតផង ព្រោះវាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកដែលចង់ជក់ឲ្យឈប់ជក់ទៅវិញ ហើយប្រជាពលរដ្ឋដែលមកទទួលសេវានៅទីកន្លែងទាំងនោះក៏បានជ្រួតជ្រៀបពីបញ្ហានេះដែរ។
លោកបានបន្តថា មន្រ្តីរាជធានី ភ្នំពេញជាគោលដៅនៃការផ្សព្វផ្សាយយុទ្ធនាការនេះមុនដំបូងគេព្រោះនៅជិតនឹងប្រជាពលរដ្ឋផ្ទាល់ ហើយជាជំហានបន្ទាប់នឹងត្រូវផ្សព្វផ្សាយនៅតាមក្រសួងស្ថាប័នរដ្ឋផ្សេងៗទៀត ដើម្បីធ្វើឲ្យរាជធានី ភ្នំពេញក្លាយជាទីក្រុងគ្មានផ្សែងបារី។
លោកស្រី ម៉ក់ វណ្ណស៊ីថា អភិបាលរងរាជធានីភ្នំពេញ ក៏បានលើកឡើងថា ការជក់បារីពិតជានាំមកនូវការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរាងកាយ មិនចំពោះតែអ្នកប្រើប្រាស់នោះទេ សូម្បីតែអ្នកដែលបានស្រូបផ្សែងរបស់វាពីគេក៏រងគ្រោះដល់សុខភាពន់ធ្ងរផងដែរ។
លោកស្រីបានបញ្ជាក់ថាក្នុងនាមអាជ្ញាធរមូលដ្ឋាន នឹងអនុវត្តសារាចរហាមជក់នឹងបង្ហុយផ្សែងបារីនៅតាមកន្លែងធ្វើការនេះឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីឲ្យរួចចាក់ផុតពីការបំផ្លាញសុខភាព សេដ្ឋកិច្ច និងបរិស្ថាន។ គោលបំណងសំខាន់ ដើម្បីចូលរួមការពារសុខុមាលភាពប្រជាជន ការពារ និងទប់ស្កាត់ការរងផ្សែងផលិតផលថ្នាំជក់ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។
បើយោងតាមការស្រាវជ្រាវបានបង្ហាញថា ក្នុងមួយឆ្នាំៗមានប្រជាពលរដ្ឋកម្ពុជាជាង១ម៉ឺននាក់បានស្លាប់ដោយសារការប្រើប្រាស់ថ្នាក់ជក់ក្នុងនោះជាមធ្យមក្នុងមួយថ្ងៃមានរហូតដល់ជាង៣០នាក់ ដែលជាចំនួនមួយដ៏ខ្ពស់ជាងការស្លាប់ដោយសារជំងឺអេដស៏ និងគ្រោះថ្នាក់ចរាចរណ៍ទៅទៀត៕
ដោយ៖ ភីនរ៉ា