ភ្នំពេញ៖របាយការណ៍វឌ្ឍនភាពគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជាឆ្នាំ២០១៣បង្ហាញថាកម្ពុជានៅមានចំណុចសំខាន់ធំចំនួន២ដែលកំពុងមានការព្រួយបារម្មណ៍ក្នុងចំណោមចំណុចសំខាន់ទាំង៩និងអនុវត្តន៍មិនទាន់ឲ្យសម្រេចតាមដែនការគោលដៅអភិវឌ្ឍន៍សហស្សវត្សឆ្នាំ២០១៥ដែលកាន់តែខិតជិតមកដល់ហើយនោះ។
លោកថេងបញ្ញាធនអគ្គនាយកនៃអគ្គនាយកដ្ឋានផែនការក្រសួងផែនការបានឲ្យដឹងនៅក្នុងកិច្ចប្រជុំមួយដើម្បីពិនិត្យនិងកែសម្រួលសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនិងគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជាឆ្នាំ២០១៣កាលពីថ្ងៃទី៩កញ្ញាម្សិលមិញនេះនៅសណ្ឋាគារភ្នំពេញ។
លោកថេងបញ្ញាធនបានលើកឡើងថាថ្វីត្បិតតែកន្លងមកកម្ពុជាសម្រេចបាននូវគោលដៅជាច្រើនក្នុងចំណោមគោលដៅសំខាន់ៗទាំង៩ក៏ពិតមែនក៏ប៉ុន្តែយើងមានចំណុចធំៗចំនួន២ទៀតកំពុងតែមានការព្រួយបារម្មណ៍ ដែលត្រូវទាមទារពេលវេលាយូអង្វែងនិងជួបនូវបញ្ហាកង្វះថវិកាក្នុងការអនុវត្តន៍នោះគឺចំណុចទី៧ដែលទាក់ទងទៅនិងចីរភាពបរិស្ថាន(អនាម័យជនបទ)និងចំណុចទី៩ដែលទាក់ទងទៅនិងការបោសសំអាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងដីនៅក្រោយសង្រ្គាមរ៉ាំរ៉ៃដែលបានអូសបន្លាយជាច្រើនឆ្នាំនៅលើទឹកដីកម្ពុជាហើយមានផ្ទៃដីប្រមាណជាង៤០ភាគរយទៀតដែលត្រូវបោសសំអាតបន្ត។
លោកអគ្គនាយកបានលើកឡើងទៀតថារបាយការណ៍ឆ្នាំនេះមានលក្ខណៈពិសេសជាងឆ្នាំមុនៗដែលបានធ្វើឡើងជារួមប៉ុន្តែឆ្នាំនេះគឺយើងធ្វើវាឲ្យមានលក្ខណៈស៊ីជម្រៅហើយលទ្ធផលដែលសម្រេចបានទៀតសោតគឺវាព្រមគ្នាទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវបានពិនិត្យយ៉ាងល្អិតល្អន់។
លោកថេងបញ្ញាធនបញ្ជាក់ថា ឥឡូវនេះកម្ពុជាចាប់ផ្តើមពន្លឿនរបាយការណ៍អំពីវឌ្ឍនភាពនៅក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជាទាំង៩ក្នុងឆកនាំ២០១៣ដើម្បីត្រួតពិនិត្យពីផលវិជ្ជមាននិងផលអវិជ្ជមានសម្រាប់ឈានទៅសំរេចជោគជ័យតាមផែនការកំណត់នៅឆ្នាំ២០១៥។ជាមួយគ្នានេះក្រសួងផែនការសហការជាមួយអង្គការសហប្រជាជាតិនៃកម្មវិធីអភិវឌ្ឍន៍ យូអិនឌីភី(UNDP)បានពន្លឿនការធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃគោលដៅអភិវឌ្ឍសហវត្សរ៍កម្ពុជាឆ្នាំនេះឲ្យបានឆាប់ ដើម្បីបញ្ជូនទៅអង្គការសហប្រជាតិនៅសហរដ្ឋអាមេរិកក្នុងពេលខាងមុខនេះ។របាយការនេះមានសារៈសំខាន់ណាស់ដើម្បីឲ្យអង្គការសហប្រជាជាតិបានត្រួតពិនិត្យពីវឌ្ឍនភាពដែលសម្រេចបានកន្លងមករបស់កម្ពុជាពិសេសនៅក្នុងឆ្នាំ២០១៣នេះ។
លោកណាប៉ូលលេអ៊ុងណាវារ៉ូអគ្គនាយករងយូអិនឌីភីប្រចាំកម្ពុជាបានលើកឡើងថារបាយការណ៍នេះនឹងអាចទទួលយកបានព្រោះទន្និន័យជាច្រើនត្រូវបានប្រមូលពីគ្រប់មជ្ឈដ្ឋានទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិហើយកម្ពុជាជាប្រទេសគំរូមួយក្នុងចំណោមប្រទេសចំនួន៦ដែលសម្រេចបានគោលដៅអភិវឌ្ឍសហវត្សរ៍របស់ខ្លួន។ជាមួយគ្នានេះកម្ពុជាបានចាប់ផ្តើមអនុវត្តគោលដៅអភិវឌ្ឍសហវត្សរ៍របស់អង្គការសហប្រជាជាតិតាំងពីឆ្នាំ២០០៣មកម្ល៉េះហើយការរៀបចំធ្វើរបាយការណ៍គឺអនុវត្តដោយក្រសួងផែនការក្រោមការជួយគាំទ្រថវិកាពីអង្គការសហប្រជាជាតិប្រចាំសហរដ្ឋអាមេរិក។
លោកអ៊ូឱហាតរដ្ឋលេខាធិការក្រសួងផែនបានថ្លែងក្នុងឱកាសនោះថារបាយការណ៍ទំាងនេះនឹងត្រូវរៀបចំរួចរាល់នៅក្នុងអំឡុងសប្តាហ៍នេះបន្ទាប់មកនឹងមានការជួបប្រជុំផ្លូវការពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលដើម្បីសម្រេចនិងអនុមត័។ហើយការផលិតបាននូវរបាយការណ៍ទាំងនេះមានសារៈសំខាន់ណាស់ដែលបំរើឲ្យផលប្រយោជន៍នៃប្រទេសជាតិទាំងមូលព្រោះវាមានយន្តការនិងយុទ្ធសាស្រ្តជាច្រើនដើម្បីធ្វើឲ្យកម្ពុជាកាន់តែអភិវឌ្ឍឆ្ពោះទៅមុខនឹងធានាបាននូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាគោលដៅអភិវឌ្ឍសហវត្សទាំង៩នោះរួមមាន ទី១កាត់បន្ថយភាពក្រីក្រ និងការអត់ឃ្លាន ទី២សម្រេចឲ្យបានជាសាកលនៃការអប់រំ ទី៣លើកកម្ពស់សមភាពយេនឌ័រ និងអំណាចស្រ្តី ទី៤កាត់ បន្ថយអត្រាការស្លាប់របស់កុមារ ទី៥លើកកម្ពស់សុខភាពមាតា និងទារក ទី៦កាត់បន្ថយជម្ងឺអេដស៏ ជម្ងឺគ្រុនចាញ់ និងជម្ងឺផ្សេងៗទៀត ទី៧ចីរភាពបរិស្ថាន ទី៨អភិវឌ្ឍភាពជាដៃគូជាសាកលនិងទី៩កាត់បន្ថយអត្រាការស្លាប់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះព្រមទាំងការបោះសំអាតមីននៅក្នុងដី៕
ដោយ ៖ សស្អាត