ភ្នំពេញ៖ កម្ពុជាបានផ្សព្វផ្សាយលេខកូដពិសេស«១២៩៣»សម្រាប់យុវវ័យកម្ពុជា ដែលមានចម្ងល់និងទទួលចម្លើយចូលរួមផ្ញើរសារជាអក្សរស្វែងយល់ពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ ស្នេហា ទំនាក់ទំនងការបង្ការមេរោគអេដស៍ ជំងឺអេដស៍ ជាមួយការរក្សាការសម្ងាត់ មិនមានការវិនិច្ឆ័យ និងប្រកបដោយវិជ្ជាវៈ(គម្រោងរៀនពីការរស់នៅក្នុងសង្គម)។
ក្នុងពិធីសម្ពោធប្រកាសឲ្យប្រើប្រាស់ជាផ្លូវការគម្រោងរៀនពីការរស់នៅ-កម្ពុជា នាចុងសប្តាហ៍ទី៤នេះ នៅសណ្ឋាគារអ៊ីនធ័រកុងទីណង់តាល់ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថ្លែងថា គម្រោងរៀនពីការរស់នៅ-កម្ពុជា តាមរយៈប្រព័ន្ធព័ត៌មានវិទ្យានេះ ជាគម្រោងមួយថ្មី វាជាការបំពេញបន្ថែមនូវវិធីសាស្ត្រ អប់រំបំណិនជីវិត ស្តីពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ រួមទាំងការបង្ការមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់យុវវ័យក្នុង និងក្រៅសាលារៀន ដែលក្រសួងអប់រំយុវជន និងកីឡា កំពុងតែអនុវត្ត។
វិធីសាស្ត្រនេះឆ្លើយតបទៅនឹងតម្រូវការរបស់យុវវ័យនាពេលបច្ចុប្បន្ន ដែលកំពុងពេញនិយមក្នុងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ធ្វើការទំនាក់ទំនងក្នុងជីវភាពប្រចាំថ្ងៃ។ កម្មវិធីនេះនឹងទាក់ទាញឲ្យយុវវ័យប្រកាន់ឥរិយាបថជាវិជ្ជមាន មានការទទួលខុសត្រូវខ្ពស់ មានទំនុកចិត្តលើខ្លួនឯង ធ្វើជាម្ចាស់ជីវិតរបស់ខ្លួន ក្នុងការស្វែងរកសេវាសមស្របទាក់ទងនឹងសុខភាពបន្តពូជ និងសុខភាពផ្លូវភេទត្រឹមត្រូវ និងសេវាជំនួយចាំបាច់នានា និងចេះដឹកនាំខ្លួនឯង ឈានទៅរកអនាគតដ៏ត្រចះត្រចង់ ព្រោះយុវវ័យនិងយុវជន ជាធនធានគន្លឹះ និងមានតម្លៃបំផុតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងការរក្សាសន្តិភាពទាំងបច្ចុប្បន្ន និងអនាគត។
លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានលើកឡើងថា គម្រោងនេះធ្វើឲ្យមានការចាប់អារម្មណ៍ ដោយសារគម្រោងនេះជាគម្រោងថ្មី ដែលត្រូវផ្សព្វផ្សាយឲ្យបានដឹង និងចូលរួមគ្រប់ៗគ្នា ដើម្បីឲ្យកូនចៅរបស់យើង ជាពិសេសយុវជនបានយល់ដឹងពីសុខភាពបន្តពូជ សុខភាពផ្លូវភេទតាមរយៈសារអេឡិចត្រូនិក ជាសំនួរចម្លើយ ទៅកាន់កម្មវិធីនេះ។
លោករដ្ឋលេខាធិការយល់ថា គម្រោងនេះអាចដំណើរការបានដោយរលូននៅថ្ងៃខាងមុខព្រោះថា អ្នកចូលរួមផ្ញើសារតាមគម្រោងនេះ មិនអស់លុយ និងមានភាពងាយស្រួល៕