ភ្នំពេញ ៖ មហាបាតុកម្មដែលប្រជាជនទូទាំងប្រទេសមានការព្រួយបារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់កាលពីថ្ងៃទី២៨កក្កដាកន្លងមកនោះ។នៅព្រឹកនេះមហាបាតុកម្មបានចាប់ផ្តើមហើយនិងបានដំណើរទៅប្រកបដោយអហិង្សារលូនគ្មានបាតុភាពអ្វីគួរឲ្យកត់សម្គាល់នោះទេ។នៅព្រឹកនេះដែរគេឃើញមហាជនឬបាតុករបាននាំគ្នាមកជួបជុំគ្នាតាំងពីម៉ោង៧ព្រឹកមកម្ល៉េះរហូតដល់ម៉ោង៩ទើបលោកសមរង្សីប្រធានគណបក្សសង្រ្គោះជាតិឬជាមេបាតុករបានប្រកាសដំណើរការមហាបាតុកម្មដែលបានដាក់ឈ្មោះថាជាមហាបាតុកម្មអហិង្សាឬជាការស្មឹងស្មាតសមាធិបួងសួងសុំកុំឲ្យមានអំពើហិង្សានិងសុំឲ្យមានសន្តិភាពឬហៅម៉្យាងទៀតថាជាការទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជមួយដើម្បីដោះស្រាយបញ្ហានៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងនិតិការទី៥ឆ្នាំ២០១៣នៅកម្ពុជា។
នៅក្នុងមហាបាតុកម្មនេះគេសង្កេតឃើញមានការចូលរួមពីព្រះសង្ឃតិចតួចដែរក្រៅពីនោះមានប្រជាពលរដ្ឋកម្មករកម្មការនីរោងចក្រនិងអង្គការសង្គមស៊ីវិលមួយចំនួននៅក្នុងប្រទេសកម្ពុជា។ហើយមហាបាតុកម្មនេះត្រូវបានរំសាយជាបណ្តើៗបន្ទាប់សន្ទរកថាលោកកឹមសុខាអនុប្រធានគណបក្សសង្រ្គោះជាតិត្រូវបានបញ្ចប់នៅវេលាម៉ោងប្រហែលជា១០ព្រឹក។
ដោយឡែកលំនៅឋានប្រជាពលរដ្ឋកន្លែងលក់ដូរជាច្រើននៅជុំវិញបរិវេណទីលានប្រជាធិបតេយ្យដែលជាកន្លែង ប្រារពមហាបាតុកម្មនោះត្រូវបានបិទទ្វារ។ជាមួយគ្នានេះគេឃើញធនាគារមួយចំនួននៅតាមបណ្តោយមហាវិថីសហព័ន្ធរ៉ូស៊ីក្បែរៗនោះក៏បានបិទទ្វារជាបណ្តោះអាសន្នដែរនាព្រឹកនេះ។
មហាជនភាគច្រើនបានសម្តែងនូវការសប្បាយចិត្តចំពោះមហាបាតុកម្មដែលបានកើតឡើងនិងមានអ្នកចូលរួមប្រមាណជាជាង២ម៉ឺននាក់នោះបានប្រព្រឹត្តិទៅដោយរលូននិងគ្មានអំពើហិង្សាកើតឡើង។ពួកគាត់បានបង្ហាញពីទស្សនថាប្រទេសកម្ពុជាបានអនុវត្តយ៉ាងត្រឹមត្រូវនូវលទ្ធិប្រជាធិបតេយ្យដ៏ពេញលេញមួយដែលមិននឹកស្មានដល់និងបានបង្ហាញពីជំហរយល់ដឹងយ៉ាងល្អប្រសើររបស់ប្រជាជាតិមួយដែលមានវប្បធម៌អរិយធម៌ជំនឿសាសនានិងមានច្បាប់ក្រមកំពូលរបស់ខ្លួនយ៉ាងពិតប្រាកដពិសេសមើលឃើញពីឆន្ទៈជាតិនិយម៕
ដោយ ៖ សស្អាត