មេបញ្ជាការកងទ័ពជើងទឹកមួយរូបរបស់អាមេរិក ដែលមានដើមកំណើតខ្មែរ ត្រូវបានចាប់ខ្លួន កាលពីពេលថ្មីៗកន្លងទៅនេះ ជាមួយនឹង មន្ត្រីយោធាអាមេរិក មួយរូបទៀត ពាក់ព័ន្ធនឹងករណី អំពើពុករលួយដែលមានទំហំទឹកប្រាក់ រាប់សិបលានដុល្លារអាមេរិក។យោងតាមប្រភពព័ត៌មានពី CNN បានឲ្យដឹងថា មនុស្សចំនួន ៣ រូប ត្រូវបានចាប់ខ្លួន កាលពីដើមសប្តាហ៍ កន្លងទៅនេះ ដោយក្នុងនោះរួមមាន លោក Michael Vannak Khem Misiewicz ជាមេបញ្ជាការកងទ័ពជើងទឹកអាមេរិក ជាមួយនឹង លោក John Bertrand Beliveau II ជាភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មកងទ័ពជើងទឹកអាមេរិក និង លោក Leonard Glenn Francis ជានាយកប្រតិបត្តិ ក្រុមហ៊ុន Glenn Defense Marine Asia Ltd. ដែលមានទីតាំង ស្ថិតនៅប្រទេសសឹង្ហបុរី។
ក្នុងនោះ តាមព័ត៌មាន ដែលបានចេញផ្សាយ ដោយការិយាល័យមេធាវី របស់អាមេរិក បានឲ្យដឹងថា លោក Misiewicz វ័យ៤៦ឆ្នាំរូបនេះ បានប្រើប្រាស់តួនាទីរបស់ខ្លួនជាអនុប្រធានការិយាល័យ ប្រតិបត្តិការកងទ័ពជើងទឹកអាមេរិក ដើម្បីជួយរៀបចំកំណត់ពេលលវេលាឲ្យនាវាជើងទឹកអាមេរិកចូលមកចតនៅកំពង់ផែមួយកន្លែង ដែលមានក្រុមហ៊ុនរបស់លោក Francis ជាអ្នកទំនុកបំរុង និង ផ្តល់សេវាកម្មអោយ ដោយក្នុងនោះ មានដូចជា ការផ្តល់នាវាសណ្តោង ផ្តល់សេវាកម្មត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព ផ្តល់សេវាដឹកជញ្ជូន ផ្គត់ផ្គង់ស្បៀងនិងសម្ភារៈផ្សេងៗ ការចាក់ប្រេង និង សម្អាតនាវា។ យ៉ាងណាមិញ ជាការតបស្នង លោក Francis បានផ្គាប់ចិត្ត លោក Misiewicz ដោយបានចេញថ្លៃធ្វើដំណើរ និងថ្លៃស្នាក់នៅ ក្នុងសណ្ឋាគារទំនើបៗ ព្រមទាំងផ្តល់ សេវាបំរើផ្លូវភេទជូនដល់ លោក Misiewicz ថែមទៀតផង។មួយវិញទៀត លោក Misiewicz ដែលជាមេបញ្ជាការកងទ័ពជើងទឹកអាមេរិក មានដើមកំណើតខ្មែររូបនេះ ថែមទាំងបានផ្តល់នូវព័ត៌មានមួយចំនួន ដោយសង្ងាត់និងបិទជិតមិនអោយនរណាម្នាក់ដឹង ដល់លោក Francis ដែលជាពលរដ្ឋមួយរូប របស់ប្រទេសម៉ាឡេស៊ី ទៀតផង ដែលនេះ វាអាចបង្កអោយមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សុវត្ថិភាពជាតិ នៃសហរដ្ឋអាមេរិក បើតាមការលើកឡើង ពីការិយាល័យ មេធាវីរបស់ អាមេរិក។ ក្នុងនោះផងដែរ ក្រៅពីបណ្តឹង ដែលបានចោទប្រកាន់លោក Misiewicz លើរឿងក្តី ស៊ីសំណូក នោះ ក៏មាន បណ្តឹងមួយផ្សេងទៀត ចោទប្រកាន់ទៅលើ លោក Beliveau ដែលបានប្រព្រឹត្តអំពើ ពុករលួយ នេះផងដែរ ដោយលោក Beliveau បានចាត់ចែងរៀបចំ ឲ្យមានការ ធ្វើដំណើរកំសាន្ត មកកាន់ទីក្រុងបាងកក ប្រទេសថៃ តាមរយៈភ្នាក់ងារទេសចរ នៃក្រុមហ៊ុន របស់លោក Francis នេះ ហើយលោក Francis បានចេញថ្លៃចំណាយ និង ផ្តល់សេវាកម្ម ដល់លោក Beliveau ដូចគ្នាទៅនឹង លោក Misiewicz ផងដែរ៕ដោយ៖ ស.ស្អាត