ឧត្តរមានជ័យ៖ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ ប្រជាកសិករជាច្រើននាក់ បានធ្វើដំណើរទៅជីកដំឡូងក្នុងព្រៃ ត្រង់ចំណុចខាងជើងភូមិទន្លេរស ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ រួចបានប្រទះឃើញគ្រាប់ជាច្រើនប្រភេទដែលកប់ចោលក្នុងរណ្តៅចំនួន៤ ដែលជាគ្រាប់នៅសេសសល់ពីសម័យសង្រ្គាម។
លោកអធិការនគរបាលស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងនគរបាលស្រុក និងប៉ុស្ដិ៍ចុះទៅត្រួតពិនិត្យដល់កន្លែងកើតហេតុ ក៏ប្រទះឃើញគ្រាប់ចំនួន៥០១ប្រភេទ ដែលកប់នៅក្នុងរណ្តៅចំនួន៤ ខណៈនោះលោកបានរាយការណ៍ជូនអង្គភាពស៊ីម៉ាក់ខេត្ត ហើយក៏សម្រេចប្រគល់ជូនគ្រាប់ទាំងនោះ ទៅឲ្យអង្គភាពស៊ីម៉ាក (CMAC) ដើម្បីធ្វើការដុតកំទេចចោលផងដែរ។ លោកបញ្ជាក់ថា៖« ឥឡូវនេះអង្គភាពស៊ីម៉ាក (CMAC) បានធ្វើការត្រួតពិនិត្យនិងកំពុងរាវរកគ្រាប់មីនបន្ថែមទៀត ដើម្បីការពារសុវត្ថិភាពជូនប្រជាជន»។គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍នោះ អង្គភាពស៊ីម៉ាក បានប្រទះគ្រាប់ដែលកប់ទុកក្នុងរណ្ដៅចំនួន០៤ ដែលសរុបទាំងអស់ចំនួន៥០១គ្រាប់រួមមានៈ មីនផ្គរ៧៦គ្រាប់ , មីនស៊ីដធី៣១គ្រាប់ , មីនតោន១ គ្រាប់ , គ្រាប់ DK82 ចំនួន៤១ គ្រាប់ , គ្រាប់ 60mm ចំនួន១៤ គ្រាប់, ក្បាលគ្រាប់60 ចំនួន ០៧ ប្រអប់ , គ្រាប់បែកដៃចិន១គ្រាប់ , គ្រាប់ 120mm ចំនួន ១១គ្រាប់ , គ្រាប់ 82mm ចំនួន ១ គ្រាប់, គ្រាប់ 37mm ចំនួន៦គ្រាប់, គ្រាប់ 76mm ចំនួន១ គ្រាប់ , គ្រាប់ B40 ចំនួន ៤ គ្រាប់ និងគ្រាប់កាំភ្លើងយន្ត ចំនួន៣៥០គ្រាប់ ។ចំពោះគ្រាប់ខាងលើនេះមន្ត្រីអង្គភាពស៊ីម៉ាកបានបញ្ជាក់ថា គឺជាគ្រាប់ដែលបានកប់ចោលពីសម័យសង្គ្រាមមិនអាចប្រើប្រាស់បាន ដែលបច្ចុប្បន្នអង្គការស៊ីម៉ាក ( CMAC ) បានយកទៅអង្គភាពដើម្បីធ្វើការកំទេចចោល។ ដោយ ៖ អភិរក្ស