ភ្នំពេញ៖អង្គសមាជវិសមញ្ញរបស់គណបក្ស ហ៊្វុន ស៊ិនប៉ិច នៅថ្ងៃស្អែកនេះនឹងមានសមាជិកចូលរួមចំនួន
៤០០០នាក់ មកពីគ្រប់ខេត្ត-ក្រុង ក្នុងនោះសមាជិកនៃអង្គសមាជនឹងលើកដៃគាំទ្រសម្តេចព្រះអនុជនរោត្តម អារុណរស្មី ជាបុត្រីពៅរបស់ព្រះមហាវីរៈក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ធ្វើជាប្រធានគណបក្ស ដើម្បីបន្ត
កេរ្តិ៍មរតករបស់ព្រះបិតា ។
លោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច ថ្លែងប្រាប់អ្នក សារព័ត៌មាននៅ
គេហដ្ឋានរបស់លោកនារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣នេះថា សមាជវិសាមញ្ញរបស់គណបក្សនឹង
ប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែមីនា នឹងកែទម្រង់លក្ខន្តិកៈបក្សមួយចំនួន ហើយនឹងលើក សម្តេចព្រះអនុជ
នរោត្តម អារុណរស្មីជាប្រធានបក្សមិនតែប៉ុណ្ណោះ អង្គសមាជក៏នឹងថ្លែងអំពីកិច្ចសហប្រតិបត្តិការរវាងគណ
បក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជាដែលជាដៃគូរក្នុងជួរាជរដ្ឋាភិបាល ផងដែរ។
លោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ បានបន្តថា យើងចង់បាន សម្តេចព្រះអនុជនរោត្តម អារុណរស្មី ធ្វើជា
ប្រធាន ព្រោះព្រះអង្គជា រាជបុត្រីពៅ របស់សម្តេចឪ សម្តេចតា ហើយគណបក្សហ៊្វុនស៊ិនប៉ិច សម្តេចព្រះ
នរោត្តម សីហនុជាអ្នកបង្កើតឡើង កាលថ្ងៃទី២១ មីនា ឆ្នាំ១៩៨១នឹងបានប្រម៉ែប្រមូលពីចលនាអ្នកស្នេហា
ជាតិទាំងអស់ដែលស្រលាញ់របបរាជានិយមរួបរួមគ្នា។ ធ្វើដូច្នេះយើងចង់បង្ហាញឲ្យសាធារណជនមើលឃើញថា សម្តេចរាជបុត្រី ព្រះអនុជនរោត្តម អារុណរស្មី ដើម្បីមកដឹកនាំដោយទទូលខុសត្រូវគណបក្សនេះ ដែលជាកេរ្តិ៍ ដំណែលរបស់ព្រះបិតា សម្តេចឱសម្តេចតា សម្តេចតាទួតនៃយើង។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ ក៏បានលើកឡើងទៀតថា គណបក្សហ៊្វុនស៊ិនប៉ិច មានគោលនយោបាយលើកកម្ពស់ស្ត្រីជាអ្នកដឹកនាំឲ្យ បានច្រើនជាងបក្សដទៃ ដូច្នេះការយាងសម្តេច អារុណរស្មី មកធ្វើជាប្រធាននេះក៏ចង់បញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច ពិតជាបានផ្តល់តម្លៃយ៉ាងពិត
ប្រាកដដល់ស្ត្រីធ្វើជាអ្នកដឹកនាំដូចបណ្តាប្រទេសនៅលើពិភពលោកទាំងមូលដែរ។
លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា បន្ទាប់ពីសម្តេច អារុណរស្មី ធ្វើជាប្រធានដឹកនាំគណបក្សហើយនោះ គណបក្សនេះនឹងមិនមានគម្រោងជ្រើសរើសបក្សទេ ប៉ុន្តែនឹង មានត្រឹមតែព្រឹទ្ធបុរស និង អគ្គលេខា
ធិការបក្សតែប៉ុណ្ណោះ។
លោកបានរំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាសាធា
រណៈថា គណបក្សប្រជាជននៅតែជ្រើសរើសគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ជាដៃគួររដ្ឋាភិបាលចម្រុះក្នុង
រាជរដ្ឋាភិបាលដដែលបើទោះបីណាគណបក្សមួយនេះនៅសល់តែមួយកៅអីក្នុងរដ្ឋសភាក៏ដោយ។
យ៉ាងណាក៏ដោយ លោកញឹក ប៊ុនឆៃ រំពឹងថា គណបក្សហ៊្វុនស៊ិនប៉ិចក្រោយពីច្របាច់បញ្ចូលគ្នានឹងទទូលបាន
ការគាំទ្រច្រើន ម៉្យាងពេលនេះយើងមានលក្ខន្តិកៈ និងគោល នយោបាយដែលមានលក្ខណៈបង្រួបបង្រួមជាតិ និងស្រលាញ់របបរាជានិយមនិងប្រជាជនពិតប្រាកដ៕
ដោយ៖ ស.ស្អាត