ភ្នំពេញ៖ អ្វីដែលប្រជាជនកម្ពុជាទន្ទឹងរង់ចាំទស្សនានោះគឺពិព័រណ៍ចង្កៀងគោមខ្នាតធំដែលត្រូវបើកសម្ពោធជាផ្លូវការឲ្យប្រិយ៍មិត្តចូលទស្សនាកំសាន្តដោយសប្បាយរីករាយនិងបានស្វែងយល់ពីប្រពៃណីទំនាមទំលាប់របស់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ចិនប្រចាំឆ្នាំ២០១៣ចាប់បើកពីថ្ងៃនេះតទៅនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រក្នុងរាជធានីភ្នំពេញ។
ពិព័រណ៍ចង្កៀងគោមខ្នាតធំដែលត្រូវចំណាយថវិការជាង៨០ម៉ឺនដុល្លាអាមេរិកនិងត្រូវបង្ហាញខ្លួនបង្អួតសម្រស់ដ៏ស្រស់ត្រកាលចាប់ពីថ្ងៃទី១៩ខែកញ្ញារហូតដល់ថ្ងៃទី១៨ខែតុលាឆ្នាំ២០១៣ដោយក្រុមហ៊ុនខ្មែរហ្វឺសអ៊ិនវេសមេនហូឌីងគ្រុប(ខ្មែរហូឌីង)និងមានកិច្ចសហការរៀបចំនិងលើកទឹកចិត្តពីក្រសួងវប្បធម៌វិចិត្រសិល្បៈកម្ពុជាសាលារាជធានីភ្នំពេញនិងផ្តល់ការគាំទ្រពីម្ចាស់មជ្ឈមណ្ឌលពិព័រកោះពេជ្រក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីមប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកស្រីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។
ពិព័រណ៍ចង្កៀងគោមខ្នាតធំដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជានេះបានរៀបចំឡើងដើម្បីរឹតចំណងសាមគ្គីភាពមិត្តភាពនិងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនមួយវិញទៀតគឺអបអរខួបលើកទី៥៥ឆ្នាំនៃចំណងការទូតរវាងប្រទេសទាំងពីរដែលត្រូវបានប្រសិទ្ធិនាមថាជាឆ្នាំមិត្តភាពកម្ពុជា-ចិន។ពិព័រណ៍នេះក៏នឹងបង្ហាញឲ្យមនុស្សនៅលើពិភពលោកស្គាល់កាន់តែច្បាស់ពីព្រះរាជាណាចក្រកម្ពុជាដែលជាព្រះរាជាណាចក្រអច្ឆរិយៈនិងជាប្រទេសដ៏ចំណាស់មួយមានវប្បធម៌ទំនាមទម្លាប់ប្រពៃណីសិល្បៈច្បាស់លាស់និងមានសុខសន្តិភាពស្ថិរភាពនយោបាយយ៉ាងពេញលេញដែលធានាដល់ការវិនិយោគរបស់ធុរជនទាំងក្នុងនិងក្រៅប្រទេសលើផ្នែកកសិកម្មពាណិជ្ជកម្មនិងសេដ្ឋកិច្ចពិសេសទៅទៀតគឺចង់បង្ហាញដល់អ្នកទេសទាំងឡាយឲ្យមកទស្សនាប្រទេសដ៏ល្អផូរផងមួយនេះនៅក្នុងទ្វីបអាស៊ីអាគ្នេយ៍។
គួររំលឹកថាតាមទម្លាមទម្លាប់ជំនឿរបស់ប្រជាជនចិនគឺចង្កៀងគោមជាតំណាងនៃសេចក្តីសុខនិងភាពសប្បាយរីករាយរបស់ប្រជាជាតិមួយប៉ុន្តែសម្រាប់ពេលនេះចង្កៀងគោមដែលបានដាក់តាំងបង្ហាញនៅក្នុងប្រទេសកម្ពុជានេះគឺសំដៅលើការរឹតចំណងសាមគ្គីភាពមិត្តភាពនិងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសកម្ពុជានិងសាធារណរដ្ឋប្រជាមានិតចិនក៏ដូចជានាំមកនូវសេចក្តីសុខសប្បាយរីកចំរើនរុងរឿងលើគ្រប់វិស័យដល់ប្រជាជននៃប្រទេសទាំងពីរជានិច្ចនិរន្តរៀងទៅ។សូមជម្រាបថាសម្រាប់សំបុត្រចូលទស្សនាមានដាក់ចាប់ពីថ្ងៃបើកសម្ពោធនេះតទៅហើយតម្លៃសំបុត្រចូលទស្សនាមហាពិព័រណ៍ចង្កៀងគោមនេះមាន៖សម្រាប់ពេលថ្ងៃមានតម្លៃ៥ដុល្លារនិងពេលយប់មានតម្លៃ១៥ដុល្លារអាមេរិក៕
ដោយ៖សស្អាត