ភ្នំពេញ៖ អង្គការកម្មវិធីអភវិឌ្ឍន៍ធនធានយុវជន(YRDP)ឬហៅថាក្រុមយុវជនដើម្បីសន្តិភាព នៅថ្ងៃសៅរ៍ទី២១ ខែកញ្ញា ឆ្នាំ២០១៣នេះ បានប្រមូលផ្តុំគ្នានៅសួនច្បារមាត់ទន្លេខាងជើងភោជនីយដ្ឋានទន្លេសាប ដើម្បីអបអរទិវាសន្តិភាពពិភពលោកនិងធ្វើធម្មយាត្រាតាមកាណូតឆ្ពោះទៅព្រះអង្គដងកាលមុខព្រះមរមរាជវាំដើម្បីប្រារពពិធីសមាធិសុំសន្តិភាពនៅក្នុងកម្ពុជា។ ប៉ុន្តែគម្រោងនេះត្រូវបានអាជ្ញាធររារាំងមិនឲ្យហែរតាមការណូតនោះបានសម្រេចទេ ខណៈក្រុមនេះបានឡើងលើកការណូតត្រៀមចេញដំណើរហើយនោះ។
បើទោះជាមិនមានមន្រ្តី ឬអាជ្ញាធរណាម្នាក់ចេញមកហាមមិនឲ្យធ្វើក៏ដោយ ប៉ុន្តែគេឮមន្រ្តីនគរបាលចរាចរម្នាក់មកហាមកាណូតមិនឲ្យចេញដំណើររង់ចាំស្តាប់បញ្ជាថ្នាក់លើសិន បន្ទាប់មកគេឃើញមានកាណូតមួយគ្រឿងដែលគេហៅឈ្មោះថា កាណូតអាបេសេថយខ្លួនផុតច្រាំទន្លេប្រហែលជាជាង៣០ម៉ែត្រ ក៏ត្រូវបានកម្លាំងនគរបាលជើងទឹកមានម៉ារីនតូវធំបីបួនគ្រឿងមករារាំងក្បួននេះនិងបញ្ជាឲ្យចូលមកច្រាំងវិញ ។
នៅវេលាម៉ោង ១០ និង១៥នាទីព្រឹកនោះគេឃើញក្រុមយុវជនព្រះសង្ឃ និងប្រជាពលរដ្ឋដែលមានមនុស្សចូលរួមប្រហែលជាង២០០នាក់បាននាំគ្នាចុះពីលើកាណូតហើយធ្វើដំណើរដោយថ្មើជើងឆ្ពោះទៅកាន់មុខព្រះបរមរាជវាំង (ព្រះអង្គដងកាល) ប៉ុន្តែក្បួននេះបានហែរមកដល់ត្រឹមខាងត្បូងរូបសំណាកតេជោមាសនិងតេជោយ៉ត ប្រហែល២០០ម៉ែត្រក៏ត្រូវអាជ្ញាធរដាក់បារ៉ាសដែក និងរបាសួសចំនួន៣សង្កាត់ទប់ស្កាត់មិនឲ្យហែរទៅមុខព្រះបរមរាជវាំង នៅពេលនោះគេឃើញវត្តមាន លោក ឃួង ស្រេង មកដល់តែលោកមិនបានមានវាចាអ្វីមួយម៉ាត់នោះទេ ក្រៅតែពីកម្លាំងសមត្ថកិច្ចត្រៀមកម្លាំងតែប៉ុណ្ណោះ។
បាតុភាពនេះបានផ្ទុះចលាចលមួយប្រាវរវាងនគរបាលអន្តរាគមម្នាក់ និងព្រះសង្ឃ ធ្វើឲ្យ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋមួយបាននាំគ្នាស្រែកឡូឡា ចង្អុរមុខមន្រ្តីនគរបាលរូបនោះថាជាទមិឡប្រមាថព្រះសង្ឃ ។ បន្ទាប់មកស្ថានភាពនោះបានស្ងប់ស្ងាត់ឡើងវិញ ខណៈដែល យុវជនម្នាក់ តំណាងក្រុមអង្គការ សង្គមស៊ីវិលដើម្បីសន្តិភាព បានប្រកាសពីជំហរនៃការសុំ សន្តិភាព ដោយសុំមិនឲ្យមានការប្រើប្រាស់ពាក្សសំដីដែលនាំឲ្យកើតមានហិង្សាទាំងកងកម្លាំង ព្រះសង្ឃ និងមហាជនដែលបានចូលរួម ព្រោះវត្ថុបំណងសំខាន់គឺចង់បានសន្តិភាព មិនចង់ឲ្យមានអំពើហិង្សាកើតឡើងនោះទេ ។ ក្រោយមកក្រុមសង្គមស៊ីវិលបានប្រកាសរំសាយកម្លាំងរបស់ខ្លួនត្រលប់ទៅកាន់ទីតាំងដើមវិញ ។ ក្រោយមកគេនៅឃើញមានប្រជាពលរដ្ឋមួយចំនួនតូចនៅឈរេរាខាងមុខបារ៉ាស និងរបាលួសនោះ អ្នកខ្លះប្រើពាក្សគ្រោតគ្រាតឌឺដងឌៀមដាមដាក់កម្លាំងសមត្ថកិច្ច តែមិនត្រូវបានតបតវិញពីសមត្ថកិច្ចនោះទេ។
សូមបញ្ជាក់ថា ពិធីនេះបានធ្វើឡើងក្នុងគោលបំណងសំខាន់ គឺដើម្បីអបអរដល់ទិវាសន្តិភាពពិភពលោក ដែលបានលើកយកប្រធានបទ មានចំណងជើងថា “ការអប់រំដើម្បីសន្តិភាព”។ ប្រធានបទនេះ ត្រូវបានកំណត់ដោយអង្គការសហប្រជាជាតិ ហើយពិធីនេះនឹងផ្តល់ឱកាស ឱ្យតំណាងសាសនានីមួយៗ លើកឡើងពីសន្តិភាព ដែលឈរលើតម្លៃសាសនានីមួយៗ។ នឹងផ្ញើព័ត៌មានដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីឱ្យយល់ដឹងថា ថ្ងៃនេះ ជាថ្ងៃសន្តិភាពពិភពលោក ដែលប្រជាពលរដ្ឋខ្មែរភាគច្រើនអត់បានដឹង។
ចំណែកនៅមុនពេលកើតមានចលាចលនោះ លោក ជាង សុផា បានលើកឡើងថា ទិវាសន្តិភាពពិភពលោក ដែលមានប្រធានបទ “ការអប់រំដើម្បីសន្តិភាព” ថ្ងៃនេះមិនមែនសំដៅលើសារនយោបាយនោះទេ។ ប៉ុន្តែការប្រឆាំងសន្តិភាព គឺអំពើហិង្សា មានលក្ខណៈច្រើនយ៉ាង ដែលតែងតែកើតឡើង ក្នុងប្រទេសនីមួយៗ។ អំពើហិង្សាមានទម្រង់ផ្អែកលើនយោបាយ អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាកើតចេញពីទំនាស់សេដ្ឋកិច្ច ដូច្នេះគ្រប់ទម្រង់នៃអំពើហិង្សានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការកសាងសន្តិភាព។
ជាមួយគ្នានោះ ក្រុមយុវជន ប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណប្រហែលជាង ២០០ អង្គ /នាក់ នោះក៏គ្រោងនឹងដើរហែជាក្បួនទៅកាន់ព្រះបរមរាជវាំង ដើម្បីទាមទារឲ្យព្រះមហាក្សត្រ ពិចារណាទៅលើការប្រជុំសភាលើកដំបូង នីតិកាលទី៥ នៅថ្ងៃទី២៣ ខែកញ្ញា ប៉ុន្តែត្រូវបានសមត្ថកិច្ចហាមឃាត់មិនឲ្យដើរហែជាក្បួនទេ៕
ដោយ៖ សស្អាត