ភ្នំពេញ ៖ បើទោះបច្ចុប្បន្នប្រទេសកម្ពុជាកំពុងមានការរីកចម្រើននិងអភិវឌ្ឍស្ទើរគ្រប់វិស័យក៏ដោយ ក៏នៅមានកុមាររហូតទៅដល់៤០ភាគរយ នៅតែមានបញ្ហាកង្វះអាហារូបត្ថម្ភ។ អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជាបានលើឡើងដូច្នេះ ក្នុងពិធីបើកសម្ពោធយុទ្ធនាការ លើកកម្ពស់សុខភាពកុមារឥឡូវនេះ នៅឯសណ្ឋាគារ អាំងទែកុងទីណង់តាល់កាលពីព្រឹកថ្ងៃអង្គារទី១៧ ខែកញ្ញា២០១៣នេះ។លោកJason Evansនាយកអង្គការទស្សនពិភពលោកប្រចាំកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្នគេបានមើលឃើញអំពីវឌ្ឍនភាព គួរឲ្យកត់សម្គាល់របស់កម្ពុជា ។ ប៉ុន្តែដោយឡែកអត្រាកង្វះអាហារូបត្ថម្ភគឺនៅតែខ្ពស់នៅឡើយបើធៀបនឹងប្រទេសជិតខាង។លោកនាយកបន្តថា ជាញឹកញាប់អាហារូបត្ថម្ភត្រូវបានគេសម្គាល់ថា ជាបញ្ហាសម្រាប់វិស័យសុខាភិបាលតែមួយមុខគត់ តែជាក់ស្តែង ដើម្បីធ្វើឲ្យស្ថានភាពអាហារូបត្ថម្ភបានប្រសើរឡើង គឺចាំបាច់ត្រូវតែដោះស្រាយជាលក្ខណៈពហុវិស័យ ដូចជាការយកចិត្តទុកដាក់លើវិស័យទឹកស្អាត និងអនាម័យ វិស័យកសិកម្ម វិស័យអប់រំ ការថែទាំងសុខភាព វិស័យឯកជន រួមទាំងវិស័យផ្សេងៗទៀតនៅកម្ពុជា។លោកបញ្ជាក់ថា ការជួយរបស់រាជរដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ គឺពិតជាគន្លឹះដ៏សំខាន់ដើម្បីសម្រេចជោគជ័យលើការស្តារបញ្ហាអាហារូបត្ថម្ភកុមារនេះឲ្យកាន់តែប្រសើរ។ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានមានប្រសាសន៍ថា បញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់កុមារ គឺជាកង្វល់មួយរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំលើកស្ទួយកុមារឲ្យក្លាយទៅជាកម្លាំងដ៏មានប្រសិទ្ធភាពពិតៗ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិពេលអនាគត ដូចពាក្យបុរាណខ្មែរយើងពោលថា កុមារ គឺជាទំពាំងស្នងប្ញស្សី។
លោក យឹម ឆៃលី បន្តថា កម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍នានា ការយកចិត្តទុកដាក់ទៅលើកុមារ គឺជាប្រធានបទមួយដ៏ក្តៅគគុក ដើម្បីជម្រុញឲ្យមានការអភិវឌ្ឍន៍លើកុមារឲ្យបានច្រើន ។ បញ្ហានេះសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ជាច្រើនលើកហើយថា ការវិនិយោគលើកុមារនៅកម្ពុជា គឺជាការវិនិយោគពិតប្រាកដសម្រាប់កម្ពុជា ទាំងនៅពេលបច្ចុប្បន្ន និងអនាគត ក្នុងនោះកុមារទាំងអស់ត្រូវតែទទួលបានឱកាសសម្រាប់ការអភិវឌ្ឍន៍ និងដើម្បីភាពជោគជ័យ នៃអនាគតរបស់គេគ្រប់ៗគ្នា។លោកឧបនាយករដ្ឋមន្រ្តីបន្ថែមថា កិច្ចការនេះមិនមែនជាការទទួលខុសត្រូវរបស់ស្ថាប័នណាមួយនោះទេ វាជាអន្តរវិស័យ ដែលជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា និងមានក្រសួងស្ថាប័ននានាជាច្រើនត្រូវចូលរួមឆ្លើយតបទៅនឹង បញ្ហាកង្វះអាហារូបត្ថម្ភទៅលើកុមារ និង មាតានៅកម្ពុជា។សូមបញ្ជាក់ថា យុទ្ធនាការ«លើកកម្ពស់សុខភាពកុមារឥឡូវនេះ» គឺជាយុទ្ធនាការតស៊ូមតិសាធារណៈមួយដែលអំពាវនាវឲ្យប្រជាជនកម្ពុជាទាំងអស់រួមមានសាធារណៈជនទូទៅ យុវជន និងរាជរដ្ឋាភិបាល ធ្វើការគិតគូនិងពិនិត្យមើលឡើងវិញ នូវការលើកស្ទួយស្ថានភាពអាហារូបត្ថម្ភដល់កុមារនិងមាតា ឲ្យបានប្រសើរ ៕ ដោយ៖ ស.ស្អាត